តុលាការជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងត្បូងបានសម្រេចនៅថ្ងៃព្រហស្បតិ៍ថា សីលធម៌និងជំនឿខាងសាសនាគឺជាហេតុផលត្រឹមត្រូវដើម្បីបដិសេធការបំពេញកាតព្វកិច្ចយោធារបស់ប្រទេសដែលនេះជាករណីមួយដែលជាប់ពាក់ព័ន្ធនឹងអ្នកបដិសេធចូលបម្រើកងទ័ពរាប់ពាន់នាក់។
ជិត៦៥ឆ្នាំបន្ទាប់ពីចប់សង្គ្រាមកូរ៉េ ស្ទើរតែគ្រប់បុរសកូរ៉េទាំងអស់ដែលមានអាយុចន្លោះពី១៨ឆ្នាំទៅ៣៥ឆ្នាំគឺត្រូវតែបំពេញសេវាយោធារយៈពេលពីរឆ្នាំ។
អ្នកណាដែលមិនព្រមទទួលការហៅចូលគឺត្រូវទទួលទោសជាប់ពន្ធនាគាររយៈពេល១៨ខែហើយអ្នកបដិសេធចូលបម្រើសប្រហែល១៩,០០០នាក់បានជាប់គុកតាំងពីឆ្នាំ១៩៥០មកដោយភាគច្រើននៃពួកគេគឺជាសាក្សីរបស់ព្រះយេហូវ៉ាឬ Jehovah's Witness ។
ប៉ុន្តែតុលាការជាន់ខ្ពស់បានលុបចោលការផ្តន្ទាទោសអ្នកបដិសេធនៅថ្ងៃព្រហស្បតិ៍ប៉ុន្មានខែបន្ទាប់ពីសេចក្តីសម្រេចជាប្រវត្តិសាស្ត្ររបស់តុលាការរដ្ឋធម្មនុញ្ញដែលថា អាជ្ញាធរត្រូវផ្តល់ជម្រើសជំនួសដល់ការបម្រើកងទ័ព។
ក្នុងករណីថ្ងៃព្រហស្បតិ៍, Jehovah's Witness ម្នាក់មានត្រកូល Oh គឺត្រូវបានគេកោះហៅឲ្យចូលបម្រើកងទ័ពនៅឆ្នាំ២០១៣ប៉ុន្ដែបានបដិសេធហើយត្រូវគេរកឃើញថាមានទោសនិងបានចាញ់បណ្តឹងដំបូងចំពោះតុលាការជាន់ខ្ពស់។
ប្រធានចៅក្រម Kim Myeong-su បាននិយាយថា “នេះគឺជាគំនិតភាគច្រើនរបស់តុលាការកំពូលដែលថាការជំទាស់ដោយសារតែលទ្ធិគឺជាហេតុផលត្រឹមត្រូវដើម្បីបដិសេធការចូលបម្រើកងទ័ព”។ លោកបានបន្ថែមថាការផ្តន្ទាទោសអ្នកដែលបដិសេធដោយផ្អែកលើមូលដ្ឋាននៃជំនឿសាសនាគឺត្រូវបានចាត់ទុកថាជាឧបសគ្គហួសប្រមាណចំពោះសេរីភាពរបស់បុគ្គលម្នាក់ៗ។
ការសម្រេចនេះបានច្រានចោលសេចក្តីសម្រេចរបស់តុលាការកំពូលកាលពី១៤ឆ្នាំមុន។
យោងតាម Jehovah's Witnesses បានឲ្យដឹងថា មានករណីស្រដៀងគ្នានេះជាង៩០០ករណីកំពុងស្ថិតក្នុងរង់ចាំក្នុងប្រព័ន្ធយុត្ដិធម៌របស់ប្រទេសកូរ៉េខាងត្បូងខណៈមនុស្ស៩៦នាក់ផ្សេងទៀតកំពុងតែជាប់គុកដោយសារមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន៕ AFP
Source: Kampuchea Thmey Daily
0 Comments