ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបន្តទៅប្រកួតក្នុងវគ្គសន្សំពិន្ទុប្រចាំពូលA នៃពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018 ជាបន្តទៀត ដែលនឹងធ្វើឡើងនៅទីក្រុងMandalay ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវម៉ាឡេស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ក្នុងប្រកួតបើកឆាក។
យោងតាមការឲ្យដឹងពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយលោកFélix Agustín González Dalmás ជាគ្រូបង្វឹក នឹងចេញដំណើរទៅ ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង៦និង១០នាទី ព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា សម្រាប់ការប្រកួតលើកទី២ ប្រចាំពូល Aនៅល្ងាចថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ លើទីលានMandalarthiri Stadium។
សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករប្រមូលផ្តុំតាំងពីចុងខែតុលា មកម៉្លេះ ហើយបានជម្រុះនៅសល់តែ២៣នាក់ប៉ុណ្ណោះ ត្រៀមប្រកួតក្នុងពានរង្វាន់នេះ។ កីឡាករទាំង២៣នាក់នេះមានកីឡាករ សេត រ៉ស៊ីប,ចាន់ វឌ្ឍនាកា,ហុង ផេង របស់ក្រុមបឹងកេត ហើយក្លិបក្រសួងការពារជាតិ មានកីឡាករ៤នាក់គឺ ឈិន ឈឿន,រ៉ឹម ប៊ុនហៀង, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ។
ក្រុមណាហ្គាវើល បានជ្រើសរើសកីឡាករ ស៊ុះ ស៊ូហាណា,គួច សុកុម្ភៈ,ឆេង ម៉េង និងគួច ដានី។ ចំណែកភ្នំពេញក្រោន មានកីឡាករ អ៊ន ចាន់ប៉ូលីន, ប្រាក់ ធីវ៉ា និងស៊ិន កក្កដា។ សារ៉េត គ្រីយ៉ា,នេន សុធារ័ត្ន,សឿយ វិសាល និងប្រាក់ មុន្នីឧត្តម មកពីព្រះខ័នរាជស្វាយរៀង។ ធារី ចន្ថាប៊ីន របស់ក្លិប Terengganu FA មកពីលីគម៉ាឡេស៊ី។ កីឡាករ ជា វណ្ណសាក់, កែវ សុខផេង, កែវ សុខសិលា, ទិត្យ ឌីណា របស់វិសាខា។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋមគឺទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ទាំងមូលនេះនៅកម្ពុជា គឺទទួលសិទ្ធិផ្សាយផ្ទាល់ដោយប៉ុស្តិ៍ BTV News ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments