•សុខ សុវណ្ណ សាកកណ្ដាប់ដៃជាមួយ ភុន សោភ័ណ្ឌ
អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជា ឯម ឡេងលី ក្លិបថ្មគោលពោធិសែនជ័យ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃចំណូលថ្មី Phat Manyលើសង្វៀនSEATV នាព្រឹកថ្ងៃអាទិត្យទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។ Phat Many អ្នកប្រដាល់ថៃរូបនេះ ជាអ្នកចំណូលថ្មីពុំធ្លាប់មកវាយនៅស្រុកខ្មែរទេ កន្លងមក។
យ៉ាងណា Phat Many ជាជើងខ្លាំងមួយរូបនៅស្រុកថៃ។ បើតាមប្រវត្តិរបស់ Phat Many គេមិនជាខ្លាំងនិងល្បីឈ្មោះប៉ុន្មានទេនៅស្រុកថៃនោះ។ Phat Many មានកំណត់ត្រាប្រកួតចំនួន៥៦លើក ឈ្នះ៥០លើក ចាញ់០៥លើក និងស្មើ០១លើក។ ដូច្នេះ ឯម ឡេងលី ប្រហែលជាមិនលំបាកតតាំងនោះទេ ។
ទោះជាយ៉ាងនេះក្តី ឯម ឡេងលី មិនអាចធ្វេសប្រហែស ឬមើលងាយPhat Many បានឡើយ។ ឡេងលី មានកំណត់ត្រាប្រកួតតែ៤៤លើក ឈ្នះ៣៥លើក ចាញ់០៨លើក ស្មើ០១លើក។ ប៉ុន្តែយ៉ាងណា Phat Many មិនជាខ្លាំងដូចKhun Phen នោះឡើយ។
ចាំមើល ឯម ឡេងលី អាចយកឈ្នះ Phat Many បានឬអត់?។ ឯម ឡេងលី គេប្រកួតជាមួយថៃចុងក្រោយនេះ បានផ្ដួលយកឈ្នះអ្នកប្រដាល់ជើងខ្លាំងថៃឈ្មោះ Khun Phen ក្នុងទឹកទី១ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។
សុខ សុវណ្ណ អ្នកប្រដាល់ជើងចាស់ក្លិបកងពលធំអន្តរាគមន៍លេខ២ និងជាម្ចាស់ខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ភុន សោភ័ណ្ឌ អ្នកប្រដាល់ក្លិបនាគរាជមានជ័យ។ ពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ដែលជួបគ្នាទេកន្លងមក។
សុខ សុវណ្ណ ជាអ្នកប្រដាល់ជើងចាស់ គេមានកណ្ដាប់ដៃខ្លាំង រហ័ស និងលឿន ពិសេសស្នៀតទាត់របស់គេ គឺអស្ចារ្យតែម្ដង។ គូប្រកួតឲ្យតែហ៊ានប្រហែស អាចនឹងត្រូវសុវណ្ណទាត់ឲ្យសន្លប់មិនខាន។
តែអ្នកប្រដាល់រូបនេះ មានចិត្តឆេវឆាវ និងមិនសូវគោរពបទបញ្ជាប្រកួតនោះឡើយ។ សុខ សុវណ្ណប្រកួតចុងក្រោយនេះ វាយឈ្នះ ថន វាសនា អ្នកប្រដាល់ក្លិបនាគរាជមានជ័យដោយពិន្ទុ។
ចំពោះ ភុន សោភ័ណ្ឌ គេជាអ្នកប្រដាល់ជើងចាស់ដែរ។ អ្នកប្រដាល់រូបនេះ មានស្នៀតទាត់ល្អដូចសុវណ្ណដែរ។ ហើយមួយទៀត សោភ័ណ្ឌ គេមានកណ្ដាប់ដៃខ្លាំង ហើយសមត្ថភាពបច្ចេកទេស ក៏ប្រហាក់ប្រហែលនឹងសុវណ្ណដែរ។ តែគេអន់ខ្សោយកម្លាំងស៊ុហ្វ។
ទោះជាយ៉ាងនេះក៏ដោយ ក៏ សុវណ្ណ មិនទាន់ប្រាកដថា អាចយកឈ្នះ សោភ័ណ្ឌ បាននោះដែរ។ ចាំមើល តើ ភុន សោភ័ណ្ឌ អាចយកឈ្នះ សុខ សុវណ្ណ បានឬអត់?។ ភុន សោភ័ណ្ឌ ប្រកួតចុងក្រោយនេះ គេវាយស្មើពិន្ទុជាមួយ ធា នុរាជ ក្លិបមកុដរាជសីហ៍។
ឌឹម សារិទ្ធ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវជួបប្រកួតជាមួយ សយ សុខ អ្នកប្រដាល់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ នេះជាការជួបគ្នាលើកដំបូងរបស់អ្នកប្រដាល់ទាំងពីរ។
សារិទ្ធ ជាអ្នកប្រដាល់ថ្មីស្រករក្រោយ តែគេវាយល្អ និងស៊ូចំពោះការប្រកួត ហើយពិសេសនោះ គឺគេមានផ្លែល្អ។ ការប្រកួតកន្លងមក មិនសូវដែលចាញ់នោះទេ។ ចំណែក សយ សុខ ថ្វីត្បិតតែគេស្គាល់សង្វៀនមុន សារិទ្ធ ប៉ុន្តែមិនជាខ្លាំង និងរំពឹងថា វាយឈ្នះ ឌឹម សារិទ្ធ នោះឡើយ។
គឿម សុវណ្ណារ៉ា អ្នកប្រដាល់ក្លិបឃ្លាំងមឿងកីឡា នឹងជួបប្រកួតជាមួយ សាន សំអុន អ្នកប្រដាល់ក្លិបអារុណរះកីឡា ដោយជួបប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាមដែរ។ ពីរនាក់នេះ ក៏មិនធ្លាប់ប៉ះគ្នាដែរកន្លងមក។ អ្នកប្រដាល់ទាំងពីរនេះ អ្នកណាឈ្នះអ្នកណាចាញ់នោះ មិនអាចទស្សន៍ទាយមុនបានឡើយ។
ចំណែក ឈុន ប្រាក់កាក់ អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ ផុន សុខវិបុល អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ។ ពួកគេទាំងពីរប្រកួតគ្នាក្នុងទម្ងន់៤៨គីឡូក្រាម។ អ្នកប្រដាល់ទាំងពីរនេះ មិនធ្លាប់ដែលជួបគ្នាទេពីមុនមក។ ដូច្នេះការជួបគ្នាលើកនេះ ជាការជួបលើកទី១របស់ពួកគេទាំងពីរនាក់។ ចាំមើល តើនរណាជាអ្នកឈ្នះ នៅក្នុងការជួបគ្នានេះ?៕
Source: Kampuchea Thmey Daily
0 Comments