ខ្សែប្រយុទ្ធ នួន បូរី ប្រចាំក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ទើបតែឈ្នះពានរង្វាន់ឯកត្តជន៤ម្នាក់ឯងនៅក្នុងព្រឹត្តិការណ៍កម្មវិធី«ពានរង្វាន់បាល់ទាត់កម្ពុជា» ឬ Cambodian Football Award លើកទី២ ប្រចាំរដូវកាល២០១៨ ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ខណៈកីឡាកររូបនេះបានសម្លឹងឃើញពីមូលហេតុដែលខ្លួននៅក្រៅបញ្ជីក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ថ្មីៗនេះ។
ពានរង្វាន់ទាំង៤ដែលកីឡាករមកពីខេត្តកណ្ដាលរូបនេះទទួលបានរួមមាន ពានរង្វាន់កីឡាករល្អជាងគេ,កីឡាករទាត់បញ្ចូលទីច្រើនជាងគេ (ចំនួន៧គ្រាប់) ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ។ រីឯពាន ២ទៀត គឺជាពានរៀបចំដោយ CNCC ដែលសម្រេចដោយគណៈកម្មការជំនាញ ដោយផ្អែកលើការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រួមមានពានកីឡាករក្នុងស្រុកទាត់បញ្ចូលទីច្រើនជាងគេ អាយុក្រោម២៣ឆ្នាំ និងពានកីឡាករក្នុងស្រុកទាត់បាល់បញ្ចូលទីច្រើនជាងគេ។
កីឡាករ នួន បូរី បានបញ្ជាក់ថា «ដោយសារយើងខ្វះតាក់តិចដែលគ្រូជម្រើសជាតិចង់បាន។ តែខ្ញុំមិនសោកស្ដាយទេដែលមិនបានជាប់ជម្រើសជាតិ តែនឹងខំប្រឹងព្យាយាមបំពេញនូវអ្វីដែលគ្រូជម្រើសជាតិគាត់ចង់បាន និងឆ្ពោះទៅគោលដៅរបស់ខ្លួន»។ កីឡាកររូបនេះធ្លាប់មានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជានាពេលកន្លងទៅគឺជំនាន់គ្រូបង្គោលប្រេស៊ីល Leonardo Vitorino នៅជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា តែក្រោយមកក៏ខកខានទៅវិញ។
សូមបញ្ជាក់ថា កីឡាករ នួន បូរី វ័យ២១ ឆ្នាំជាម្ចាស់អាវលេខ៩បានចូលរួមជាមួយក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ នៅឆ្នាំ២០១១។ រូបគេជាផ្នែកមួយជួយឲ្យក្រុមធ្លាប់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៤ និងពានរង្វាន់ប៉ូលីសតំបន់អាស៊ាន នៅវៀតណាម ក្នុងឆ្នាំ២០១៣ ផងដែរ។ រូបគេក៏ធ្លាប់មានឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា ដែរពោលគឺធ្លាប់ជាប់ឈ្មោះក្នុង U21 ដល់ឈុតធំផងដែរ៕
Source: Kampuchea Thmey Daily
0 Comments