Ad Code

ចាប់​បាន​ក្មេង​០៨​នាក់ ​ក្នុងចំណោម​១៣​នាក់ ​ដែល​បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​ធំៗ​ នៅ​ពេល​យប់



​កំពង់ឆ្នាំង ៖​ ក្មេង​ទំនើង​ចំនួន​០៨​នាក់ ​ដែល​សុទ្ធតែជា​អ្នកប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួនបាន រួម​ជា​មួយ​ម៉ូតូ​ចំនួន​០៦​គ្រឿង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​គប់​កញ្ចក់​ឡាន នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រលាប្អៀរ និង​ស្រុក​បរិបូណ៌ កាលពី​យប់​ថ្ងៃទី​១២ និង​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ មុននេះ។​

លោក​ឧត្ដមសេនីយ៍​ទោ ឡុ​ច វណ្ណា​រា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ នេះ​ បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ក្រុម​អ្នក​កាសែត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ឲ្យ​ដឹង​ថា​ ក្មេង​ទំនើង​ចំនួន​០៨​នាក់ ក្នុងចំណោម​១១​នាក់ នៅ​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ស្រុក​បរិបូណ៌ ​បាន​ធ្វើការ​តាម​ចាប់ខ្លួនបាន ជាមួយនឹង​ម៉ូតូ​ចំនួន​០៦​គ្រឿង បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​គប់​កញ្ចក់​ឡាន​ធំៗ​ នៅ​យប់ ថ្ងៃ​ទី​១២ និង​១៣​វិច្ឆិកា ក្នុង​នោះ​បណ្ដាល​ឲ្យ​រថយន្ត​ប្រមាណ​២០​គ្រឿង​រងគ្រោះ និង​បុរស​ម្នាក់​បាន​របួស​បែក​ក្បាល។

លោកស្នងការ​បានបញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុងចំណោម​បក្ខ​ពួកគេ​ទាំង​០៨​នាក់​ គឺមាន​ម្នាក់​ជា​មេខ្លោង​ឈ្មោះ អ៊ុំ ច​ន ជា​អ្នក​ចែកចាយ​គ្រឿងញៀន ដែល​បក្ខពួក​គេ​ទាំងអស់គ្នា​ គឺ​សុទ្ធ​ប្រើប្រាស់​គ្រឿង​ញៀន ទើប​ពួកគេ​មាន​ភាពក្លាហាន ​និង​សកម្មភាព​ល្មើស​ខាងលើនេះ ជា​ល្បែង​លេង​កម្សាន្ត​របស់​ពួកគេ។​

លោក ឧត្ដមសេនីយ៍​ត្រី ប៉ុល វុទ្ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​និយាយ​ឲ្យ​ដឹងថា​ នៅ​យប់​ថ្ងៃទី​១២ និង​១៣ ពួក​ជន​ទំនើង​ទាំង​០៨​នាក់​នេះ បាន​ធ្វើ​សកម្មភាព​ពី​ភូមិ​ស្មែ​ត ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀរ ដល់​ព្រំប្រទល់​ស្រុក​បរិបូណ៌ ជាប់​ព្រំប្រទល់​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដោយ​ក្នុង​រយៈពេល​០២​ថ្ងៃនេះ សមត្ថកិច្ច​យើង​ទទួល​ពាក្យបណ្ដឹង​តាម​ទូរស័ព្ទ ពី​ជនរងគ្រោះ​ជាង​២០​នាក់។

ជនសង្ស័យ​ទាំង​០៨​នាក់​នេះ​ មាន ១​-ឈ្មោះ ឌឿ​ន សីហា អាយុ​១៧​ឆ្នាំ ,២​-ឈ្មោះ ខាំ អៀង ម៉ាលី អាយុ​២០​ឆ្នាំ, ៣​-ឈ្មោះ ម៉ា​ល់ ចាន់​រ៉ុង​ អាយុ​១៧​ឆ្នាំ, ៤-​ឈ្មោះ ហ៊​ល សុខ​ចាន់ អាយុ​២០​ឆ្នាំ, ៥​-ឈ្មោះ យឿន ចាន់​ឌី អាយុ​១៨​ឆ្នាំ, ៦​-ឈ្មោះ សៀន កា​រ៉ា​ត អាយុ​១៦​ឆ្នាំ, ៧​-ឈ្មោះ សេង ហាន អាយុ​២០​ឆ្នាំ ,និង​៨​-ឈ្មោះ អ៊ុំ ច​ន អាយុ​៣០​ឆ្នាំ ដែល​ពួកគេ​ទាង​អស់​គ្នា​នេះ នៅ​ក្នុង​ស្រុក​បរិបូណ៌​ទាំងអស់។

ដោយឡែក​បក្ខ​ពួកគេ​២​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន។​

លោកស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ក៏​សុំ​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​ជន​ទំនើង​នេះ សូម​មក​ដាក់​ពាក្យបណ្ដឹង​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់។

ដោយឡែក ​ប្រសិនបើ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ករណីបែបនេះ​ទៀត​នោះ សូមមេត្តា​រាយការណ៍​ជាបន្ទាន់​ជូន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​សហការ​បង្ក្រាប​ជនល្មើស​ឲ្យ​បាន​ទាន់ពេលវេលា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu