ភ្នំពេញ ៖ ការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននេះ គឺដោយសារតែអ្នកបើកបរមួយចំនួនមិនគោរពច្បាប់ចរាចរណ៍។
យោងតាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍មួយរូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា សព្វថ្ងៃនេះការកកស្ទះចរាចរណ៍តាមដងផ្លូវ គឺដោយសារតែអ្នកបើកបរមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ គឺបើកបរបំពានលើគំនូសដែលគូសតាមដងផ្លូវ។
មន្ត្រីនគរបាលរូបនោះបានបន្តថា គេគួរតែបង្កើតច្បាប់សម្រាប់ដាក់វិន័យទៅលើអ្នកបើកបរបំពានច្បាប់ដោយធ្វើការដកហូតប័ណ្ណបើកបរមួយរយៈទើបគេខ្លាច ហើយបើគ្រាន់តែផាកពិន័យដូចសព្វថ្ងៃនេះ គឺនៅតែដដែលជាដដែល ព្រោះអ្នកបំពានមិនខ្វះលុយបង់ផាកនោះទេ តែបើដកហូតប័ណ្ណបើកបរទើបគេរាងចាល។
មន្ត្រីនគរបាលបានលើកឡើងពីការបើកបរគោរពច្បាប់ ដែលមានរូបភាពនៅបណ្តាញសង្គមហ្វេសប៊ុក គឺគេបានឃើញរូបភាពរថយន្តឈប់តម្រង់ជួរត្រង់ភ្លឹងដោយពុំបានឃើញមានអ្នកបើកបរជែងទៅមុខដូចការស្ទះចរាចរណ៍នាបច្ចុប្បន្ននេះទេ។
មន្ត្រីនគរបាលបានត្អូញត្អែរថា បើសិនជាថ្នាក់លើប្រើធម៌ក្តៅឲ្យនគរបាលចាប់អ្នកបើកបរបើកបំពានលើគំនូសវិញ គឺច្បាស់ជាអ្នកបើកបរមួយចំនួននាំគ្នាខ្លាចរអាហើយប៉ុន្តែសុំកុំឲ្យមានវប្បធម៌អន្តរាគមន៍ពីថ្នាក់លើឲ្យដោះលែងអ្នកមានកំហុសឲ្យសោះ។ ចំពោះអ្នកបើកបរសព្វថ្ងៃភាគច្រើនមានប័ណ្ណបើកបរតែគេមិនអនុវត្តន៍តាមទ្រឹស្តីមេរៀនដែលមុននិងទទួលបានប័ណ្ណបើកបរត្រូវធ្វើដូចម្តេច។ បើម្នាក់ៗនៅបន្តបំពានច្បាប់ចរាចរណ៍ដូចសព្វថ្ងៃទោះជាសាងសង់ស្ពានអាកាសពេញម៉ារាជធានីទៀតក៏នៅតែកកស្ទះចរាចរណ៍ដដែលហ្នឹង៕
Source: Kampuchea Thmey Daily
0 Comments