Ad Code

ព្រះមហាក្សត្រ​ខ្មែរ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លាត​វៃ​ បាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ និង​កិត្យានុភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​



ភ្នំពេញ ៖ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​នៅក្នុង​ទិវា​បុណ្យ ឯករាជ្យ​ជាតិ​ខួប ៦៥ ឆ្នាំ ថ្ងៃ ៩ វិច្ឆិកា ២០១៨ បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​សម្តេច​អគ្គមហាសេនា​ប តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ដ៏​ឆ្លាត​វៃ បានដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹម​ត្រូវបាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ​មាន​កិត្យានុភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។​



នៅក្នុង​ព្រះរាជ​សុន្ទរកថា​ពីលើ​វេទិកា​ច័ន្ទ​ឆាយា ព្រះមហាក្សត្រ​ខ្មែរ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជបន្ទូល​ថា​៖ «​រយៈពេល​កន្លងមកនេះ​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​មានការ​ប្រែប្រួល​មុខមាត់​ថ្មី​គួរ​ឲ្យ​កោតសរសើរ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដ៏​ឆ្លាត​វៃ បានដាក់​ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹម​ត្រូវបាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ មាន​កិត្យានុភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​»​។​

​ក្នុង​ព្រះរាជ​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នោះ ព្រះមហាក្សត្រ​ខ្មែរ បាន​រំលឹក​ពី​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ និង​ព្រះ​បូជនីយកិច្ច​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ វររាជ​បី​តា​ឯករាជ្យ​ជាតិខ្មែរ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ពី​នឹម​អាណានិគម​បារាំង​។​



ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ក៏បាន​មាន​ព្រះរាជបន្ទូល​បង្ហាញ​ការ​ពេញ​ទឹក​ព្រះទ័យ​ចំពោះ​វឌ្ឍនភាព​ជាតិ សេចក្តីសុខក្សេមក្សាន្ត និង​ការរក្សាបាន​នូវ​សុខសន្តិភាព​ក្នុង​មាតុភូមិ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ផងដែរ​។ ជាពិសេស​ព្រះមហាក្សត្រ​បានបង្ហាញ​ការ​ពេញ​ព្រះទ័យ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានធ្វើ​ឲ្យ​ជាតិ​កម្ពុជា​ទទួលបាន​សុខសន្តិភាព​ពេញលេញ នាំមក​នូវ​ភាព​រីកចម្រើន និង​ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

នៅក្នុង​ព្រះរាជ​សុន្ទរកថា​ថ្លែង​ទៅកាន់​ជនរួមជាតិ​ពីលើ​វេទិកា ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ព្រះរាជបន្ទូល​វាយតម្លៃ​ខ្ពស់​ចំពោះ​សុន្ទរកថា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ថា គឺមាន​អត្ថន័យ​និង​ខ្លឹមសារ​ជ្រាលជ្រៅ​ណាស់ ដែល​ព្រះអង្គ​សូម​អបអរសាទរ និង​កោតសរសើរ​និង​គាំទ្រ​ហើយ​សូម​ចាត់ទុកថា នេះ​ជា​សារ​នយោបាយ​មួយ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​វាយតម្លៃ​សភាពការណ៍​សង្គមជាតិ​យើង និង​សភាពការណ៍​អន្តរជាតិ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច ក្នុងការ​អភិវឌ្ឍ កែប្រែ​មាតុភូមិ​កម្ពុជា​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សំដៅ​កាត់ បន្ថយ​ភាពក្រីក្រ​ជា​បន្តបន្ទាប់​។​



​ក្នុង​មហា​អង្គ​មី​ទ្ទីង​ដ៏​មហោឡា​រឹក​នា​ព្រឹក​មិញ​នេះ អង្គ​ព្រះមហាក្សត្រ​ខ្មែរ ក៏បាន​បង្ហាញ​ទឹក​ព្រះទ័យ​សង្ឃឹម​និង​ជឿជាក់ មាតុភូមិ និង​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តីសង្ឃឹម​ខ្ពស់​រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដែល​ធានាបាន​ឯកភាព​ជាតិ​ដ៏​រឹងមាំ​ក្រោម​ទង់​ដ៏​ជាញជ័យ នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង​បារមី​ព្រះ​បរម​ក្សត្រ​ដែលជា​បុព្វបុរស​ជាតិ ជា​ស្ថាបនិក​ដ៏​ល្បីល្បាញ​នៃ​ការកសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណីត​ស្ថិតនៅ​ស្កឹមស្កៃ​ស្ថិតនៅ​គ្រប់ទិសទី​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ជាពិសេស​មាតុភូមិ​ដែលជា​កេរ​មរតក​ដ៏​ល​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នេះ នឹង​ពុំ​អាចមាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​បានឡើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​មហា​អង្គ​មិ​ទ្ទីង​នេះ ក៏បាន​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ទៅកាន់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូស​រំលេច​ពី​ស្នា​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​វរ​រាជ្យ​បិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​តស៊ូ​ទាមទារ​ឯករាជ្យ និង​សិទ្ធិសេរីភាព​ពី​អាណានិគម​បារាំង​។ ដោយសារតែ​ថ្ងៃនេះ​ជា​ថ្ងៃកំណើត​កងកម្លាំងប្រដាប់អាវុធ​ដែរនោះ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​ថែរក្សា​ការពារ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រទេសជាតិ​។​



​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មហាជន​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស​ប្តេជ្ញា​បន្ត​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ជាតិ ឲ្យ​កាន់តែ​រីកចម្រើន និង​នាំមក​នូវ​ការរីកចម្រើន​សម្រាប់​ជាតិ​កម្ពុជា ដោយ​ឈរលើ​ស្មារតី និង​គោលការណ៍​សំខាន់ៗ​ចំនួន​៤​រួមមាន​៖

ទី​១. បន្ត​កសាង​ប្រទេសជាតិ​ឲ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ជាតិ​រឹងមាំ សីលធម៌​សង្គម សមធម៌ សេរីភាព និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដើម្បី​ជីវភាព​សម្បូរ​ណ៍ស​ប្បាយ​រុងរឿង​របស់​ប្រជាជន និង​ភាពសុខដុមរមនា​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​

​ទី​២. ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ លើកកម្ពស់​កិត្យានុភាព​ជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ ដែល​បង្ក​ឲ្យ​មាន​អស្ថេរភាព​នយោបាយ ឬ​ចលាចល​ក្នុង​សង្គមជាតិ​កម្ពុជា​។​

ទី​៣. បន្ត​ដោះស្រាយ​ព្រំដែន​គោក និង​ទឹក​ជាមួយ​ប្រទេសជិតខាង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ជំរុញ​អនុវត្តន៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យ​ទៅជា​ព្រំដែន​សន្តិភាព សន្តិភាព និង​សហប្រតិបត្តិការ និង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំងនឹង​ប្រទេសជិតខាង​។​

​ទី​៤. ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​រួមមាន​៖ ហិរញ្ញប្បទាន​ភេ​វរ​កម្ម ការសំអាត​ប្រាក់ ការជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បន្ត​ជំរុញ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​៕

​     

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu