ភ្នំពេញ ៖ តារាចម្រៀងប្រុសលំដាប់ជួរមុខរបស់ផលិតកម្មថោនលោក ខេម ស្របពេលដែលទីផ្សារសិល្បៈក្នុងស្រុកមានសន្ទុះនៃការគាំទ្រនិងប្រជាប្រិយភាពឡើងវិញកាលពីថ្មីៗកន្លងមកនេះ លោកទើបក្តាប់បានឱកាសទីផ្សារចេញទៅច្រៀង និង សម្តែងនៅលើទឹកប្រទេសមហាអំណាចសហរដ្ឋអាមេរិកបង្កការសប្បាយរីករាយជូនបងប្អូនខ្មែរអាណិកជននៅទីនោះ បានរាំលេងសប្បាយ។
ការចេញទៅសហរដ្ឋអាមេរិករបស់តារាចម្រៀងសំឡេងស្អកលោក ខេម កាលនោះ ត្រូវបានគេកត់សម្គាល់ឃើញថា មិនត្រឹមតែទទួលបានការគាំទ្រនិងស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ទស្សនិកជនរស់នៅទីនោះទេ គឺថែមទាំងនាំមកនូវភាពជោគជ័យត្រឡប់មកស្រុកកំណើតវិញផងដែរ ខណៈទីផ្សារចម្រៀងក្នុងស្រុកបច្ចុប្បន្ន ក៏នៅតែរក្សានូវប្រជាប្រិយភាពដូចដើមផងនោះ។
ជាមួយគ្នានៃការវិលត្រឡប់មកដល់ស្រុកកំណើតមានរយៈពេលប្រហែលជាង១សប្តាហ៍នេះដែរតារាចម្រៀងលោក ខេម ជារឿយៗលោកតែងបញ្ចេញអារម្មណ៍រម្លឹកនឹកឃើញអនុស្សាវរីយ៍របស់ខ្លួនគ្រាស្នាក់នៅច្រៀង និងសម្តែងលើទឹកដីអាមេរិក។ មិនតែប៉ុណ្ណោះថ្មីៗនេះ លោក ខេម ក៏បានបង្ហោះសារភ្ជាប់ជាមួយវីដេអូនៃទេសភាពស្រុកគេ ដោយរម្លឹកផងដែរ គ្រាដែលខ្លួនមិនទាន់ក្លាយជាអ្នកចម្រៀង និងនៅមានវ័យកុមារភាពព្រោះតែបណ្តាំរបស់ស្ត្រីវ័យចំណាស់ម្នាក់។
តារាចម្រៀងលោក ខេម បានលើកឡើងរឿងអតីតកាលរបស់ខ្លួនថា ខ្ញុំនឹកឃើញកាលខ្ញុំនៅតូចមានអ៊ំស្រីម្នាក់ឈ្មោះ យីម អ៊ំស្រីគាត់ជាអ្នកឃ្វាលសត្វក្របីអោយគេមានពេលមួយគាត់បានចាប់ខ្ញុំកោសខ្យល់ ហើយខ្ញុំពិតជាឈឺណាស់ក៏រើជាខ្លាំង ស្រាប់តែគាត់ចាប់ចំជើងរបស់ខ្ញុំគាត់បានឃើញបាតជើងរបស់ខ្ញុំមានប្រជ្រុយបាតជើង ហើយគាត់បាននិយាយទៅកាន់ម្តាយខ្ញុំថាពេលវាធំឡើងវាជាកូនដើរឆ្ងាយជាងគេ។
លោក ខេម បាននិយាយបន្តទៀតថា ម្តាយខ្ញុំតបទៅវិញថាបើវាហ៊ានដើរលេងច្រើនគាត់នឹងវាយខ្ញុំ តែដល់ពេលនេះទើបម្តាយខ្ញុំនិងខ្ញុំយល់ពាក្យរបស់គាត់ គឺគាត់ចង់មានន័យថាខ្ញុំជាកូនមានសំណាងបានដើរទៅស្រុកច្រើនជាងគេក្នុងចំណោមបងប្អូនរបស់ខ្ញុំ។ តើអ្នកធ្លាប់អ្នកណាមកប្រាប់អញ្ចឹងដូចខ្ញុំទេ។
បន្ថែមពីលើនេះតារាចម្រៀងប្រុសលោក ខេម បានរៀបរាប់ថា ខ្ញុំពិតជាអរគុណម្តាយនិងឪពុកខ្ញុំណាស់ដែលបានផ្តល់កំណើតអោយខ្ញុំបានល្អប្រសើរទោះខ្ញុំកើតមកក្នុងគ្រួសារក្រីក្រក៏ដោយប្រសើរជាងកើតក្នុងត្រកូលអ្នកមានខ្លះកើតមកល្អ តែមិនចេះតស៊ូ ធ្វើអោយតែគេស្អប់។ បងប្អូនត្រូវតែតស៊ូឡើងដើម្បី ខ្លួនឯងនិងគ្រួសារអ្នក៕
Source: Kampuchea Thmey Daily
0 Comments