ក្រសួងការបរទេសអាមេរិកបាននិយាយថា លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើទស្សនកិច្ចថ្មីមួយទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះហើយជួបមេដឹកនាំគីមជុងអ៊ុនខណៈក្តីសង្ឃឹមរបស់រដ្ឋាភិបាលអាមេរិកកាន់តែមានខ្លាំងឡើងអំពីកិច្ចព្រមព្រៀងរំសាយអាវុធនុយក្លេអ៊ែរ។
ការប្រកាសជាមុនដ៏កម្រមួយអំពីកិច្ចប្រជុំជាមួយបុរសខ្លាំងវ័យក្មេងនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងនិយាយថា ខ្លួននឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរជាថ្នូរនឹងសន្ធិសញ្ញាសន្តិភាពមួយទេ។
លោក Pompeo ដែលកំពុងព្យាយាមរៀបចំកិច្ចប្រជុំកំពូលលើកទីពីររវាងលោកគីមនិងលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំក៏នឹងធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តអាមេរិកគឺជប៉ុននិងកូរ៉េខាងត្បូងព្រមទាំងសម្ព័ន្ធមិត្តរបស់មេដឹកនាំកូរ៉េខាងជើងគឺប្រទេសចិនផងដែរដែលសហរដ្ឋអាមេរិកកំពុងមានជម្លោះលើវិស័យពាណិជ្ជកម្មនិងការទូត។
វានឹងក្លាយជាដំណើរទស្សនកិច្ចលើកទី៤របស់លោក Pompeo ទៅកាន់ប្រទេសកូរ៉េខាងជើងដែលជាសត្រូវរបស់អាមេរិកដ៏យូរអង្វែងខណៈរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ព្យាយាមបញ្ចប់កម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសបានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំគិតថា វាបង្ហាញពីការជឿនលឿននិងសន្ទុះទៅមុខដែលលោករដ្ឋមន្ត្រីនឹងធ្វើដំណើរជាលើកទី៤ក្នុងរយៈពេលតិចជាងមួយឆ្នាំ”។ អ្នកស្រីបាននិយាយទៀតថា “មនុស្សគ្រប់គ្នាទទួលស្គាល់ថាយើងមានមធ្យោបាយហើយនៅសល់ការងារជាច្រើនទៀតដែលត្រូវធ្វើ”។
លោក Pompeo បានជួបជាមួយនឹងលោកគីមពីរដងរួចមកហើយនៅពេលដែលគាត់ដឹកនាំ CIA ។ ប៉ុន្តែលោក Pompeo មិនបានជួបលោកគីមទេក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់គាត់កាលពីខែកក្កដា។
ដំណើរទស្សនកិច្ចមួយផ្សេងទៀតរបស់លោក Pompeo ត្រូវបានប្រកាសនៅខែសីហាប៉ុន្តែត្រូវបានលុបចោលវិញដោយលោក ត្រាំ៕ AFP
Source: Kampuchea Thmey Daily
0 Comments