ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានអះអាងថា ទណ្ឌិតចំនួន៥២៣នាក់ ត្រូវបានស្នើសុំមកគណៈកម្មាធិការថ្នាក់ជាតិត្រួតពិនិត្យបន្ធូរបន្ថយ និងលើកលែងទោស ដើម្បីពិនិត្យសុំបន្ធូរបន្ថយ និងលើកលែងទោសសម្រាប់បុណ្យអុំទូក។
លោក សុច សុផាន់ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋាន នៃកិច្ចព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានឲ្យដឹងនារសៀលថ្ងៃទី៣១ ខែតុលា នាទីស្ដីការក្រសួងយុត្តិធម៌ថា គណៈកម្មាធិការថ្នាក់ជាតិត្រួតពិនិត្យបន្ធូរបន្ថយ និងលើកលែងទោស ដែលមាន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធានបានបើកកិច្ចប្រជុំពិនិត្យលើសំណើសុំបន្ធូរបន្ថយទោសសម្រាប់ថ្ងៃបុណ្យអុំទូក អកអំបុកសំពះព្រះខែ នៅពេលខាងមុខនេះ។
លោក សុច សុផាន់ណារ៉ា បានឲ្យដឹងសម្រាប់កិច្ចប្រជុំនេះមានទណ្ឌិតចំនួន៥២៣នាក់ ក្នុងនោះស្រីមានចំនួន៣៧នាក់ មកពីពន្ធនាគារខេត្តក្រុងចំនួន២៤ និងមណ្ឌលអប់រំកែប្រែចំនួន៤។
លោកក៏បានឲ្យដឹងថា ឆ្នាំនេះ ជាឆ្នាំមួយប្រសើរណាស់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រសួងយុត្តិធម៌ពិនិត្យទៅពិធីបីបន្ថែមទៀត ដើម្បីស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិត។
លោកបន្ថែមថា ជាធម្មតាការលើកលើង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតមានតែនៅក្នុងពិធីបុណ្យធំៗចំនួន៣តែប៉ុណ្ណោះ ក្នុងនោះមានបុណ្យចូលឆ្នាំ បុណ្យវិសាខបូជា និងបុណ្យអុំទូក។ ពេលនេះសម្ដេចតេជោ បានស្នើសុំក្នុងពិធីបុណ្យ៣បន្ថែមទៀត គឺបុណ្យ ១. ភ្ជុំបិណ្ឌ ,២.បុណ្យឯករាជ្យជាតិ និង៣.ទិវាឈ្នះឈ្នះ២៩ធ្នូ។
លោកបញ្ជាក់ថា «ការលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតបានពិនិត្យលើកគោលការណ៍មនុស្សធម៌ ទៅលើក ៖ ទី១.ទណ្ឌិតណាដែលចាស់ជរា មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ទី២.ទណ្ឌិតដែលមានជំងឺធ្ងន់ធ្ងរប្រចាំខ្លួន នៅក្នុងពន្ធនាគារ។ ទី៣.ទណ្ឌិតជាស្ត្រីដែលមានកូននៅក្នុងពន្ធនាគារ និងទី៤. ទណ្ឌិតដែលគោរពគោលការណ៍ច្បាប់អនុវត្តទោស បាន២ ភាគ៣ បានលើកលែងទោស និង១ភាគ៣ទទួលបានបន្ធូរបន្ថយ លើកលែងទោស»។
លោកបញ្ជាក់ថា ទោះបីជាទណ្ឌិតដែលបានដាក់ស្នើសុំមកមានលក្ខខណ្ឌគ្រប់គ្រាន់យ៉ាងណាក្តី ក៏ត្រូវពិនិត្យឲ្យល្អិតទាក់ទង ទី១.ឯកសារមានសាលក្រម សាលដីកាស្ថាពរ ទី២.ការកែប្រែខ្លួននៅក្នុងពន្ធនាគារ។
ផ្ទុយទៅវិញ ប្រសិនបើគណៈកម្មាធិការថ្នាក់ជាតិពិនិត្យ ឃើញថាទណ្ឌិតមិនបានរាងចាល ហើយអង្កេតក្នុងសំណុំរឿងមាន ការព្ជស្សនៈកម្មសា យ៉ាវ ឬធ្ងន់ធ្ងរ នោះ គណៈកម្មាធិការថ្នាក់ជាតិ មិនពិនិត្យសំណើនោះទេ។
ក្នុងករណីដែលទណ្ឌិតដែលត្រូវបានលើកលែងទោសរួចហើយបានប្រព្រឹត្តិបទល្មើស ដែលជាបទល្មើសមិនរាងចាលនោះនឹងមិនពិនិត្យនោះទេ។ ទណ្ឌិតដែលមិនរាងចាលនោះ នឹងត្រូវអនុវត្តទោសបន្តទៀតតាមច្បាប់កំណត់។
សម្រាប់ការស្នើសុំលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិតមិនបានស្នើសុំមានចំនួនដូចគ្នានោះទេ ដោយខេត្តខ្លះមានចំនួន១០នាក់ ២០នាក់ …។ ដូច្នេះការស្នើសុំមិនដូចគ្នាទេ។
លោកបញ្ជាក់ថា «គណៈកម្មាធិការថ្នាក់ជាតិបានពិនិត្យល្អិតល្អន់លើកឯកសារ សាលក្រម សាលដីកា និងតារាងពីគណៈកម្មការថ្នាក់ រួមតាំងរបាយការណ៍ផ្ទាល់ខ្លួនរបស់ទណ្ឌិត»។
លោក អ៊ុច ពង្សអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានឲ្យដឹងថា ទណ្ឌិតដែរជាប់ពន្ធនាគារនៅទូទាំងប្រទេស មានប្រមាណ៣១.២២៦នាក់ ក្នុងនោះ ស្រី២.៦៦៣នាក់។
បច្ចុប្បន្ននេះ ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារបានកំពុងតែកើតមាន ប៉ុន្តែខាងពន្ធនាគារ កំពុងតែដោះស្រាយជាបន្តបន្ទាប់៕
Source: Kampuchea Thmey Daily
0 Comments