ខ្សែប្រយុទ្ធ ឡុង ភារ៉ាត់ បានសម្រេចចាកចេញពីក្រុមចាស់សូលទីឡូអង្គរ ទៅចូលរួមជាមួយក្រុមថ្មីអង្គរថាយហ្គឺរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប និងជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ជាមួយគ្នាកាលពីពេលថ្មីៗ ខណៈកីឡាករូបនេះហាក់មិនសូវបានបង្ហាញខ្លួននោះទេ ជាមួយក្រុមចាស់កាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅ។
កីឡាករវ័យ២០ឆ្នាំរូបនេះបានលើកឡើងពីការផ្លាស់ប្តូរក្លិបរបស់ខ្លួនថា៖ «ខ្ញុំសប្បាយចិត្តដែលបានចូលរួមជាមួយអង្គរថៃហ្គឺរ។ កត្តាដែលខ្ញុំសម្រេចចិត្តចូលរួមនៅក្លិបថ្មីនេះ ព្រោះខ្ញុំឃើញថា ថ្នាក់ដឹកនាំ និងគ្រូបង្វឹក ព្រមទាំងបុគ្គលិកអី គេខ្វាយខ្វល់ពីកីឡាករ និយាយរួម គឺការរៀបចំល្អ»។ កីឡាកររូបនេះបានតាំងចិត្តថារូបគេនឹងព្យាយាមអស់ពីសមត្ថភាពសម្រាប់ទ្រនំថ្មីមួយនេះ។
គេនៅចាំថាកីឡាករ ឡុង ភារ៉ាត់ បានផ្ដើមអាជីពបាល់ទាត់នៅថ្នាលយុវជនភ្នំពេញក្រោន មុនចូលរួមជាមួយក្រុមវេស្ទើនភ្នំពេញ នៅឆ្នាំ២០១៦ ចូលដល់ឆ្នាំ២០១៨ រូបគេបានធ្វើដំណើរពីទៅកាន់ទឹកដីខេត្តសៀមរាប ដោយចូលរួម ជាមួយក្រុមសូលទីឡូអង្គរ។ ក្រៅពីនោះរូបគេក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំនៅឆ្នាំ២០១៨នេះផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្លិបអង្គរថាយហ្គឺរ កាលពីដើមខែវិច្ឆិកា បានបញ្ជាក់ថាក្លិបបានសម្រេចចិត្តចុះកិច្ចសន្យាជាមួយកីឡាករទាំង៣រូប ក្នុងនោះមានអតីតកីឡាកររបស់គូប្រជែងក្នុងកីឡាករ ឡុង ភារ៉ាត់ និង ខ្សែប្រយុទ្ធវ័យក្មេង ឈឿន ពិសិដ្ឋ ដែលអ្នកទាំងពីរ សុទ្ធតែផ្ទេរមកពីក្លិប សូលទីឡូអង្គរ។ ចំណែកមួយរូបទៀតវិញ គឺជាអ្នកចាំទីយុវជនរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យី ប៊ុនហេង ដែលទើបបញ្ចប់កិច្ចសន្យាជាមួយក្លិបចាស់កាលពីពេលថ្មីៗ៕
Source: Kampuchea Thmey Daily
0 Comments