ក្រុមបាល់ទាត់ខេមបូឌានថាយហ្គឺរ (Cambodian Tiger FC) សមាជិកក្នុងពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2018) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍ទិវាបាល់ទាត់ (Football Clinic) នៅលើទឹកដីរបស់ខ្លួននៅដើមខែ ធ្នូ ឆ្នាំ២០១៨ ខាងមុខ។
យោងតាមសេចក្តីបញ្ជាក់របស់ក្លិបដែលមានថៅកែជាជនជាតិជប៉ុន មួយនេះបានបញ្ជាក់ថា «នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្លឹបបាល់ទាត់ អង្គរថាយហ្គឺរ នឹងរៀបចំកម្មវិធី Football Clinic ក្នុងគោលបំណងចែករំលែកពីមូលដ្ឋានគ្រឹះនៃការលេងបាល់ទាត់ ហើយប្អូនៗមានឱកាសហ្វឹកហាត់ជាមួយគ្រូអង្គរថាយហ្គឺរ ផ្ទាល់ និងលេងជាហ្គេមកម្សាន្តទាំងអស់ជាមួយកីឡាករពួកយើងផងដែរ»។
តាមគម្រោងកម្មវិធី Football Clinic នេះនឹងបែងចែកជា ២វគ្គក្នុងនោះវគ្គទី១ ត្រូវចាប់ផ្តើមពីម៉ោង ៣និង១៥នាទីរសៀល ដល់ម៉ោង ៥និង៣០ នាទីល្ងាច នៅតារាងបាល់ទាត់ HOME SPORTS ហើយវគ្គទី២ ចាប់ផ្តើមពីម៉ោង ៦និង៣០ នាទីល្ងាច ដល់ម៉ោង ៨និង៤៥ នាទីយប់ នៅតារាងបាល់ទាត់វត្តបូ។ សម្រាប់អ្នកចូលរួមនឹងទទួលបានភេសជ្ជៈនិងទឹក ដោយឥតគិតថ្លៃ ប៉ុន្តែអ្នកចូលរួមត្រូវតែរៀបចំស្បែកជើងនិងស្រោមជើងដោយខ្លួនឯង។ បេក្ខជនម្នាក់ៗអាចចូលរួមបានតែមួយវគ្គតែប៉ុណ្ណោះចាប់ផ្តើមទទួលចុះឈ្មោះតាមរយៈលេខទូរស័ព្ទ086 691 947 ឬ089 767 897។
ក្រុមអង្គរថាយហ្គឺរ បានប្តូរឈ្មោះមកពីក្រុមត្រាយអាស៊ីភ្នំពេញ កាលពីចុងរដូវកាល២០១៤ ហើយនៅរដូវកាល២០១៥ គឺជាកំណត់ត្រាល្អរបស់ក្លិបពោលគឺ អាចឡើងដល់វគ្គ៤ក្រុមចុងក្រោយទាំងពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ក្រោយឈរចំណាត់ថ្នាក់លេខ៣ដូចគ្នា។ ក្រុមនេះ ទទួលបានសិទ្ធិប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ពីក្រសួងអប់រំយុវជននិងកីឡា កាលពីរដូវកាលឆ្នាំ២០១៧ កន្លងធ្វើជាទឹកដីរបស់ខ្លួនរាល់ការប្រកួតនានា។
ចំណែកលទ្ធផលក្នុងរដូវកាលឆ្នាំ២០១៨ កន្លងទៅក្រុមអង្គរថាយហ្គឺរ បានបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមក្លិបទាំង១២ ក្រោយប្រកួតបាន២២លើកឈ្នះបាន៧លើក ហើយស្មើគ្នាបាន៧លើកនិងបរាជ័យ៨លើក។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានឈរចំណាត់ថ្នាក់លេខ៣ស្ទួន ក្រោយ ប្រកួតបរាជ័យនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រដោយថ្វីជើងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ២ទល់០៕
Source: Kampuchea Thmey Daily
0 Comments