ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញនិងទឹកចិត្តដល់ផលិតករវ័យក្មេងទាំងអស់ខិតខំប្រឹងប្រែងផលិតរឿងឲ្យបានច្រើនថែមទៀតដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យលើវិថីសិល្បៈនាពេលអនាគត។
លោកស្រី ភឿង សកុណា បានលើកឡើងបែបនេះ នៅក្នុងពិធីបើការប្រកួត មហោស្រពភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី២ជាផ្លូវការកាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នៅសន្និសីទសាលចតុមុខ។
លោកស្រី ភឿង សកុណា បានឲ្យដឹងថា ក្រសួងវប្បធម៌ចាត់ទុកការរៀបចំមហោស្រពជាតិខ្នាតខ្លីកម្ពុជាលើកទី២នេះ ពិតជាមានសារៈសំខាន់ក្នុងការផ្ដល់ឱកាស និងការគាំទ្រដល់យុវជនកម្ពុជា ក្នុងការអភិវឌ្ឍន៍គំនិតច្នៃប្រឌិត និងជាការបង្កើតទស្សនទានថ្មីៗ ដើម្បីបង្កើតស្នាដៃភាពយន្តប្រកបដោយទេពកោសល្យចូលរួមប្រកួតប្រជែង។
លោកស្រីបានបន្ដទៀតថា កន្លងមកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំស្វះស្វែងរកដៃគូសហការ បង្កើតសាលបណ្ដុះបណ្ដាលរយៈពេលខ្លី លើមុខវិជ្ជាជីវៈពាក់ព័ន្ធនានាលើវិស័យភាពយន្ត ពិសេសក្រសួងបានជំរុញ និងគាំទ្រឲ្យមានការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញ របស់វិស័យឯកជនផងដែរ។
លោកស្រីបានបន្ថែមឲ្យដឹងថា «ខ្ញុំសង្ឃឹមថាក្មួយៗផលិតករទាំងអស់នឹងក្លាយជា ធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ ឧស្សាហកម្មខ្សែភាពយន្តកម្ពុជានាថ្ងៃអនាគត។ ជាមួយគ្នានេះខ្ញុំសូមអំពាវនាវ ដល់ផលិតករវ័យក្មេងបន្ដខិតខំប្រឹងប្រែង បណ្ដុះការយល់ដឹងពីតម្លៃពិតនៃសិល្បៈភាពយន្ត ដើម្បីក្លាយខ្លួនជាអ្នកបន្ដវេនខ្សែភាពយន្តកម្ពុជាឲ្យកាន់តែរីកចម្រើន»។
ចំណែកលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋាន សិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ឲ្យដឹងថា ការប្រកួតភាពយន្តខ្នាតខ្លីនេះមានការចូលរួមប្រកួតស្នាដៃចំនួន៤១រឿង ក្នុងចំណោម៤១រឿងនោះយើងជ្រើសរើសចំរាញ់យកតែ៦រឿងទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកបានបន្តថា ខ្សែភាពយន្តទាំង៤១ស្នាដៃនេះ នឹងត្រូវបានគណៈកម្មការចំនួន៧រូប សុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំលើវិថីសិល្បៈ ធ្វើការដាក់ពិន្ទុប្រកបដោយសុក្រិតភាព និងយុត្តិធម៌។
លោកបន្ថែមទៀតថា ក្នុងចំណោម៦រឿងនឹងត្រូវចំរាញ់យកតែ៣រឿងប៉ុណ្ណោះដើម្បីទទួលបានជ័យលាភីលេខ១, លេខ២ និងលេខ៣ដោយជ័យលាភីលេខ១ទទួលបានពានមាសមួយ និងទឹកប្រាក់ចំនួន១២លានរៀល, លេខ២ទទួលបានពានប្រាក់១ និងទឹកប្រាក់៨លានរៀល និងលេខ៣ទទួលបានពានសំរិទ្ធ១ និងទឹកប្រាក់៤លានរៀល។
គួរបញ្ជាក់ថា ការប្រកួតមហោស្រពភាពយន្តខ្នាតខ្លីកម្ពុជាលើកទី២នេះ ធ្វើឡើងក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅរកភាពយន្តខ្នាតវែង» ក្នុងគោលបំណងជំរុញលើកទឹកចិត្តយុវជន ក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិតដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យភាពយន្តជាតិ ឲ្យតែល្អប្រសើរ និងល្បីល្បាញលើឆាកជាតិ និងអន្តរជាតិ៕
Source: Kampuchea Thmey Daily
0 Comments