Ad Code

ស៊ិន យូ​ប៊ី​ន ក្ដៅ​ស្លឹក​ត្រចៀក ​ខណៈ​មាន​ការ​រិះគន់​លើ​ករណី​ដង្ហែ​បុណ្យ​កឋិនទាន ​នៅ​ប្រទេស​ថៃ​



ភ្នំពេញ​ ៖​ តារា​សម្ដែង​ស្រី​ភ្នែក​តឹង​ ចង្កា​ស្រួច​ស្រដៀង​កូនកាត់ ​កញ្ញា ស៊ិន យូ​ប៊ី​ន ថ្មីៗ​ត្រូវ​បាន​អ្នក​គាំទ្រ​ខ្មែរ​មួយ​ចំនួន​ ធ្វើការ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ ក្រោយពេល​បែក​ធ្លាយ​រូបភាព​ ដែល​ស្រី​ស្រស់​រូប​នេះ ​បាន​ធ្វើ​បុណ្យ​ដង្ហែ​កឋិនទាន​នៅ​លើ​ទឹកដី​ប្រទេស​ថៃ​។ ​ខណៈ​មានការ​ចោទសួរ​ថា ​តើ​នាង​ជា​កូន​ខ្មែរ​ ឬ​កូនកាត់​សាសន៍​ថៃ​។​

ស្រប​ពេល​ដែល​មានការ​រិះគន់ ​និង​មានការ​ចោទសួរ​នូវ​សំណួរ​ចាក់​ដោត​ចំ​បេះដូង​នេះ​ដែរ ​ភ្លាមៗ​នោះ​ បាន​ធ្វើ​តារា​ស្រី​មាន​មន្ត​ស្នេហ៍​ កញ្ញា ស៊ិន យូ​ប៊ី​ន ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប​ភ្លាម​ថា ​ការ​ធ្វើ​បុណ្យ​ចាំបាច់​ប្រកាន់​ពូជសាសន៍​ទើប​ធ្វើ​កើត​មែន​ទេ?​។​ នាង​ថា​ សម្រាប់​នាង​ការ​ធ្វើ​បុណ្យ​ គឺ​មិនចាំបាច់​រើស​ទី​កន្លែង​ ឬ​ប្រកាន់​ពូជសាសន៍​នោះ​ឡើយ​។​

ផ្អែក​តាមរយៈ​សំណេរ​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​ការ​ឆ្លើយតប​មតិ​រិះគន់​នេះ​តារា​ស្រី ​កញ្ញា ស៊ិន យូ​ប៊ី​ន បាន​លើកឡើងថា​ សាសនា ការ​គោរព ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ចាំបាច់​ត្រូវ​រើស​កន្លែង ចាំបាច់​ត្រូវ​រើស​ពូជសាសន៍? ជួយ​អធិប្បាយ​ឲ្យ​នាង​ខ្ញុំ​បាន​យល់​បន្តិច​ផង​អ្នក​ជ្រួតជ្រាប​ព្រះធម៌ ព្រោះ​នាង​ខ្ញុំ​ជា​មនុស្ស​មិនដែល​ប្រកាន់​សាសនា​ពូជសាសន៍​។ ទោះ​សាសនា​អ្វី ពូជសាសន៍​អ្វី នៅ​ប្រទេស​ណា​ក៏​ដោយ​ឲ្យ​តែ​ជាទី​សក្ការបូជា​នាង​ខ្ញុំ​គោរព​ទាំងអស់​។​

កញ្ញា ស៊ិន យូ​ប៊ី​ន បាន​បន្តថា ​សុំ​អភ័យទោស​បើ​និយាយ​ទៅ​មាន​ត្រង់ណា​ខុសឆ្គង ឬ ប៉ះពាល់​អារម្មណ៍​។ ​ពេលធ្វើ​បុណ្យ​ច្រើន​នៅ​ខ្មែរ គ្មាន​អ្នក​អើពើ​លើក​សរសើរ​ដ​ល់​ធ្វើបុណ្យ​នៅ​ស្រុក​គេ​បន្តិច​បន្តួច​សោះ មិនបាន​ពាក់កណ្ដាល​ធ្វើ​នៅ​ខ្មែរ​ផង បែរជា​យក​មក​ក្លាយ​ជា​ព័ត៌មាន​ព្រោងព្រាត សុទ្ធតែ​ប្រើ​ពាក្យ​ថា ខ្មែរ​មិន​ចេះ​ជួយ​ខ្មែរ​…​។​

តារា​សម្ដែង​ទឹកមុខ​ស្រទន់​មាន​មន្ត​ស្នេហ៍​ កញ្ញា ស៊ិន យូ​ប៊ី​ន បាន​បន្ថែម​ថា​ ពេល​នាង​ខ្ញុំ​ជួយ នាង​ខ្ញុំ​ក៏​មិនបាន​ផុស​អួត​ថា ជួយ​ដែរ អ៊ីចឹង​ហើយ ចូរ​កុំ​វិនិច្ឆ័យ​អ្នកដទៃ ចង្កៀង​ផ្ទះ​អ្នកណា​ភ្លឺ​ផ្ទះ​អ្នកនោះ​។​

មិនបាន​ខឹង​អ្នក​គិត​អគតិ​ តែ​មិន​ចង់​ឲ្យ​ពួកគេ​គិត​មិនល្អ​លើ​សាសនា ​និង​មិន​ចង់​ឲ្យ​រើសអើង​ពូជ​សាសន៍​…..​។

​ជាការ​ពិត​ប្រតិកម្ម​របស់​កញ្ញា ស៊ិន យូ​ប៊ី​ន ខាងលើនេះ​បាន​ផ្ទុះឡើង​ភ្លាមៗ​ក្រោយពេល​ទស្សនិកជន​ខ្មែរ​មួយចំនួន​បានធ្វើ​ការរិះគន់​ទន្ទឹម​ពេលដែល​រូបភាព​របស់​នាង​ត្រូវបាន​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្មីៗ​កន្លងមកនេះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu