Ad Code

សមាគម​អ្នកបញ្ជា​មកពី​សហរដ្ឋអាមេរិក ប្រកាស​បន្ដ​ទិញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​របស់ កម្ពុជា​បន្តទៀត



ភ្នំពេញ ​៖ ក្រុមហ៊ុន​ដៃគូ សមាគម​អ្នក បញ្ជា​ទិញ និង​សមាគម​យុត្ដិធម៌​ការងារ​សហរដ្ឋអាមេរិក បាន​សន្យាថា​នឹង​បន្ដ​កិច្ច​សហប្រតិបត្តិការ​ជាមួយ កម្ពុជា​លើ​ការបញ្ជាទិញ​ទំនិញ ផលិតផល​សម្លៀកបំពាក់​និង​ស្បែកជើង ដើម្បី​នាំចេញ​ទៅកាន់​សហរដ្ឋ អាមេរិក និង​សហគមន៍​អឺរ៉ុប​ជា​បន្តទៀត​។

ការ​អះអាង​របស់​អ្នកបញ្ជា​ទិញ​របស់​សហរដ្ឋអាមេរិក​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត​អ៊ិត សំហេង រដ្ឋមន្ដ្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែតុលា​ ឆ្នាំ​២០១៨ ​នៅ​ទីស្តីការ​ក្រសួង​ការងារ​។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សមាគម​អ្នកបញ្ជា​ទិញ ដឹកនាំ​ដោយ​លោក Mechael Posner ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុត្ដិធម៌​ការងារ​សហរដ្ឋអាមេរិក លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ ថា ក្រុមហ៊ុន​ដៃគូ និង​សមាគម​អ្នកបញ្ជា​ទិញ​ទាំងអស់ ប្រកាស​នៅតែ​បន្ដ​គាំទ្រ​ដល់​កម្ពុជា ដើម្បី ធានា​ដល់​ការប្រកួតប្រជែង​របស់​កម្ពុជា​សម្រាប់​ការនាំចេញ​ទំនិញ និង​ផលិតផល​នាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​។



លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការ​ជួបពិភាក្សាគ្នា​នេះ​គឺ ដើម្បី​ពិនិត្យមើល​អំពី​វឌ្ឍន​ភាព​ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ ការរៀបចំ​ប្រាក់​ឈ្នួល យន្ដការ​ដោះស្រាយ​វិវាទ និង​ការ​អនុវត្ដ​ច្បាប់​សហជីព​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​រដ្ឋ​មន្ដ្រី​បានបញ្ជាក់​ទៀតថា ដៃគូ​អ្នកបញ្ជា​ទិញ​ចង់​ដឹង​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម​នានា ដែល​កម្ពុជា​បាន​និង​កំពុង​តែ​ជួបប្រទះ ដើម្បី​រួមគ្នា​ធ្វើយ៉ាងណា​ស្វែងរក​ដំណោះស្រាយ និង​ពង្រឹង កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ទៅ​មុខ​ទៀត​។

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា បញ្ហា​ប្រឈម​នានា​ដែល​បាន​កើតឡើង​នាពេល​បច្ចុប្បន្ននេះ ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៅក្នុង​ពិភពលោក នឹងមិន​ប៉ះពាល់​ដល់​កិច្ច សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ក្រុមហ៊ុន​ដៃគូ​បញ្ជា​ទិញ​ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​នាំ​ចេញទៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នោះទេ​។

​លោក Mechael Posner ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​យុត្ដិធម៌​ការងារ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា ការ​ជួបពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​នេះ គឺ​ដើម្បី​ចង់ដឹង​អំពី​ដំណើរការ និង​ការ​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្ដ​ន៍​លក្ខខណ្ឌ​ការងារ ការរៀបចំ​ប្រាក់​ឈ្នួល យន្ដការ​ដោះស្រាយ​វិវាទ និង​ការ​អនុវត្ដ​ច្បាប់​សហជីព ជាពិសេស​ការទទួលបាន​នូវ​ព័ត៌មាន​ដោយ ផ្ទាល់​ពី​ភាគី​រាជរដ្ឋាភិបាល​។

លោក​បាន​បន្ដថា ក្រុមហ៊ុន​ដៃគូ​ទាំងអស់ ប្រកាស​ធានា​ដល់​ការប្រកួតប្រជែង និង​ការបញ្ជាទិញ​ទំនិញ ផលិត​សម្លៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា​បន្ដទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu