ភ្នំពេញ ៖ សម្រាប់រាជធានីភ្នំពេញ នៅពេលបច្ចុប្បន្ននេះយានយន្តបានកើនឡើងខ្ពស់រហូតដល់ជាង២លាន១៩ម៉ឺនគ្រឿង។ ការកើនឡើងបែបនេះ ក៏ព្រោះតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចេះតែកើនឡើង ដែលបានធ្វើឲ្យចរាចរណ៍នៅក្នុងទីក្រុងមួយនេះ ប្រឈមទៅនឹងការកកស្ទះរាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងធ្វើការដោះស្រាយហើយ។
មន្ត្រីនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០១៨ ចំនួនយានយន្ត នៅរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់ជាង២លាន១៩ម៉ឺនគ្រឿង ក្នុងនោះចំនួនរថយន្តគ្រប់ប្រភេទ មានចំនួន៤៨ម៉ឺនគ្រឿង ម៉ូតូមានចំនួន១លាន៧០ម៉ឺនគ្រឿង និងរ៉ឺម៉កកង់បី មានចំនួន១ម៉ឺន១ពាន់គ្រឿង”ដែលបានចុះបញ្ជី។ ដោយសារចំនួនយានយន្តមានការកើនឡើងនេះហើយ ធ្វើឲ្យគ្រប់ផ្លូវ ក្នុងរាជធានី ភ្នំពេញ មានការកកស្ទះចរាចរណ៍ជាខ្លាំង នឹងជារៀងរាល់ថ្ងៃ។
ក្រៅពីនេះ នៅកត្តាជាច្រើនទៀតដែលនាំឲ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានី ដូចជាអ្នក បើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ ប្រជាពលរដ្ឋមួយចំនួន រំលោភយកផ្លូវ និងចិញ្ចើម ផ្លូវធ្វើអាជីវកម្មធ្វើជាចំណតផ្ទាល់ខ្លួនផងដែរ។ សម្រាប់ទូទាំងប្រទេសវិញ បើយោងតាមរបាយការណ៍នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញឲ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០១៨ ចំនួនយានយន្ត មានចំនួន៤៥២២១១៩គ្រឿង ក្នុងនោះសម្រាប់ម៉ូតូមានចំនួន៣៨៦៥២៨៩គ្រឿង និងរថយន្តចំនួន៦៥៦៨៣០គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments