Ad Code

គ្រោះថ្នាក់​ញឹកញាប់​នៅ​កន្លែង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​កន្លែង​ដដែល​ស្ថិត​ត្រង់​ស្តុប​ខាងមុខ​ក្តាន់​ពីរ



ភ្នំពេញ​ ៖ ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មួយកន្លែង​នៅ​ចំណុច​ភ្លើង​ស្តុប​ខាងមុខ​ក្តាន់​ពីរ​នៅ​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​កែង​ផ្លូវ​R៦​ ត្រូវ​បាន​អ្នក​រស់​នៅ​ជិតខាង​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​ ជា​កន្លែង​ជើងកប​ទៅ​ហើយ​ដែល​កន្លែង​ក្បាល​នាគ​នោះ ​តែងតែមាន​អ្នកដំណើរ​ទាំង​ម៉ូតូ​និង​រថយន្ត​បើក​មក​បុក​មិន​លោះ​យប់​ឡើយ​ ដោយមាន​ទាំង​អ្នក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ច្រើន​នាក់ ​រួម​ទាំង​មាន​អ្នក​បាត់បង់​ជីវិត​ទៀតផង​។

ជាក់ស្តែង​ករណី​គ្រោះថ្នាក់​២​លើក​ទៀត​ បាន​ឡើង​បន្តបន្ទាប់​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់​និង​ស្រាល​ដែល​ទី​១​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៣​ ខែតុលា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ក្បាល​នាគ​ត្រង់​ភ្លើង​ស្តុប​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​កែង​ផ្លូវ​R៦​ ស្ថិត​ខាងមុខផ្ទះ​លេខ​២២១​បេ ​ក្នុង​៣​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ​ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR-6402 ដែល​បើក​ពី​កើ​តទៅ​លិច​លុះដល់​ចំណុច​កើតហេតុ​ក៏​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​កង់​ និង ​ខូច​រថយន្ត​ផ្នែក​ខាងមុខ​អស់​តែ​ម្តង​។ និង​ករណី​បុក​មួយ​ករណី​ទៀត​ កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ដដែល​នៅ​ចំណុច​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​កន្លែង​ដដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2X-4569 បណ្តាល​ឲ្យ​អ្នក​អង្គុយ​ក្រោយ​របួសធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​និង​រថយន្ត​ខូចខាត​ធ្ងន់ធ្ងរ​ដូចគ្នា​ត្រូវ​បាន​បញ្ជូនទៅ​សង្គ្រោះ​ផងដែរ​។



គួរ​រំលឹក​ថា​ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​កន្លែង​ដដែល​នោះ​គឺ​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារតែ​គាត់​បើក​ម៉ូតូ​បោះពួយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ហើយក៏​ស្រាប់តែ​ប៉ុន្មាន​នាទី​ក្រោយ​បន្តិច​ក៏​មាន​រថយន្ត​សាំង​យ៉ុង​មួយ​គ្រឿង​ទៀត​ដែល​បើក​ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា​ក៏​មក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​កន្លែង​ដដែល​នោះ​បណ្តាល​ឲ្យ​តៃកុង​របួសធ្ងន់​និង​អ្នក​រួម​ដំណើរ​ជាមួយ​របួសស្រាល​ផងដែរ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​កន្លែង​ដដែល​នោះ​បាន​កើតឡើង​ផ្ទួនៗ​២​លើក​ បណ្តាល​ឲ្យ​ស្លាប់​និង​របួស​នោះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៣៥​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​០៣​ ខែតុលា​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ស្តុប​ក្តាន់​ពីរ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា ​ករណី​ទី​១ មាន​បុរស​ម្នាក់ ឈ្មោះ​រស់ សុធា គាត់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​BeaT​ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ​1GS-1821​ បើកបរ​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុច​កើតហេតុ​ខាង​បាន​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ដឹក​យក​សង្គ្រោះ​ភ្លាមៗ​តែ​ដោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ពេក​ត្រូវ​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​មក​កន្លែង​កើតហេតុ​វិញ​។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា​ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នោះ​ហើយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែង​កើតហេតុ​កំពុងតែ​វាស់វែង​នោះ​ក៏​ស្រាប់​តែ​មាន​រថយន្ត​សាំង​យ៉ុង​ពណ៌​ស​មួយ​គ្រឿង​ទៀត​ ដឹក​គ្រឿង​សង្ហា​រឹម​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2P-9490 ​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​និង​ស្ត្រី​ម្នាក់ទៀត​ទិសដៅ​ពី​កើ​តទៅ​លិច​ដូចគ្នា​ក៏បាន​ជ្រុល​ល ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​កន្លែង​ដដែល​នោះ​ពេញទំហឹង​បណ្តាល​ឲ្យ អ្នកបើកបរ​រថយន្ត​រូប​នោះ​ត្រូវ​រង​របួស​ធ្ងន់​ចំណែក​ស្ត្រី​រួម​ដំណើរ​ជាមួយ​រងរបួស​ស្រាល​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ ចំណែក​ក្បាល​នាគ​ពុះ​ចែក​ទ្រូ​វ​ផ្លូវ​វិញ​បាក់​អស់​១​កង់​និង​ខ្ទាត​ចេញពី​ជួរ​អស់​មួយ​ផ្ទាំង​និង​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​និង​ហូរ​ប្រេង​ម៉ា​ស៊ី​ន​ពេញ​ផ្លូវ​ទៅមុខ​លេច​រួច​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ។ ដោយឡែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ជំនាញ​បានសម្រេច​ដឹកយក​ទៅ​តម្កល់​ទៅ​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​សាច់​ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ។

​ក្នុងករណី​គ្រោះថ្នាក់​ច្រើន​លើក​នៅ​កន្លែង​ដដែល​នោះដែរ​ប្រពល​រដ្ឋ​អ្នកដំណើរ​ក៏ដូចជា​អ្នករស់នៅ​ជិតខាង​កន្លែងកើតហេតុ​នោះ​ដែរ​បាន​ទទូច​ស្នើសុំ​ឲ្យ​ខាង​មន្ទីរ​សាធារណការ​ក្រុង​គួរតែ​ប្តូរ​បាំង​ពុះ​ចែក​ទ្រូងផ្លូវ​ពី​ថ្ម​ដូច្នេះ​មក​ដាក់​ទ្រូងផ្លូវ​ដែក​វិញ​ទើប​អាច​កាត់បន្ថយ​នៃ​គ្រោះថ្នាក់​បែបនេះ​តទៅទៀត​ ព្រោះ​អី​រាល់​ថ្ងៃ​នេះ​ការ​ដាក់​របាំង​ថ្ម​នេះ​ឃើញថា ​មាន​គ្រោះថ្នាក់​ច្រើនណាស់​ចឹង​ហើយ​គួរ​តែមាន​វិធានការ​យ៉ាងណា​ដើម្បី​កុំ​មាន​គ្រោះថ្នាក់​ញឹកញាប់​ដូច្នេះ​តទៅទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu