ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ បានបើកវេទិកាសំណេះសំណាលរវាងតំណាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជនលើប្រធានបទ “ការអភិវឌ្ឍថ្មីៗ ជុំវិញការអនុវត្តកាតព្វកិច្ចក្រោមច្បាប់ស្តីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា”នៅសណ្ឋាគារ តារាអ៊ែរផត ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបណ្ឌិតរដ្ឋមន្ត្រីបានមានប្រសាសន៍ថា វេទិកាដ៏មានសារៈសំខាន់នេះធ្វើឡើងដើម្បីផ្តល់ឱកាសដល់គ្រប់សហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តច្បាប់ស្តីពីការងារ ឲ្យយល់កាន់តែច្បាស់អំពីការវិវឌ្ឍនានានៅក្នុងវិស័យការងារ ជាពិសេសត្រៀមខ្លួនក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាជិករបស់ CAMFEBA ទាំងអស់ដែលតែងតែបានយកចិត្តទុកដាក់សិក្សាស្វែងយល់ និងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យការងារនាពេលកន្លងមកដែលសកម្ម ភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតនៅកម្ពុជា ដែលជាសក្ខីភាពនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកបណ្ឌិត អ៊ិត សំហេង បានបន្តថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយណាស់ចំពោះអង្គពិធីនាពេលនេះ ដែលជាសក្ខីភាពនៃសារសំខាន់ក្នុងការបើកឲ្យមានកិច្ចសន្ទនាសង្គមជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។ ខ្ញុំចាត់ទុកថា នេះជាវេទិកាមួយដែលវិស័យឯកជនអាចបន្តសិក្សាស្វែងយល់អំពីវឌ្ឍនភាពនានានៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកាន់តែទូលំទូលាយ»។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានបន្ថែមទៀតថា វាក៏ជាឱកាសមួយ ដែលវិស័យឯកជនអាចជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយតំណាងរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា នាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាផលប្រយោជន៍រួមទាំងអស់គ្នា។
លោករដ្ឋមន្ត្រីបានស្នើឲ្យសមាជិកសមាជិកាទាំងអស់ចូលរួមសិក្សាស្វែងយល់ និងជជែកពិភាក្សាឲ្យបានផុសផុលក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយក្នុងការធានាបានលក្ខខណ្ឌការងារល្អប្រសើរ ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ បរិយាកាសវិនិយោគប្រកប ដោយភាពទាក់ទាញ ក៏ដូចជាការចូលរួមបន្តអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀតប្រកបដោយចីរភាព។
ជាមួយគ្នានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រីបានស្នើសុំការបន្តសហការឲ្យកាន់តែជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តសម្រេចបាននូវការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមា ក៏ដូចជាអនុសញ្ញាអន្តរជាតិខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ការពង្រឹងប្រព័ន្ធនិងយន្តការអធិការកិច្ចការងារតែមួយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព។
ការពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងបង្កើនប្រសិទ្ធភាពវិធានការការពារទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទដោយសន្តិវិធីនិងស្របតាមនីតិវិធីច្បាប់ជាធរមាន ដោយទប់ស្កាត់ឲ្យបានដាច់ខាតនូវការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រើអំពើហិង្សាដែលបណ្តាលឱ្យបាត់បង់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធរួមទាំងសង្គមជាតិ។ការពង្រឹងពង្រីកសេរីភាពសហជីព អង្គការវិជ្ជាជីវៈ និងទប់ស្កាត់ការរើសអើងចំពោះ សហជីព ទប់ស្កាត់ការអនុវត្តសកម្មភាពខុសច្បាប់របស់សហជីព ដែលមិនបម្រើផលប្រយោជន៍រួម និងពិតប្រាកដរបស់កម្មករនិយោជិត។
ការពង្រឹងឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពការងារ ជាពិសេស យកចិត្តទុកដាក់លើបរិស្ថាន អនាម័យ អាហារូបត្ថម្ភ សេវាការពារពិនិត្យសុខភាព និងការទប់ស្កាត់ជំងឺឆ្លង សុវត្ថិភាពអគ្គីភ័យ និងសំណង់ ព្រមទាំងទប់ស្កាត់ការធ្វើការបន្ថែមម៉ោងលើសច្បាប់កំណត់ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករនិយោជិត ដោយអនុវត្តនូវទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” និងជំរុញយុទ្ធនាការគ្រោះថ្នាក់ការងារកម្រិតសូន្យ។
ការកំណត់ប្រាក់ឈ្នួលអប្បបរមា ដោយប្រើប្រាស់តាមយន្តការដែលបានឯកភាព និងកំណត់នៅក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ការពង្រឹងប្រសិទ្ធភាពនៃយន្តការគ្រប់គ្រងពលករបរទេសនៅកម្ពុជា និងផ្តល់សេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជានៅបរទេស ព្រមទាំងទប់ស្កាត់ការធ្វើ ចំណាកស្រុកដោយខុសច្បាប់ទាំងប្រថុយប្រថានដោយចាត់វិធានការម៉ឺងម៉ាត់ចំពោះជនជាមេខ្យល់ ដែលប្រើឧបាយកលអូសទាញ ឬបោកបញ្ឆោតប្រជាពលរដ្ឋ។
ការអនុវត្តឱ្យបានជោគជ័យនូវទិសដៅអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការ លើកកម្ពស់វិស័យអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោះស្រាយឱ្យបានល្អនូវតម្រូវការនៃទីផ្សារការងារក្នុងប្រទេសនិងការអនុវត្តរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតទូទៅប្រកបដោយប្រសិទ្ធភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments