ភ្នំពេញ ៖ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញដល់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់ ត្រូវកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញវិជ្ជាជីវៈ លើវិស័យធានារ៉ាប់រង ដើម្បីជួយលើកស្ទួយដល់វិស័យធានារ៉ាប់រងនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត ខណៈចំណេះដឹងរបស់ប្រជាពលរដ្ឋលើវិស័យនេះនៅមានកម្រិតនៅឡើយ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីអាជីវកម្មធានារ៉ាប់រង ក្រោមប្រធានបទនិន្នាការបច្ចុប្បន្ន នៃវិស័យធានារ៉ាប់រង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ លោ ក ប៊ូ ច័ន្ទភីរូ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានណែនាំដល់ក្រុមហ៊ុនធានារ៉ាប់រងត្រូវបង្កើនចំណេះដឹងវិជ្ជាជីវៈដល់បុគ្គលិកធានារ៉ាប់រងផងដែរ ទាក់ទិននឹងជំនាញវិជ្ជាជីវៈផ្នែកគណនាតម្លៃហានិភ័យធានារ៉ាប់រង ជំនាញអភិវឌ្ឍន៍ផលិតផល ការវិភាគហានិភ័យ និងចេញប័ណ្ណសន្យារ៉ាប់រង និងការគ្រប់គ្រងទ្រព្យកម្ម និងបំណុលដែលជាធាតុសំខាន់ៗសម្រាប់វិស័យធានារ៉ាប់រងដើម្បីធ្វើយ៉ាងណាដើរឲ្យទាន់សម័យកាលបដិវត្តឧស្សាហកម្មជំនាន់ទី០៤ ដែលពឹងផ្អែកទៅលើបច្ចេកវិទ្យា។
លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា «ក្នុងបរិបទ នៃការវិវត្តន៍ឥតឈប់ឈរ នៃទីផ្សារធានារ៉ាប់រងវាចាំបាច់ណាស់ដែលប្រតិបត្តិករធានារ៉ាប់រង ត្រូវពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជាប្រចាំទាំងសមត្ថភាពធនធានមនុស្ស ទាំងសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកប្រើប្រាស់ឲ្យបានទាន់ពេលវេលា។
លោកបានឲ្យដឹងទៀតថា ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជាបានរីកចម្រើនគួរឲ្យគត់សម្គាល់ដែលផ្ដើមចេញពីធានារ៉ាប់រងទូទៅរហូតដល់ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូចនៅក្នុងឆ្នាំ២០១២។
ជាលទ្ធភាពក្រុមហ៊ុនធានារ៉ាប់រងមានការកើនឡើងជាលំដាប់ ហើយបុព្វលាភធានារ៉ាប់រងសរុបនៅក្នុងឆ្នាំ២០១៧កន្លងទៅ មានប្រមាណ១៥៣លានដុល្លារអាមេរិក កើនឡើង២៧,២ភាគរយ ធៀបនឹងឆ្នាំ២០១៦។
ដោយឡែក គិតត្រឹមត្រីមាសទី០៣ ឆ្នាំ២០១៨ បុព្វលាភធានារ៉ាប់រងសរុបទទួលបានប្រមាណ១៤៣លានដុល្លារ កើនឡើងប្រមាណ២៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។
លោកបានមានប្រសាសន៍ថា ចំណែកក្រសួងបានពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារឲ្យកាន់តែមានស្តង់ដារខ្ពស់ស្របតាមភាពចាំបាច់ នៃការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជា ព្រមទាំងបង្កើនការយល់ដឹងដល់សាធារណជន និងប្រតិបត្តិករជាដើម នឹងធ្វើការតាមដានជាប្រចាំដល់ក្រុមហ៊ុនទាំងនោះ រួមទាំងការប្រមូល និងគ្រប់ គ្រងថវិកាពីអតិថិជនដោយរបៀបណានៅពេលដែលមានហានិភ័យហិរញ្ញវត្ថុក្រុមហ៊ុននោះមានលទ្ធភាពសងដល់អតិថិជន។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានមានប្រសាសន៍ថា ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងធនធានមនុស្សនៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជា នឹងជួយលើកកម្ពស់ក្នុងការផ្តល់សេវាកម្ម និងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងចីរភាព នៃការអភិវឌ្ឍន៍ទីផ្សារធានារ៉ាប់រងនៅកម្ពុជាបន្ថែមទៀត។
លោកបានបន្តថា សមាគមបាននិងកំពុងប្រឹងប្រែងគ្រប់លទ្ធភាព ដោយសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រតិបត្តិករធានារ៉ាប់រង និងភាគីពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុក ដើម្បីរៀបចំជាវេទិកា ឬសិក្ខាសាលា ដើម្បីបណ្ដុះបណ្ដាលដល់បុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រង។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១១ ធានារ៉ាប់រងអាយុជីវិត០៧និងធានារ៉ាប់រងខ្នាតតូច០៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន០១៕
Source: Kampuchea Thmey Daily
0 Comments