អ្នកប្រដាល់លាភរដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់TV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាម ក្រោយពីគេបានយកឈ្នះលន បញ្ញា អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ក្នុងទឹកទី២ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រលើសង្វៀនTV5 ព្រែកកំពឹស កាលពីយប់ថ្ងៃទី១៣ តុលា ២០១៨។
លន បញ្ញា ដែលរំពឹងទុកថាជាម្ចាស់ជើងឯកនេះ បានយកប្រៀបឈ្នះលើលាភ រដ្ឋាក្នុងទឹកទី១ និងនៅដើមទឹកទី២ ដោយអុកជង្គង់ត្រូវរដ្ឋាឡើងចុកគាំងម្តងៗទៅហើយ ហើយត្រូវអាជ្ញាកណ្តាលរាប់រដ្ឋា៨ទៀត ។ តែដោយសារគេមោទនភាពនឹងប្រៀបឈ្នះនោះ នៅក្រោយពេលបន្តការប្រកួតទៀត លន បញ្ញា បានសម្រុកវាយទៅលើលាភ រដ្ឋា ទាំងកម្រោលនិងខ្វះការប្រុងប្រយ័ត្ន ដែលធ្វើអោយត្រូវកណ្តាប់ដៃរបស់លាភ រដ្ឋាមួយដៃចំគុម្ពថ្គាមវង្វេងស្មារតី ត្រូវអាជ្ញាកណ្តាលរាប់៨វិញដល់ទៅ២ដង ហើយនៅពេលបន្តការប្រកួតទៀតនោះ ក៏ត្រូវរដ្ឋាសម្រុកដាល់មុខរហូតដល់អាជ្ញាកណ្តាលបញ្ឈប់លែងឲ្យប្រកួតនៅមុនបន្តិចនៃស្នូរជួងបញ្ចប់ទឹក២នោះ ។
លាភ រដ្ឋា បានក្លាយជាអ្នកឈ្នះជើងឯក ដោយមិននឹងស្មានដល់ថា ខ្លួនឯងអាចវាយឈ្នះលន បញ្ញា ដែលមានកម្ពស់ខ្ពស់ជាង ហើយដែលប្រកួតជាងមួយទឹកដំបូង ចាញ់ប្រៀបបញ្ញាដាច់ទៅហើយនោះ ។
លាភ រដ្ឋា ឆ្លងកាត់ការប្រកួតជម្រុះ៥ដំណាក់កាលកន្លងមក គេវាយឈ្នះទាំង៥ប្រកួត។លើកទី១ គេឈ្នះ ចាន់ រក្សា អ្នកប្រដាល់ក្លិបអេភូថងកីឡាដោយពិន្ទុ , លើកទី២ ឈ្នះម៉ន ព្រហ្មម៉ាញ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ដោយពិន្ទុដែរ, លើកទី៣ ឈ្នះកំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ , លើកទី៤ ដែលជាការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ លាភ រដ្ឋា បានឈ្នះឡុង រ៉ាមី ក្លិបខ្លារខិនមានរិទ្ធ ដោយពិន្ទុ និង មកដល់វគ្គផ្តាច់ព្រ័ត្រនេះ គេបានឈ្នះលន បញ្ញា ក្នុងទឹកទី២ទៀត ។
ជាមួយនឹងទទួលបានពានជើងឯកនេះ អ្នកប្រដាល់លាភ រដ្ឋា នៅបានទទួលប្រាក់រង្វាន់ចំនួន៤.០០០ដុល្លារអាមេរិកទៀត។ ឯ លន បញ្ញា ដែលបានចំណាត់ថ្នាក់លេខ២នោះ ទទួលបានពានមួយ និងប្រាក់រង្វាន់២.០០០ដុល្លារ ហើយចំណាត់លេខ ៣ ដែលបានទៅលើលិញ ភារម្យ អ្នកប្រដាល់ក្លិបភារម្យគុនខ្មែរ ដែលបានប្រកួតឈ្នះឡុង រ៉ាមី អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ ដោយពិន្ទុនោះ ទទួលបានពានមួយនិងប្រាក់រង្វាន់៧៥០ដុល្លារ ហើយលេខ៤ ជារបស់ឡុង រ៉ាមី នោះ ទទួលបានពានមួយនិងប្រាក់រង្វាន់៥០០ដុល្លារ ។
គួរបញ្ជាក់អោយដឹងថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្តើមជើងឯកពានរង្វាន់TV5 Knock Out Series by K.Cement ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន៣២រូបចូលរួម ដោយឆ្លងកាត់ការប្រកួតជម្រុះរហូតដល់៣ដំណាក់កាល ទើបបានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រ ។ ការប្រកួតបានចាប់ផ្តើមឡើងនៅថ្ងៃទី០២មិថុនា២០១៨ ហើយបានបញ្ចប់នៅថ្ងៃទី ១៣តុលា២០១៨នេះ ។
ដោយឡែក ការប្រកួតលក្ខណះអន្តរជាតិវិញ យុគ យក្សផ្លែ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ បានផ្តួលអ្នកប្រដាល់ថៃ Moeung Phit អោយសន្លប់ក្នុងទឹកទី៣ ដោយកណ្តាប់ដៃចំចុងចង្ការយ៉ាងដំណំនោះ៕
Source: Kampuchea Thmey Daily
0 Comments