Ad Code

ជប៉ុន​ បន្ត​ធ្វើ​ការងារ​នៅ​ទីតាំង​មាន​ជម្លោះ​សម្រាប់​ការ​រើ​មូលដ្ឋានទ័ព​អាមេរិក



នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​កណ្តាល​រប​ស់​ប្រទេស​ជប៉ុន​បាន​បន្ត​ធ្វើការ​ឡើងវិញ​នៅ​កន្លែង​រើ​ទីតាំង​មូលដ្ឋាន​យោធា​អាមេរិក​ ដែល​មាន​ជម្លោះ​មួយ​លើ​កោះ​អូ​គី​ណា​វ៉ា ​ថ្វីបើ​ប្រជាពលរដ្ឋ​មើល​ឃើញ​គម្រោង​នេះ​ថា​ ជា​ការ​ដាក់​ទីតាំង​គ្មាន​ប្រជាធិបតេយ្យ​លើ​កោះ​តូច​មួយ​នេះ​ក៏ដោយ។

លោក​Satoshi Shirakata អ្នកនាំពាក្យ​ការិយាល័យ​ការពារ​កោះ​អូ​គី​ណា​វ៉ា​ដែល​គ្រប់គ្រង​គម្រោង​នេះ​បាន​ថ្លែង​ថា ដំណាក់កាល​ដំបូង​នៃ​ការ​ចាក់ដី​បំពេញ​នៅ​តំបន់ Henoko លើ​ឆ្នេរ​ភាគ​ខាងកើត​របស់​កោះ​អូ​គី​ណា​វ៉ា​បានចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការសម្រេច​របស់​រដ្ឋាភិបាល​កណ្តាល​នៅ​សប្តាហ៍​នេះ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ការហាម​ឃាត់​លើ​ការងារ​ចាក់ដី​បំពេញ​នៅ​ទីតាំង​នេះ។

កម្មករសំណង់​កំពុង​រៀបចំ​ស្ពាន​បណ្តែត​ទឹក​ដោយ​ប្រើប្រាស់​ដង​ស្ទូច​ដើម្បី​កត់សំគាល់​តំបន់​ចាក់ដី​បំពេញ​ដែល​បាន​ហាមឃាត់​ចំពោះ​សាធារណជន​ខណៈ​ក្រុមអ្នកតវ៉ា​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទូក​នៅ​ជិត​នោះ​ហើយ​បាតុករ​រាប់សិប​នាក់​ទៀត​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​មូលដ្ឋាន​អាមេរិក​នៅក្បែរនោះ​ដើម្បី​តវ៉ា។

នៅ​ចំ​កណ្ដាល​នៃ​ការទាស់ទែង​គ្នា​គឺជា​ផែនការ​អាយុកាល​រាប់​ទសវត្សរ៍​មួយ​ក្នុងការ​រើ​ស្ថានីយ​អាកាស Marine Corps ពី​តំបន់ Futenma ដែលមាន​ប្រជាជន​ច្រើន​នៅ​ភាគខាងត្បូង​នៃ​កោះ​នេះ​ទៅកាន់​តំបន់ Henoko ដែលមាន​មនុស្ស​តិច​នៅ​ឆ្នេរសមុទ្រ​ខាងកើត។

អ្នក​កោះ​អូ​គី​ណា​វ៉ា​ជាច្រើន​បាន​និយាយថា វត្តមាន​កងទ័ព​អាមេរិក​ច្រើនពេក​នៅលើ​កោះ​នេះ​គឺមាន​បន្ទុក​រួចទៅហើយ ហើយ​ពួកគេ​ចង់​ឲ្យ​ស្ថានីយ​អវកាស​នេះ​ចេញពី​កោះ​ទាំងស្រុង​។​

អភិបាល​កោះ​អូ​គី​ណា​វ៉ា​លោក Denny Tamaki ដែល​ទើប​ឡើងកាន់តំណែង​កាលពី​មួយខែ​មុន​បាន​ជំរុញ​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe និង​មន្ត្រី​រដ្ឋាភិបាលកណ្តាល​ផ្សេងទៀត​ឲ្យ​បញ្ឈប់​គម្រោង​នៅ Henoko និង​កាត់បន្ថយ​បន្ទុក​របស់​កោះ​អូ​គី​ណា​វ៉ា​។​

ការផ្លាស់ប្តូរ​ទីតាំង​ស្ថានីយ​អាកាស Futenma ត្រូវបាន​គ្រោងទុក​បន្ទា​ប់​ពី​មានការ​រំលោភ​សេពសន្ថវៈ​ឆ្នាំ​១៩៩៥​លើ​ក្មេងស្រី​សិស្សសាលា​ម្នាក់​ដែល​ក្នុងនោះ​ទាហាន​អាមេរិក​បីនាក់​ត្រូវបាន​ផ្តន្ទាទោស​។ ករណីនេះ​បាន​បញ្ឆេះ​ឲ្យ​មានការ​ប្រឆាំង​ពី​អ្នក​កោះ​អូ​គី​ណា​វ៉ា​ចំពោះ​មូលដ្ឋានទ័ព​អាមេរិក​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu