Ad Code

ក្រុម​ណាហ្គា​វើ​ល ទទួលបាន​ប្រាក់ឧបត្ថម្ភ​រហូតដល់​៤​ម៉ឺន​ដុល្លារ​អាមេរិក ពេល​ចេញទៅ​ប្រកួត​ក្នុង​ពាន AFC Cup ម្តងៗ



ក្នុងនាម​ជា​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល មានឈ្មោះ​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទី​២​ប្រចាំ​ទ្វីបអាស៊ី គឺ​AFC Cup 2019 ដែល​នឹង​ប្រកួត​នៅ​ឆ្នាំក្រោយ ខណៈ​ក្រុម​មួយ​នេះ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​រហូតដល់​៤​ម៉ឺន​ដុល្លារ​អាមេរិក​ដូច​ក្រុម​ផ្សេងៗ​ដែរ រាល់ពេល​ចេញទៅ​ប្រកួត​ម្តងៗ​។

យោង​តាម​លោក ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ បាន​លើកឡើង​ថា ​ការ​ធ្វើដំណើរ​ទៅ​ប្រកួត​ក្រៅ​ដី​របស់ ណាហ្គា​វើ​ល នៅពាន AFC Cup ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤​ម៉ឺន​ដុល្លារ​អាមេរិក ពី​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC)​។ លោក​បញ្ជាក់​ថា ប្រាក់ឧបត្ថម្ភ​ការ​ធ្វើ​ដំណើរ​នៅ​ក្រៅ​ដី ឬ ហៅថា Travel Subsidy កើនឡើង​ទ្វេដង ព្រោះ​ឆ្នាំមុន ទទួល​បាន​ត្រឹមតែ ២ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ ចំណែក​ការប្រកួត​នៅក្នុង​ផ្ទះ មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​នេះ​ពី AFC នោះ​ទេ​។ រីឯ ប្រាក់រង្វាន់​ជើងឯក AFC Cup 2019 ក្រុម​ដែល​ឈ្នះ​ពាន​នឹង​ទទួលបាន ១,៥ លាន​ដុល្លារ ហើយ ជើងឯក​រង​ទទួល​បាន ៧៥០,០០០ ដុល្លារ ដូច​ឆ្នាំមុន​ដែរ​។



​យោង​តាម​ការ​ចាប់​ឆ្នោត​ដែល​បានធ្វើ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ថ្មីៗ​នេះ​សង្កេតឃើញថា​ ក្រុម​ណាហ្គា​វើ​ល​ស្ថិតនៅ​ពូ​ល F ជាមួយ​ក្រុម Hanoi FC ( ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម ) Tampines Rovers ( ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី ) និង Yangon United ( ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ Zwekapin United ក្រុម​លេខ​៣​នៅ​លី​គ​មី​យ៉ាន់​ម៉ា​ដូចគ្នា​។

​តាម​គម្រោងការ​ប្រកួត​នឹង​ចាប់ផ្ដើម​នា​ខែ កុម្ភៈ ដើមឆ្នាំ​ក្រោយ​តាម​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យក​តែ​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុងការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់​បាន​ចូលរួម​ប្រកួត​ម្តង​ តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​។



សម្រាប់​ឆ្នាំ ២០១៨​ក្នុង​ពានរង្វាន់ AFC Cup ជើងឯក​បាន​ទៅ​ក្លិប Al-Quwa Al-Jawiya របស់​អ៊ីរ៉ាក់​ក្រោយ​ឈ្នះ​ក្លិប Altyn Asyr របស់​ទួ​រ​មេ​នី​ស្ថាន ក្នុង​លទ្ធផល ២-០ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទីលាន​កីឡដ្ឋាន​Basra Sports City ក្នុង​ទីក្រុង Basra​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​២​ម៉ឺន​នាក់ កាលពី​ចុងខែ​តុលា​កន្លងទៅ​ថ្មីៗ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu