ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង កូរ៉េខាងត្បូងនិងបញ្ជាការដ្ឋានអង្គការសហប្រជាជាតិ (UNC) បានរៀបចំកិច្ចពិភាក្សា៣ភាគីជាលើកដំបូងនៅថ្ងៃអង្គារដើម្បីពិភាក្សាអំពីការដកកងកម្លាំងចេញពីព្រំដែនខណៈកូរ៉េទាំងពីរកំពុងជំរុញសន្តិភាព។
ប្រទេសកូរ៉េទាំងពីរបានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលកាលពីខែមុននៅទីក្រុងព្យុងយ៉ាងក្នុងការបង្កើតការពិគ្រោះយោបល់ត្រីភាគីជាមួយ UNC ដើម្បីសម្របសម្រួលដល់ផែនការរបស់ខ្លួនក្នុងការដកសព្វាវុធចេញពីព្រំដែន។
កិច្ចព្រមព្រៀងនេះរួមមាន ការផ្អាកសមយុទ្ធយោធា តំបន់គ្មានការហោះហើរក្បែរព្រំដែនរបស់ពួកគេនិងការដកចេញជាបណ្ដើរៗនៃគ្រាប់មីននិងប៉ុស្តិ៍យាមកាមនៅក្នុងតំបន់គ្មានយោធា។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំបិទទ្វារបានធ្វើឡើងនៅភូមិព្រំប្រទល់ Panmunjom ហើយត្រូវបានដឹកនាំដោយមន្ត្រីយោធាកម្រិតវរសេនីយពីភាគីម្ខាងៗ។
ជាជំហានដំបូង កូរ៉េទាំងពីរកំពុងស្វែងរកការដកចេញនូវប៉ុស្តិ៍យាមកាមចំនួន១១នៅចម្ងាយ១គីឡូម៉ែត្រនៃខ្សែព្រំដែនយោធាត្រឹមចុងឆ្នាំនេះ។
ពួកគេបានចាប់ផ្តើមដោះមីននៅតាមតំបន់តូចៗជាច្រើនក្នុងខែនេះហើយនឹងធ្វើផ្លូវដើម្បីជួយសម្រួលដល់គម្រោងមួយដែលគ្រោងធ្វើនៅខែមេសាដើម្បីជីកកកាយអដ្ឋិធាតុនៃទាហានដែលបាត់ខ្លួនពីសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។
ភាគីទាំងសងខាងក៏នឹងដកអាវុធទាំងអស់ចេញពីតំបន់សន្តិសុខរួម (JSA) នៅភូមិ Panmunjom, កាត់បន្ថយបុគ្គលិកដែលឈរជើងនៅទីនោះមកត្រឹម៣៥នាក់ក្នុងម្ខាងដោយស្របតាមកិច្ចព្រមព្រៀងឈប់បាញ់និងចែករំលែកព័ត៌មានអំពីឧបករណ៍ឃ្លាំមើលរបស់ពួកគេផងដែរ។
មកពីភាគីទាំងសងខាងនិងក្រៅប្រទេសនឹងត្រូវបានអនុញ្ញាតឲ្យចេញចូលដោយសេរីនៅក្នុង JSA ។
កូរ៉េទាំងពីរបានយល់ព្រមកាលពីថ្ងៃចន្ទដើម្បីចាប់ផ្តើមភ្ជាប់ទំនាក់ទំនងផ្លូវដែកនិងផ្លូវថ្នល់ឡើងវិញថ្វីបើមានការព្រួយបារម្ភរបស់អាមេរិកថាការផ្សះផ្សារយ៉ាងឆាប់រហ័សរវាងខាងជើងនិងខាងត្បូងអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងឲ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments