ភ្នំពេញ ៖ តារាសម្តែងស្រីចង្កាស្រួចលេចវត្តមានស្ទើរគ្រប់សាច់រឿងអ្នកនាង នៅ ណាវីន ខណៈដែលបច្ចុប្បន្ននាងកំពុងតែធ្លាក់ខ្លួនឈឺបញ្ហាជំងឺក្រលៀនធ្ងន់ធ្ងរ និងកំពុងសម្រាកនៅលើគ្រែពេទ្យដោយក្នុងដៃមានបន្តោកសេរ៉ូមផងនោះ ក៏បានលើកម្រាមដៃសំពះអំពាវនាវសុំការជួយសង្គ្រោះពីសំណាក់សប្បុរសជនដើម្បីមានលទ្ធភាពវះកាត់ដូរក្រលៀនបន្តជីវិត។
អ្នកនាង នៅ ណាវីនបានធ្លាក់ខ្លួនឈឺមានរយៈពេលប្រមាណ២ខែមកហើយ ប៉ុន្តែបន្ទាប់ពីធ្វើការព្យាបាលនៅមន្ទីរពេទ្យស្រុកខ្មែរ និងថៃហើយនោះ ស្ថានភាពជំងឺរបស់នាងនៅតែមិនមានសភាពធូរស្បើយដូចដើមនោះទេ។ មិនតែប៉ុណ្ណោះអ្នកនាង នៅ ណាវីន ក៏ត្រូវបានក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យស្រុកខ្មែរនិងប្រទេសថៃប្រាប់ឲ្យនាងចេញទៅវះកាត់ដូរក្រលៀននៅឯប្រទេសឥណ្ឌាទៀតផង។
បើតាមការទម្លាយឲ្យដឹងពីសំណាក់តារាសម្តែងស្រីដែលត្រូវជាមិត្តភក្តិស្និទ្ធស្នាលជាមួយគ្នាគឺអ្នកនាង សុខ ស្រីម៉ុច បាននិយាយថា អ្នកនាង នៅ ណាវីន មានបញ្ហាគ្រោះថ្នាក់ខូចក្រលៀនមួយរយៈមកហើយ ប៉ុន្តែនាពេលកន្លងមកអ្នកនាងនិងគ្រួសារ បានប្រឹងប្រែងព្យាបាល ទើបអាចបន្តការងារសិល្បៈ និងការងារផ្ទាល់ខ្លួន ដោយមិនមានអ្នកណាចាប់អារម្មណ៍ថាអ្នកនាងមានជំងឺខូចក្រលៀននេះឡើយ។
ប្រភពដដែលនេះបានបញ្ជាក់ទៀតថា អ្នកនាង នៅ ណាវីន កន្លងមកធ្លាប់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងប្រទេសថៃមួយរយៈមកហើយ តែអំឡុងពេលនោះគឺខាងមន្ទីរពេទ្យក៏បានជំរុញឲ្យបញ្ជូនអ្នកនាងនៅ ណាវីន ទៅធ្វើការវះកាត់ដូរក្រលៀននៅក្នុងប្រទេសឥណ្ឌាអោយបានឆាប់ ប៉ុន្តែគ្រួសារនាងពុំមានលទ្ធភាពនោះឡើងព្រោះការចេញទៅដូរក្រលៀននៅប្រទេសឥណ្ឌាត្រូវចំណាយរហូត៥ម៉ឺនដុល្លារឯណោះ។
កញ្ញា សុខ ស្រីម៉ុចបានបន្ថែមថា បច្ចុប្បន្នសភាពជំងឺអ្នកនាង នៅ ណាវីន គឺកាន់តែធ្ងន់ធ្ងរ ហើយសម្រាប់ការវះកាត់ដូរក្រលៀនរបស់អ្នកនាង ណាវីន គឺត្រូវការចំណាយរហូតដល់ខ្ទង់៥ម៉ឺនដុល្លារ។ខណៈដែលអ្នកនាង នៅ ណាវីនសព្វថ្ងៃមានលុយត្រឹមតែប្រមាណជាង១ម៉ឺនដុល្លារ នេះរាប់បញ្ចូលទាំងការលក់ទ្រព្យផ្ទាល់ខ្លួន។ដូច្នេះទើបអ្នកនាង នៅ ណាវីន បានធ្វើការអំពាវនាវស្នើសុំការជួយសង្គ្រោះជីវិតពីសប្បុរសជន៕
Source: Kampuchea Thmey Daily
0 Comments