Ad Code

ជម្រុះ​ខ្សែក្រវាត់​Carabao ជុំ​ទី​៣​នៅ​SEATV ​៖​ សូត្រ ប៊ុន​ធី ជួប Phat Maha ឯ លី ភា ជួប Phat Chhayak Phum



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍ទី​២០ ខែ​​តុលា​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​សប្ដាហ៍​ទី​៧ ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក និង​អ្នក​ប្រដាល់​ថៃ Phat Maha ហើយ​អ្នក​ប្រដាល់​កម្ពុជា លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង អ្នក​ប្រដាល់​ថៃ Phat Chhayak Phum។

សូត្រ​ប៊ុន​ធី និង Phat Maha ពួកគេ​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​មុន​ចូលរួម​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ ដោយ​ក្នុងការ​ជួបគ្នា​ពេលនោះ Phat Maha ត្រូវ​សូត្រ ប៊ុន​ធី វាយ​អោយ​សន្លប់​ក្នុង​ទឹក​ទី​៣(១៩​សីហា​២០១៨)​។ តែ​យ៉ាងណា​សូត្រ ប៊ុន​ធី និង Phat Maha នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ គ្រាន់តែ​ប៊ុន​ធី​មាន​កំនត់ត្រា​ប្រកួត​ច្រើនជាង​និង​មាន​កម្ពស់​ខ្ពស់ជាង​ប៉ុណ្ណោះ។

Phat Maha គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៧​លើក​និង​ចាញ់​១១​លើក​និង​ស្មើ​០១​លើក។ ចំណែក​សូត្រ ប៊ុន​ធី គេ​មាន​កំនត់ត្រា​ប្រកួត​១១២​លើក ឈ្នះ​៨៨​លើក ចាញ់​២០​លើក និង​ស្មើ​០៤​លើក​។ ប៊ុន​ធី គេ​ប្រកួត​ជុំ​ទី​២ (២៩​កញ្ញា​២០១៨) គេ​វាយ​ឈ្នះ Phat Ngen thong ដោយ​ពិន្ទុ។ ចំណែក ការប្រកួត​ជុំ​ទី​២​របស់ Phat Maha (២២​កញ្ញា​២០១៨) គឺ​ចាញ់​ឃីម បូរ៉ា ក្នុង​ទឹក​ទី​២។

ដូច្នេះ​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ចាញ់​ឃីម បូរ៉ា ហើយ​នោះ គឺ​មិន​សង្ឃឹមថា វាយ​ឈ្នះ​សូត្រ ប៊ុន​ធី​នោះឡើយ សម្រាប់​ការជួបគ្នា​ជុំ​ទី​៣​នេះ ព្រោះថា​សូត្រ ប៊ុន​ធី​គេ​ល្អ​និង​ខ្លាំង​ជាង​ឃីម បូរ៉ា ទៅទៀត ។ ប៉ុន្តែ​យ៉ាងណា ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះទេ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​

ចំពោះ​ការជួបគ្នា​រវាង លី ភា និង Phat Chhayak Phum វិញ ប្រហែលជា​ពិបាក​បន្តិច​ហើយ បើទោះបីថា លី​ភា គេ​មាន​ផ្លែ​ល្អ​ជាង Phat Chhayak Phum ក៏ដោយ ក៏​អ្នក​ប្រដាល់​ថៃ Phat Chhayak Phum ជា​អ្នក​ប្រដាល់​ជើងចាស់ ស៊ូ និង​រឹងមាំ​ដែរ ។

Phat Chhayak Phum គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។ តាម​ការកត់សម្គាល់ Phat Chhayak Phum គេ​វាយ​ល្អ​និង​ខ្លាំង​គួរសម​ដែរ​។ បើ​មើ​លពី​ប្រវត្តិ​ប្រកួត​របស់គេ គឺ​ប្រកួត​បាន​៨៧​លើក ឈ្នះ​៧០​លើក និង​ចាញ់​១៤​លើក និង​ស្មើ​ម្តង ។
លី ភា អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​៣​នេះ គេ​រំពឹងថា លី ភា នឹង​រកបាន​៣​ពិន្ទុ​បន្ថែម​មិន​ខាន ក្នុង​ការជួប Phat Chhayak Phum នេះ ។ Phat Chhayak Phum កាលពី​ប្រកួត​ជុំ​ទី​២ គេ​វាយ​ចាញ់​សុខ សា​វិ​ន​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ក្នុង​ទឹក​ទី​៣ ខ​ណះ​លី ភា ជុំ​ទី​២​គេ​វាយ​ចាញ់ Phat Thana ក្នុង​ទឹក​ទី​៣​ដែរ ។​

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៧ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨ រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់ ។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ , លី ភា ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង និង​សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ។​

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ វៀត ប៊ុន​ឌឿ​ន អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ឡើង​ទូទាត់​បំណុល​ជាមួយ​សារឿន​ច័ន្ទ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​

​ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ពីរលើក​ហើយ​កាលពី​ក្នុង​ឆ្នាំ​២០១៣-២)១៤ ហើយ​វៀត ប៊ុន​ឌឿ​ន គេ​ចាញ់​ទាំង​ពីរលើក ។ ចាំមើល ជួបគ្នា​លើក​នេះ តើ​វៀត ប៊ុន​ឌឿ​ន អាច​យកឈ្នះ​វៀត ប៊ុន​ឌឿ​ន បានសម្រេច​ឬ​អត់ ? ។​

ចំណែក អ្នក​ប្រដាល់​ភុ​ន សោ​ភ័​ណ្ឌ ក្លិប​នាគរាជ​មានជ័យ ក៏​នឹង​ឡើង​សងសឹក​ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​សម្រាប់​ការជួប​សងសឹក​នេះ ពុំ​ដឹងថា​ភុ​ន សោ​ភ័​ណ្ឌ សងសឹក​បានសម្រេច​ឬ​អត់​នោះទេ​?៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu