Ad Code

ទួរគី​ ៖ លោក Khashoggi ត្រូវបាន​គេ​រឹត​.​ក​ និង “​កាត់​សាកសព​ជា​បំណែក​” នៅក្នុង​ស្ថាន​កុងស៊ុល



អ្នកកាសែត Jamal Khashoggi ត្រូវបាន​គេ​រឹត​.​ក​ភ្លាមៗ​នៅពេលដែល​គាត់​ចូល​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ ហើយ ​បន្ទាប់មក “​កាត់​សាកសព​ជា​បំណែក​”​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​រដ្ឋអាជ្ញា​របស់​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​ពុធ​ដែល​នេះ​ជាការ​ធ្វើ​សេចក្ដីលម្អិត​អំពី​ការសម្លាប់​ជា​សាធារណៈ​លើកដំបូង​។​

សេចក្តីថ្លែងការណ៍​មួយ​ពី​ការិយាល័យ​រដ្ឋអាជ្ញា Irfan Fidan បាន​និយាយថា កិច្ចប្រជុំ​ជាមួយ​សម​ភាគី​អារ៉ាប៊ីសាអ៊ូឌីត​របស់គាត់​ដែល​បានធ្វើ​ទស្សនកិច្ច​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅ​សប្តាហ៍​នេះ​គឺ​មិនបាន​នាំមក​នូវ​លទ្ធផល​ជាក់ស្តែង​ទេ​ស្តីពី​ការសម្លាប់​នេះដែ​លវា​ត្រូវបាន​គេ​បាន​និយាយថា គិតទុក​ជាមុន​។​

លោក Khashoggi ដែលជា​អ្នកកាសែត Washington Post អាយុ​៥៩​ឆ្នាំ​ត្រូវបាន​គេ​ធ្វើឃាត​បន្ទាប់ពី​ចូលក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​ដើម្បី​ទទួលយក​ឯកសារ​មុន​ពិធី​រៀប​មង្គលការ​នាពេលខាងមុខ​របស់គាត់​។ សាកសព​របស់គាត់​មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​ទេ​។​

សេចក្តីថ្លែងការណ៍​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ព្រះរាជអាជ្ញា​សាធារណៈ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​គាត់​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។​

អគ្គមេធាវី​អារ៉ាប៊ីសាអ៊ូឌីត​លោក Sheikh Saud al-Mojeb ត្រូវបាន​គេ​រាយការណ៍​ថា បាន​បដិសេធ​ចែករំលែក​ព័ត៌មាន​ពី​ការស៊ើបអង្កេត​ផ្ទាល់ខ្លួន​របស់​ទីក្រុង​រី​យ៉ា​ដ​។​

ការិយាល័យ​របស់​រដ្ឋ​អាជ្ញា​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យោងតាម​ផែនការ​ដែល​បានគិត​ទុកជាមុន ជនរងគ្រោះ​ឈ្មោះ Jamal Khashoggi ត្រូវបាន​គេ​រឹត​.​ក​ដល់​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ចូល​ស្ថាន​កុងស៊ុល​នៅ​ថ្ងៃទី​២​ខែតុលា​”​។​

ការិយាល័យ​បាន​បន្ថែមថា “​សាកសព​របស់​ជនរ​ង​គ្រោះ​ត្រូវបាន​គេ​កាត់​ជា​បំណែក​និង​កម្ទេច​បន្ទាប់ពី​ការស្លាប់​របស់គាត់​ដោយសារ​ថប់ដង្ហើម​ស្របតាម​ផែនការ​គិតទុក​ជាមុន​”​។​

ស្របពេល​ជាមួយគ្នា​នោះ អាជ្ញាធរ​ទួរគី​បាន​និយាយថា ពួកគេ​មិន​ពេញចិត្ត​ទាល់តែសោះ​បន្ទាប់ពី​កិច្ចចរចា​ជាមួយ​ព្រះរាជអាជ្ញា​អារ៉ាប៊ីសាអ៊ូឌីត​។​

លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​ជំរុញ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​ទីក្រុង​រី​យ៉ា​ដ​បង្ហាញ​ទីតាំង​នៃ​សាកសព​និង​អ្នក​ដែល​បញ្ជា​ឲ្យ​ធ្វើឡើង​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu