ការប្រកួតជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកលេខ១ គូបូតា ទម្ងន់៥៤គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាការប្រកួតជុំទី៤ នោះ រិទ្ធ អាទិត្យ ក្លិបអាណាចក្រគុនខ្មែរ និងផាន ផាត់យុទ្ធ អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានវាយចាញ់ឡាវទាំងពីរនាក់។
រិទ្ធ អាទិត្យ គេវាយចាញ់អ្នកប្រដាល់ថៃ Anuntasak Site Phukhorngyus ដោយពិន្ទុ ហើយ ផាន ផាត់យុទ្ធ វាយចាញ់អ្នកប្រដាល់ថៃ Kaoreanghom Pctchchinda ដោយពិន្ទុដែរ។
ក្នុង៥ទឹក អ្នកប្រដាល់ថៃ Anuntasak Site Phukhorngyus បានវាយចេញមុន រិទ្ធ អាទិត្យ ជានិច្ច ដែលធ្វើឲ្យ អាទិត្យ ចាញ់ពិន្ទុ។ រិទ្ធ អាទិត្យ ក្រោយចាញ់ Anuntasak នេះ គេនឹងត្រូវហាលអាវខ្ទាតចេញពីការប្រកួតនេះហើយ បើទោះជានៅសល់មួយប្រកួតទៀតក្ដី ព្រោះគេវាយចាញ់៤ប្រកួតទៅហើយ ក្នុងការប្រកួតជម្រុះ៤ជុំនេះ។ ចំណែក Anuntasak គេមានផ្លូវអ៊ុតជាមួយកីឡាករក្នុងពូល ដោយសារគេឆ្លងកាត់៥ប្រកួតកន្លងមកនោះ គេវាយឈ្នះ២ និង ចាញ់៣ ប្រកួត មាន៩ពិន្ទុ នោះ។
ចំពោះការប្រកួតរបស់ ផាន ផាត់យុទ្ធ ក៏មិនខុសគ្នាប៉ុន្មានដូចការប្រកួតរបស់ រិទ្ធ អាទិត្យ ដែរ។ គេវាយចាញ់អ្នកប្រដាល់ថៃ Kaoreanghom Pctchchinda ដោយពិន្ទុ ដោយក្នុងការប្រកួត៥ទឹកនោះ ផាន ផាត់យុទ្ធ មិនអាចយកឈ្នះ Kaoreanghom បានឡើយ ទោះបីជាគេបានវាយចេញច្រើនក៏ដោយ ក៏ការវាយរបស់គេខុសគោលដៅ និងត្រូវអ្នកប្រដាល់ថៃនោះ ទប់បានទាំងអស់។
ជាមួយនឹងលទ្ធផលនេះ ផាន ផាត់យុទ្ធ បាន១០ពិន្ទុ ក្នុង៤ប្រកួត ហើយអ្នកប្រដាល់ថៃ Kaoreanghom គេបាន៨ពិន្ទុ ក្នុងការប្រកួត៤ ប្រកួតដូចគ្នាគឺឈ្នះ២ ចាញ់២ប្រកួត។
សូមបញ្ជាក់ថា កីឡាករខ្លាំងទាំង១០រូប ដែលចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់គូបូតារដូវកាលថ្មី ទម្ងន់៥៤គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៥រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ-ឡាវ ៥ រូប ចូលរួមវាយដណ្ដើមយកខ្សែក្រវាត់នេះ។
អ្នកប្រដាល់មួយរូបៗ ទាំងខ្មែរ ទាំងថៃ និងឡាវ គឺត្រូវឆ្លងកាត់ការប្រកួតក្នុងម្នាក់ៗ ចំនួន៤ប្រកួតម្នាក់ ហើយអ្នកដែលមានពិន្ទុច្រើន២រូបក្នុងមួយពូល ទាំងពូលខ្មែរ និង ពូលថៃ-ឡាវ នឹងត្រូវបានឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ។
ដោយឡែក ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ជ័រ ពៅ អ្នកប្រដាល់ក្លិបថ្មគោលពោធិសែនជ័យ បានប្រកួតឈ្នះ មាឃ វណ្ណារ៉ា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី ដោយពិន្ទុ ហើយអេលីត សុខទៀង អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ បានផ្ដួលយកឈ្នះ ម៉ិល សារុន អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ក្នុងទឹកទី៣៕
Source: Kampuchea Thmey Daily
0 Comments