Ad Code

លោក សែម បូរ៉ា អគ្គនាយក TNM ត្រូវ​បាន​ដោះលែង​ហើយ តែ​ស្ថិតនៅក្រោម​ការតាមដាន​របស់​តុលាការ​



​ភ្នំពេញ ៖ លោក សែម បូរ៉ា អគ្គនាយក​ទូរទស្សន៍​អន​ឡាញ TNM ត្រូវ​បាន​ដោះលែង​ហើយ ​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ តែ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ នេះ​បើតាម​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​។​

អគ្គនាយក​ទូរទស្សន៍​អន​ឡាញ TNM ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​២៦ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពង់ចាម បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ប្ដឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ពីបទ “​ឆបោក​ប្រាក់​” ពាក់ព័ន្ធ​បញ្ហា​ដី​ធ្លី​។

ទោះយ៉ាងណា ក្រោយពី​ការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ គេ​ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយចំនួន ដែល​អះអាង​ថា រស់នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ចេញមក​អបអរសាទរ​ផងដែរ​។​

លោក សែម បូរ៉ា បាន​ថ្លែង​ក្រោយពី​ចាកចេញ​ពី​តុលាការ​ថា “​នៅថ្ងៃនេះ​ខ្ញុំ​បានចេញ​ក្រៅ​ឃុំ សម្រេច​ដាក់​ឲ្យ​នៅក្រៅ​ឃុំ ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ហើយ​ជា​ចុងក្រោយ​ខ្ញុំ​អត់​មាន​ពាក្យ​ពេចន៍​អ្វី ដែល​ត្រូវ​ថ្លែង​អំណរគុណ​យ៉ាងណា​នោះ​ទេ គ្រាន់តែ​អគុណ​អ្នក​ដែល​បារម្ភ​ពី​ខ្ញុំបាទ ជា​ពិសេស​សូម​អគុណ​ដល់​ក្រុមគ្រួសា​ខ្ញុំ ភរិយា​ខ្ញុំ ព្រមទាំង​បងប្អូន​មិត្ត​រួម​អាជីព​ទាំងអស់ ​ ហើយ​ខ្ញុំ​សប្បាយចិត្ត សុំ​តែ​លើកដៃ​ថា ខ្ញុំ​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ​ហើយ​បាទ មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​...​ថ្ងៃ​ពុធ ម៉ោង​៤ ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ទៅតាម​នីតិវិធី តាម​ផ្លូវ​ច្បាប់​តុលាការ​”​។​

សូម​បញ្ជាក់​ថា លោក សែម បូរ៉ា អគ្គនាយក​ទូរទស្សន៍​អន​ឡាញ TNM ក្រោយពី​ចាប់ខ្លួន ត្រូវបាន​ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​ ពីបទ “​ឆបោក​” នេះ​បើតាម​ការ​បញ្ជាក់​របស់ ​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម ដែល​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨​។ រហូតមកដល់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ការិយាល័យ​កម្ពុជា​ថ្មី មិន​ទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ពី​ លោក សែម បូរ៉ា អគ្គនាយក​ស្ថាប័ន​ទូរទស្សន៍​អន​ឡាញ TNM បាន​នៅឡើយ​ទេ​។​

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ដែល​បាន​ដាក់​ជូន​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ក្រោយពី​ការចាប់ខ្លួន​នេះ លោក សែម បូរ៉ា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិត​ជា​បាន​យកលុយ​ចំនួន​៣​លើក​ពី​លោក ទេ​ព្យ ភារ​ម្យ មែន ដែល​មាន​ចំនួន​៦៥.៥០០​ដុល្លារ​។

តាម​របាយការណ៍​ប៉ូលិស លោក សែម បូរ៉ា បាន​ឆ្លើយ​សារភាព​យ៉ាងនេះ​ថា “​ខ្លួន​ពិតជា​បាន​ធ្វើជា​អ្នក​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ​ខាងលើ ដើម្បី​លក់​ដី​ទំហំ​៧,៩៧​ហិកតា នៅ​តំបន់​អញ្ចាញ ស្ថិតក្នុង​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​។

បន្ទាប់មក​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ក៏​ទទួល​បាន​ប្រាក់​កក់​ចំនួន​៨.០០០​ដុល្លារ បន្ទាប់មក​នៅ​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១៨ ឈ្មោះ សែម បូរ៉ា បាន​ទទួល​ប្រាក់​កក់​ពី​ឈ្មោះ ទេព ភារ​ម្យ ៣៩.៥០០​ដុល្លារ និង​នៅក្នុង​ខែកក្កដា​ដដែល​នេះ ក្រោយ​៤​ថ្ងៃ បាន​ទទួល​ប្រាក់​កក់​១៨.០០០​ដុល្លារ​ទៀត ពី​ឈ្មោះ ទេព ភារ​ម្យ​។ សរុប​ទាំងអស់​ប្រាក់​ដែល​ទទួល​បាន​ពី​ឈ្មោះ ទេព ភារ​ម្យ ទាំង​៣​លើក​មាន​ចំនួន​៦៥.៥០០​ដុល្លារ​...”​។​

ទាក់ទង​បញ្ហា​នេះ ក្រោយពី​ដោះលែង គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយក្រុម ដែល​អះអាងថា រស់នៅ​ភូមិ​ចុង ឃុំ​សំបូរ ស្រុក​បាធាយ ខេត្ត​កំពង់ចាម និង​បាន​ពឹងពាក់​ឲ្យ​លោក សែម បូរ៉ា ជួយ​ដោះស្រាយ​បញ្ហាដីធ្លី បាន​ចេញមក​អបអរសាទរ​ផង​ដែរ និង​បាន​លើកឡើងថា លោក សែម បូរ៉ា ត្រូវបាន​តុលាការ​ដោះលែង​មកវិញហើយ​។ ជាមួយគ្នា​នោះ ពួកគាត់​បាន​ថ្លែង​អំណរគុណ​អភិបាលខេត្ត​កំពង់​ចាម និង​ប្រធាន​តុលាការ​ផង​ដែរ ដែល​បាន​រក​យុត្តិធម៌​ដល់​លោក សែម បូរ៉ា ក៏ដូចជា​ពួកគាត់​ទាំង​៨​គ្រួសារ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu