នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានប្រកាសនៅថ្ងៃអង្គារថា ប្រទេសអូស្ត្រាលីកំពុងពិចារណារើស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុង Tel Aviv ទៅ Jerusalem។
លោក Morrison បានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីនិយាយថា លោកបើកចិត្តចំពោះសំណើដើម្បីទទួលស្គាល់ជាផ្លូវការថា ក្រុង Jerusalem ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែលនិងការរើស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងដ៏បរិសុទ្ធមួយនេះដែលវានឹងក្លាយជាការបំបែកគោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលីដែលមានរយៈពេលជាច្រើនទសវត្សមកហើយ។
លោក Morrison បានថ្លែងថា “យើងប្តេជ្ញាចិត្តចំពោះដំណោះស្រាយរដ្ឋពីរប៉ុន្តែការពិត វាមិនដំណើរការបានល្អទេ។ មិនមានការរីកចម្រើនច្រើនឡើយហើយអ្នកមិនបន្តធ្វើរឿងដដែលៗដោយរំពឹងថានឹងមានលទ្ធផលខុសគ្នានោះទេ”។
លោកបានរៀបរាប់អំពីសំណើដើម្បីទទួលស្គាល់ក្រុង Jerusalem និងរើស្ថានទូតអូស្ត្រាលីថា “មានសុភនិច្ឆ័យ” និង “ទាក់ទាញ” ហើយនឹងត្រូវបានពិចារណាដោយរាជរដ្ឋាភិបាល។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោកបានពិភាក្សាអំពីការរើស្ថានទូតជាមួយលោក Morrison ។
ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតបំពេញបន្ថែមសភាដ៏សំខាន់មួយនៅទីក្រុងស៊ីដនីដែលជាកន្លែងមានអ្នកបោះឆ្នោតជ្វីហ្វដ៏សំខាន់ហើយជាកន្លែងដែលបេក្ខជនគណបក្សសេរីនិយមរបស់លោក Morrison កំពុងតាមពីក្រោយក្នុងការស្ទង់មតិ។
ការចាញ់ក្នុងការបោះឆ្នោតនេះអាចលុបបំបាត់សំឡេងភាគច្រើនមួយអាសនៈរបស់លោក Morrison នៅក្នុងរដ្ឋសភា។
គួររម្លឹកឡើងវិញថា លោក Morrison បានឡើងកាន់អំណាចកាលពីខែសីហាបន្ទាប់ពីការបះបោរដោយអ្នកអភិរក្សនិយមនៅក្នុងគណបក្សសេរីនិយមបានបណ្តេញអ្នកកាន់តំណែងមុនគឺលោក Malcolm Turnbull ៕ AFP
Source: Kampuchea Thmey Daily
0 Comments