Ad Code

ការឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន ​៖ សម្ដេច​រំលឹក​ដល់​ការស្លាប់​យ៉ាង​វេទនា​របស់​កូន នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​



ភ្នំពេញ ​៖ ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ គឺ​ខួប​៤២​ឆ្នាំ នៃ​ការស្លាប់​យ៉ាង​វេទនា នៃ​កូន​របស់​សម្ដេច​មួយ​រូប​ ឈ្មោះ ហ៊ុន កំសត់ នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត គឺ​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៦ នេះ​បើតាម​ការបញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្ដេច នា​ព្រឹក​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

សម្ដេច​សរសេរ​ថា កូនប្រុស​ដ៏​កម្សត់​របស់​ពុក នៅថ្ងៃនេះ​គឺ​ដល់​ខួប​៤២​ឆ្នាំ នៃ​ការ​ស្លាប់​យ៉ាង​វេទនា​របស់​កូន នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៨)​។ ពុក និង​ម៉ែកូន មិនដែល​ភ្លេច​ទេ​នូវ​សោកនាដកម្ម​ដែល​បាន​កើតឡើង​ចំពោះ​រូប​កូន ព្រមទាំង​ពុក​ និង​ម៉ែ​នោះ​ទេ​។ ការរៀបចំ​ឡើង​នូវ​ផ្នូរ​របស់​កូន និង​ចម្រៀង “​អនិច្ចា​កូន​កំសត់​ប្រវត្តិ​ម្ដាយ​កម្ម​” “​ទំនួញ​កំសត់​ប្រវត្តិ​វិទ្យាល័យ​” និង “​ព្រលឹង​កំសត់​” ដែល​ពុក​ម៉ែ​បាន​ធ្វើឡើង​ក្នុង​បំណង​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​កូន និង​ការឈឺចាប់​នាពេលនោះ។​



ពុក​នៅ​ចាំបាន​យ៉ាងច្បាស់​ថា ក្រោយ​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៦ ក្រោយពេល​កូន​ប្រសូត​ចាក​ផ្ទៃ​ម្ដាយ​កូន គ្រូពេទ្យ​បានធ្វើ​ឲ្យ​កូន​របូត​ធ្លាក់​ពី​ដៃ​ត្រូវ​នឹង​ជ្រុង​គ្រែ​ធ្វើ​ឲ្យ​កូន​បាក់ឆ្អឹង​ខ្នង​ធ្លាក់​ដល់​ដី​ គាប់​ជួន​ពុក​បានធ្វើ​ដំណើរ​ពី​ភូមិ​កោះ​ថ្ម​ឃុំ​ទ​ន្លូ​ង ទៅដល់​មន្ទីរពេទ្យ​តំបន់​ដែល​តាំងនៅ​អតីត​អនុវិទ្យាល័យ​ស្រុក​មេមត់​។

ម្តាយកូន​ឆ្លងទន្លេ​ម្នាក់ឯង​ដោយ​មិនមាន​ពុក​នៅ​មើលថែ​ទេ​។ ពុក​មិនបាន​បំពេញការងារ​ជា​ប្តី ជា​ឪពុក​ទេ ព្រោះ​ពេលនោះ​មិនថាតែ​ពុក​នោះទេ គឺ​ប្រជាជន​ទូទាំងប្រទេស​មាន​សិទ្ធិ​តិចជាង​សត្វ​ឆ្កែ ​ឬ​ឆ្មា​ទៅទៀត​។ ឆ្កែ ឆ្មា​វា​មាន​សិទ្ធិ​ការពារ​កូន​វា​ច្រើនជាង​មនុស្ស​។ តែ​ដូច​ទេវតា​បាន​ជួយ​រៀបចំឲ្យ​ពុក​បានធ្វើ​ដំណើរ​ជាមួយ​មេបញ្ជាការ​ទៅកាន់​ស្រុក​ត្បូងឃ្មុំ​នាពេលនោះ ដែល​ពុក​មានឱកាស​ចូល​មើល ម្តាយ​កូន​នៅ​មន្ទីរពេទ្យ​ប្រចាំ​ស្រុក​មេមត់​។​

ភាព​តក់ស្លុត​បានកើត​ឡើង​ចំពោះ​រូប​ពុក​នៅពេលដែល​ពុក​ឈាន​ជើង​ចូលដល់​មន្ទីរពេទ្យ ហើយ​ត្រូវ​អ្នក​ជំងឺ​ដែល​សម្រាក​ជាមួយ​ម្ដាយ​កូន​ស្រែក​ប្រាប់ថា “​រ៉ានី​ឆ្លងទន្លេ ហើយ​កូន​ស្លាប់​ហើយ​”​។ ពុក​ប្រឹង​រត់ទៅរក​កូន​ឃើញ​ឈាម​កូន​កំពុង​ហូរ​ចេញ​តាម​មាត់ ពុក​ប្រឹង​ស្រែក​ឲ្យ​គេ​ជួយ​ដើម្បី​សង្គ្រោះ​ជីវិត​កូន ក្នុងពេលដែល​ម្តាយកូន​សន្លប់​មិនទាន់​ដឹងខ្លួន និង​មិនទាន់​ដឹង​ថា​កូន​ស្លាប់​នៅឡើយ អាស្រ័យ​ដោយ​នៅ​បន្ទប់​ផ្សេងគ្នា​។​

ពុក​អត់​ធ្វើ​អ្វី​បានទេ​កូន ពុក​បាន​សុំ​មេបញ្ជាការ​ឃោរឃៅ ដើម្បី​យក​ស​ព​កូន​ទៅ​កប់​ និង​នៅ​មើលថែ​ទាំ ម្តាយកូន​ក្រោយ​ឆ្លងទន្លេ​។ មិន​ត្រឹមតែ​មិន​បាន​ទទួល​ការអនុញ្ញាត​ប៉ុណ្ណោះ​ទេ តែ​ពុក​ត្រូវ​រង​នូវ​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​ផង “ កម្មសិទ្ធិ​មនោសញ្ចេតនា​ក្រាស់​” “ មិត្ត​ឯង​មិនមែន​គ្រូពេទ្យ​ទេ​” “ បើ​មិត្ត​ឯង​នៅ ក៏​អា​កូន​នេះ​មិន​រស់​ឡើងវិញ​ដែរ​” “​មាន​ពេទ្យ​យក​ខ្មោច​កូន​នេះ​ទៅ​កប់​ហើយ មិនបាច់​កប់​ខ្លួនឯង​ទេ​” “​ការងារ​អង្គការ​សំខាន់​ជាង​ការងារ​បុគ្គល​” ។​ល​។​



ឈឺចាប់​ណាស់​កូន តែ​ពុក​ត្រូវ​ទ្រាំ​អត់ធ្មត់​ព្រោះ​ការងារ​ដែល​ពុក​ត្រូវធ្វើ គឺ​រំដោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចេញពី​របប​ឃោរឃៅ​នេះ​។ ពុក​ពុំមាន​អ្វី​ផ្តល់​ឲ្យ​កូន​ក្រៅតែ​ពី​ក្រមា​១ ដែល​ដោះ​ចេញពី​ ក​ ពុក​ដើម្បី​រុំ​ខ្មោច​កូន​នោះ​ទេ​។

ពុក​ខំប្រឹង​ទៅរក​ម្តាយកូន​ដែល​ទើប​ដឹងខ្លួន​បន្ទាប់ពី​សន្លប់ ហើយ​ប្រាប់​គាត់​ថា កូន​ស្លាប់​ហើយ និង​ដាក់​ឈ្មោះ​កូន​ថា “​កំសត់​”​។ ឈ្មោះ​នេះ​នៅ​ជាប់​ជានិច្ច​ក្នុង​វិញ្ញាណ​ពុក ហើយ​កូន កំសត់​នេះ​ហាក់​តាម​ថែរក្សា​ពុក​ម៉ែ​គ្រប់ពេលវេលា​។​

ពួកគេ​បង្ខំ​ឲ្យ​ពុក​ចាក​ចេញពី​ម្តាយកូន​ និង​ខ្មោច​កូន​ទាំង​ការឈឺចាប់​ជាមួយ​ទឹកភ្នែក​រាប់ម៉ឺន​ដំណក់​។ ៣​ថ្ងៃ​ក្រោយមក​ ទើប​ពុក​បានការ​អនុញ្ញាត​ទៅ​ជួប​ម្តាយកូន​សាជាថ្មី​ដែល​កំពុងមាន​ជំងឺ​ជា​ទម្ងន់ ដែល​ខ្មែរ​យើង​និយម​ហៅថា ”​សល់​សុក​”​។ ពុក​ត្រូវយក​ម្តាយកូន​ចេញពី​ពេទ្យ​ដើម្បី​ឲ្យ​ឆ្មប​បូរាណ​ខ្មែរ​កាយ​ទម្លាក់​សុក​ចេញ ទើប​សង្គ្រោះ​ជីវិត​ម្ដាយកូន​បាន​។ ពុក​សុំទោស​កូន ដែល​ពុក​មិនដឹងថា សាក​សព​កូន​គេ​យកទៅ​កប់ ឬ​បោះចោល​នៅទីណា ព្រោះ​ការងារ​បន្ទាន់​របស់​ពុ​ក គឺ​ត្រូវយក​ម្តាយកូន​ចេញ​ពី​មន្ទីរពេទ្យ​ទៅ​ព្យាបាល​តាមបែប​បូរាណ​វិញ​។ ពុក​ពុំមាន​ពេល​ស្វែងរក​សាកសព​កូន​នៅពេល​នោះទេ សង្ឃឹមថា​កូន​យោគយល់ ហើយ​មក​នៅ​ផ្នូរ​ដែល​ពុក​ម៉ែ​បាន​សាងសង់​សម្រាប់​កូន​តាំងពី​ទសវត្ស​ឆ្នាំ​១៩៨០ មក​។​

រៀងរាល់​ពេលដែល​ពុក​នឹក​ដល់​រឿង​ដ៏​ឈឺចាប់​នេះ ទឹកភ្នែក​ពុក​តែងតែ​ហូរ​ចេញមក នេះ​ជា​ទឹកភ្នែក​នឹក​ដល់​កូន​ កំសត់ ជា​ទឹកភ្នែក​នឹក​ដល់​ការឈឺចាប់​លើសពី​ការអត់ធ្មត់​បាន​របស់​មនុស្ស ជា​ទឹកភ្នែក​នឹក​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​ត្រូវ​ពួក​ប៉ុលពត សម្លាប់ និង​ធ្វើបាប​ដូច​ក្រុមគ្រួសារ​យើង​ដែរ​។​

កន្លងមក​ប្អូនប្រុស​ ប្អូនស្រី និង​ក្មួយៗ​របស់​កូន​បាន​ទៅដល់​ផ្នូរ​កូន ហើយ​ពុក​ម៉ែ​ក៏បាន​រៀបចំ​បង្សុ​កូល​ឲ្យ​កូន​ផងដែរ​។ កូន កំសត់ សូម​ព្រលឹង​កូន​បន្ត​តាម​ថែរក្សា​ពុក ម៉ែ ប្អូនៗ និង​ក្មួយៗ​របស់​កូន​តទៅទៀត​។​

ពុក​នៅតែ​សូម​ការយោគយល់​ពី​កូន​ដែល​មិនបាន​យកស​ពកូន​ទៅ​បញ្ចុះ​ដោយ​ខ្លួនឯង​។ ពុក​ត្រូវ​អត់​ធ្មត់ និង​ធ្វើតាម​បញ្ជា​របស់​ពួក​ឃាតក តែ​ការអត់ធ្មត់​នោះ​ហើយ​ដែល​រក្សា​ជីវិត​ពុក និង​ម៉ែកូន ព្រម​ទាំង​ផ្តល់​ឱកាស​ឲ្យ​ពុក​រួមចំណែក​ដឹកនាំ​ចលនា​តស៊ូ​រំដោះ​ជាតិ និង​ប្រជាជន​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​កសាង​ប្រទេស​បាន​រីកចម្រើន​រហូត​សព្វថ្ងៃ​។​

ថ្ងៃនេះ​ គឺជា​ថ្ងៃ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ ពុក​គួរតែ​សប្បាយ ប៉ុន្តែ​ការឈឺចាប់​បន្ត​យាយី​អារម្មណ៍​របស់​ពុក​ជានិច្ច​។ មានតែ​ពេល​ពុក​ស្លាប់​ប៉ុណ្ណោះ ទើប​អាច​បញ្ចប់​ការឈឺចាប់​នេះ​បាន​៕





 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu