Ad Code

បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​០១​ខ្សែ ​ប្រវែង​៥៤៤​ម៉ែត្រ​ជូន​ពលរដ្ឋ​ប្រើប្រាស់



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ រួម​ជា​មួយ​មន្ត្រី​រាជកា​រ​ខណ្ឌ សង្កាត់ ភូមិ បាន​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ចំនួន ០១​ខ្សែ ប្រវែង ៥៤៤​ម៉ែត្រ ទទឹង ០៥​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុងភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ប្រើប្រាស់។



លោក​អភិបាលខណ្ឌ បាន​ធ្វើ​ការ​លើក​ឡើង​អំពី​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយគ្នា​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​បាន​គិតគូរ​អំពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។



ផ្លូវ​បេតុង​ថ្មី ០១​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ ប្រកបរបរ​ចិញ្ចឹមជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ផ្តល់​សោ​ភណ្ឌ​ភាព​នៃ​ការរស់នៅ​ផងដែរ​។



លោក​អភិបាលខណ្ឌ បាន​ធ្វើ​ការ​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រៃស ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ភ្លូកទឹកភ្លូកដី ដើម្បី​សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព ការអភិវឌ្ឍ និង​សុខសន្តិភាព​។



លោក​អភិបាល​ក៏បាន​ណែនាំ ដល់​ក្រុមហ៊ុន​សូម​យកចិត្តទុកដាក់​អនុវត្ត​គម្រោង​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ហើយ​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់ ដើម្បី​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់ ជាមួយគ្នា​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូលរួម​សហការ​ចំពោះ​ផល​ប៉ះពាល់​តិចតួច ដែល​បណ្តាល​មក​ពី​ការស្ថាបនា​ផ្លូវ ដើម្បី​ឲ្យ​ផ្លូវ​នេះ​បាន​ឆាប់​រួចរាល់ និង​មានគុណ​ភាពល្អ ប្រើប្រាស់​បានយូរ​អង្វែង​។

បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​ការ​លំបាក​របស់​ពួកគាត់ ហើយ​ផ្លូវ​ទាំង​០១​ខ្សែ​នេះ នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពួកគាត់​យ៉ាងច្រើន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu