Ad Code

ចំណាយពេល​ប្រកប​អាជីព​នៅ​កម្ពុជា ជាង​៧​ឆ្នាំ​ទើប​កីឡាករ​George Bisan អាច​ដណ្តើមបាន​ស្បែកជើង​មាស



កីឡាករ George Bisan​ជនជាតិ​នី​ហ្សេ​រី​យ៉ា​សមាជិក​របស់​ក្រុម​ណាហ្គា​វើ​ល បាន​វ៉ា​ដាច់​កីឡាករ​ជនជាតិ​កា​ម៉េ​រ៉ូ​ន Befolo Mbarga Privat​សមាជិក​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប នៅ​តំបន់​កំ​ពូល​តារាង​អ្នករក​គ្រាប់​បាល់​ប​ញ្ចូល​ទី​បាន​ច្រើន​ជាង​គេ ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ ឆ្នាំ​២០១៨ (Metfone Cambodian League 2018)​គឺ​រហូតដល់​២៨​គ្រាប់​ម្នាក់ឯង​។



សរុប​គ្រាប់​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ក្រុម​សមាជិក​ទាំង​១២​អាច​ទា​ត់បញ្ចូល​ទី​គ្នា​បាន​៤៩៥​គ្រាប់​។​គ្រាប់​បាល់​២៨​គ្រាប់​របស់​កីឡាករ George Bisan បាន​ទាត់​ចូល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦​គ្រាប់ (​ជើង​ទី​២​ចំនួន​១​គ្រាប់​) ហើយ​ទាត់​ចូល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៥​គ្រាប់ (​ជើង​ទី​២​ចំនួន​៤​គ្រាប់​) អគ្គីសនី​កម្ពុជា ៤​គ្រាប់ (​ជើង​ទី​១​ចំនួន​៣​គ្រាប់​) ទាត់​ចូល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​, អាស៊ី​អឺរ៉ុប​, សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ ចំនួន​៣​គ្រាប់ (​ជើង​ទី​២​ចំនួន​១​គ្រាប់​) ទាត់​ចូល​ក្រុម​វិសាខា ២​គ្រាប់ និង​ទាត់​ចូល​ក្រុម​ភ្នំពេញ​ក្រោ​ន​១​គ្រាប់​។

ក្រៅពី​កីឡាករ​George Bisan គេ​ឃើញ​កីឡាករ Privat រក​គ្រាប់​បាល់​តាម​ពីក្រោយ​ដែលមាន​២៧​គ្រាប់​ម្នាក់ឯង ខណៈ​កីឡា​ករនី​ហ្សេ​រី​យ៉ា Julius Oiboh របស់​បឹងកេត រកបាន​១៧​គ្រាប់ កីឡាករ​ប្រេ​ស៊ី​ល Maycon របស់​បឹងកេត និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Bata របស់​សូល​ទី​ឡូ​អង្គរ រកបាន​១៥​គ្រាប់​ម្នាក់ កីឡាករ​កូរ៉េខាងជើង Cheo Myon Ho របស់​វិសាខា រកបាន​១៤​គ្រាប់ ស្មើគ្នា​ជាមួយ​កីឡាករ រ៉ឹ​ម ប៊ុន​ហៀ​ង របស់​ក្រសួងការពារជាតិ​។ កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Valci Júnior​របស់​ភ្នំពេញ​ក្រោ​ន កីឡាករ​នី​ហ្សេ​រី​យ៉ា Mathew Osa របស់​ណាហ្គា​វើ​ល រកបាន​១២​គ្រាប់​ម្នាក់​។ ក្រៅពីនោះ​សុទ្ធតែ​អ្នករក​គ្រាប់​បាល់​បាន​ម្នាក់​១០​គ្រាប់​ចុះក្រោម​។



មុន​មកដល់​កម្ពុជា​នៅ​ឆ្នាំ ២០១២ កីឡាករ Bisan George លេង​បាល់​នៅ​ឈុត​យុវជន​ថ្នាល​មួយ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។ មកដល់​កម្ពុជា​ដំបូង​គេ​នៅ​ឆ្នាំ​២០១២ រូបគេ​ចូល​ជា​សមាជិក​នៅក្នុង​ក្រុម​ចម្ការកៅស៊ូ​បឹងកេត (​បឹងកេត​អង្គរ​) ប៉ុន្ដែ​គ្រានោះ​ត្រូវ​ក្លិប​ឆ្លាម​សមុទ្រ​ខ្ចី​ជើង​ជា​បណ្ដោះអាសន្ន​។ ចូលដល់​រដូវ​កាល​២០១៣ កីឡាករ​រូបនេះ​បាន​ចូល​លេង​ឲ្យ​បឹងកេត​អង្គរ ពេញសិទ្ធិ ខណៈ​រដូវ​កាល ២០១៤ រូបគេ​បាន​ប្ដូរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន រហូតដល់​រដូវ​កាល ២០១៥ កន្លងទៅ​។ តែ​នៅ​ជើង​ទី​១​រដូវ​កាល​២០១៦ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Than Quảng Ninh F.C សមាជិក​ក្នុង​លី​ក​កំពូល​ប្រទេស​វៀតណាម ហើយ​ជើង​ទី​២​រូបគេ​បាន​ត្រឡប់​មកកាន់​កីឡដ្ឋាន RSN Stadium របស់​ភ្នំពេញ​ក្រោ​ន វិញ​។ ចូលដល់​រដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ក្នុង​ជើង​ទី​១ ហើយ​ជើង​ទី​២ បាន​បន្តទៅ​ចូលរួម​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ឆ្នាំ​២០១៨ បាន​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល វិញ​ម្តង​។

កីឡាករ​រូបនេះ​ធ្លាប់​ជោគជ័យ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយ​រួមរស់​រយៈពេល ២ ឆ្នាំ ពោលគឺ​គេ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើងឯក​លី​ក​កំពូល​កម្ពុជា ២ ឆ្នាំ​ជាប់​គ្នា នៅ​រដូវ​កាល ២០១៤ និង ២០១៥ ខណៈ​គ្រាប់​បាល់ ២ គ្រាប់​របស់គេ​លើ​ក្រុម Hoang Anh Attapeu របស់​ឡាវ បាន​ជួយ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ ៣ ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ​។ ចំណែក​នៅ​ឆ្នាំ​២០១៨ នេះ​រូបគេ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ណាហ្គា​វើ​ល ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ ផងដែរ​។

តាម​គម្រោង​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​ទៅ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថា​ស្បែកជើង​មាស​) ព្រមទាំង​ថវិការ​លើកទឹកចិត្ត​ចំនួន​១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Autheire Kipson អតីត​សមាជិក​នៅ​ក្លិប​ណាហ្គា​វើ​ល ជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​ចាស់​២០១៧ កន្លងទៅ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu