ភ្នំពេញ ៖ យុវជនប្រុស/ស្រី៣នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ឌុបគ្នាចេញពីរាំកម្សាន្តនៅក្លឹបម្ដុំចាក់អង្រែក្រោម ស្រាប់តែត្រូវក្រុមជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ដេញតាមវាយ និងស្រែកថា ចោរៗ ធ្វើឲ្យជនរងគ្រោះភ័យជិះទៅបុករថយន្តតាក់ស៊ីមួយគ្រឿងពេញទំហឹង បង្កការភ្ញាក់ផ្អើល ភ្លាមនោះសមត្ថកិច្ចក៏ជួយអន្តរាគមន៍តាមចាប់បានជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ យកមកដាក់ទោសតាមច្បាប់។
ករណីហិង្សា និងបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ឈ្មោះ ឡុង ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ចំណែកបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួនបាត់ ទី១-ឈ្មោះ វុធ ភេទប្រុស អាយុ២៨ឆ្នាំ ;និងទី២-ឈ្មោះ ធា ភេទប្រុស អាយុ៣០ឆ្នាំ អ្នកទាំង០២ មុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះទាំង០៣នាក់ ទី១-ឈ្មោះ អឿន តូណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុ ទីលំនៅភូមិ១ ឃុំស្វាយរលំ ស្រុងស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់បាក់ជើងខាងឆ្វេង និងបែកក្រលាន)។ ទី២-ឈ្មោះ កែវ សារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់តុ ទីលំនៅភូមិ១ ឃុំស្វាយរលំ ស្រុងស្អាង ខេត្តកណ្ដាល (រងរបួសធ្ងន់បាក់ជើងខាងឆ្វេង)។ និងទី៣-ឈ្មោះ ជួប ចាន់ឌី ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់បាយ ទីលំនៅផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (របួសស្រាល ប្រអប់ដៃខាងឆ្វេង)។ រីឯវត្ថុតាងចាប់យកពីជនសង្ស័យមាន ៖ ម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌សបិទស្គុតខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-0590។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញក្រុមជនសង្ស័យមានគ្នា០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៌ស បិទស្គុតខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-0590 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ជិះដេញតាមម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខកណ្ដាល1P-8377 ជារបស់ជនរងគ្រោះឌុបគ្នា០៣នាក់ ប្រុស/ស្រី បើកបរស្របទិសដៅគ្នា។
ភ្លាមៗនោះ ខាងម៉ូតូស៊ុយហ្ស៊ីគីនិចនោះ ដេញតាមពីក្រោយ ហើយស្រែកថាចោរ ទើបបង្កឲ្យភាគីជនរងគ្រោះភ័យស្លន់ស្លោ ក៏រេចង្កូតជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន(ជារថយន្តតាក់ស៊ី) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AB-9749 បើកបរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង ទៅបុកពេញទំហឹង បណ្ដាលឲ្យខូចខាតអស់មួយកំណាត់ខាងមុខផ្នែកខាងឆ្វេង។
ចំណែកម៉ូតូហុងដាឌ្រីមវិញ ខូចខាតវៀចកង់មុខ និងដាច់ស្លាកលេខ ភ្លាមៗនោះភាគីខាងជនបង្កហេតុ ឃើញជនរងគ្រោះ០៣នាក់ របួសធ្ងន់/ស្រាល ហើយបម្រុងនឹងឈប់ម៉ូតូ មកវាយម៉ូតូជនរងគ្រោះទៀត តែត្រូវសមត្ថកិច្ចប្រចាំការជួយអន្តរាគមន៍ ទើបឃាត់ខ្លួនបានម្នាក់ យកទៅប៉ុស្តិ៍ចតុមុខភ្លាមៗ។ ចំណែកអ្នករងរបួស ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺមកដឹកយកជនរងគ្រោះទៅសង្គ្រោះ។
បន្ទាប់ពីជនសង្ស័យត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ ដើម្បីសាកសួរ រូបគេបានឆ្លើយសារភាពប្រាប់ថា ខ្លួនទើបតែចេញមកពីក្លឹបម្តុំចាក់អង្រែក្រោម ក្នុងគោលបំណងទៅផ្ទះនៅឯចាក់អង្រែលើ ប៉ុន្តែកំពុងតែជិះតាមផ្លូវ ក៏ត្រូវគេលួចវាយមួយមួក ធ្វើឲ្យបក្ខពួកគេខឹងក៏ដេញវាយជនរងគ្រោះតែម្ដងទៅ ។
ក្រោយពេលកើតហេតុ ខាងម្ចាស់រថយន្តតាក់ស៊ី គាត់មិនចង់ឲ្យមានរឿងរាវច្រើន ក៏សុខចិត្តយករថយន្តទៅជួសជុលដោយខ្លួនឯង ចំណែកជនបង្កវិញត្រូវបានសមត្ថកិច្ចកសាងសំណុំចាត់ការទៅតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments