ភ្នំពេញ ៖ អ្នករស់នៅច្បារអំពៅបាននិយាយតៗគ្នាថា គេសង្កេតឃើញមានក្រុមអាជីវករលក់សម្លៀកបំពាក់នាំយកមកលក់នៅផ្សារច្បារអំពៅមានតម្លៃថោក ហើយស្អាតជាងខោអាវជជុះ។
បងប្រុសសឿន សិត បាននិយាយថា នៅក្នុងសប្តាហ៍នេះគាត់បានឃើញក្រុមអាជីវករយកសម្លៀកបំពាក់មកលក់នៅក្នុងផ្សារច្បារអំពៅយ៉ាងច្រើន ហើយមានតម្លៃថោកជាងខោអាវជជុះ។
បងប្រុសបន្តថា ជិតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដូច្នេះបងប្អូនប្រជាពលរដ្ឋលោកបាននាំគ្នាមកផ្សារទិញសម្លៀកបំពាក់ទុកស្លៀកទៅវត្ត ហើយសម្លៀកបំពាក់មានតម្លៃថោកនិងស្អាតថែមទៀត។
មូលហេតុដែលបងប្រុសនិងអ្នកមកទិញថាស្អាតថោកនោះ គឺអាវដៃវែងសម្រាប់បុរសចំនួន២ថ្លៃតែ១៥០០០រៀលប៉ុណ្ណោះ។
ដោយឡែកអាជីវករដែលកំពុងលក់ខោអាវនេះបាននិយាយថាខោអាវនេះគាត់យកពីក្រុមហ៊ុនបោះដុំមកពីប្រទេសចិន កូរ៉េ។
ក្រុមអាជីវករនិយាយទៀតថា ខោអាវនេះសុទ្ធតែថ្មីៗហើយសាច់ក្រណាត់តេតារ៉ុងល្អជាងខោអាវជជុះទៀតផង។ អាវមួយបើលក់ក្នុងតម្លៃ២០០០០រៀលក៏មានអ្នកទិញដែរ ប៉ុន្តែក្រុមហ៊ុននាំចូលបង្ខំឲ្យលក់ចេញ ព្រោះប្រញាប់នាំចូលថែមទៀត។ ហើយបើសម្លៀកបំពាក់មានតម្លៃថោកបែបនេះគឺប្រជាពលរដ្ឋលោកត្រូវការណាស់។ ទីតាំងលក់ខោអាវនេះគឺស្ថិតនៅផ្សារច្បារអំពៅក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments