ភ្នំពេញ ៖ លោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនិងលោកអែម សុខលាងប្រធានក្រុមប្រឹក្សាខណ្ឌបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជីកដាក់ប្រព័ន្ធលូបង្ហូរទឹកអមសង្ខាងផ្លូវ ចូលភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកពេជ្រ កែវមុនី បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ លោកមានក្តីរំភើបរីករាយពេលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ក្នុងពិធីបើកការដ្ឋានជីកដាក់ប្រព័ន្ធលូ ដែលមានមុខកាត់ធំរហូតដល់ទំហំ៨តឹក។ ផ្លូវចូលភូមិព្រែកតាគង់១ យើងនេះពីដើមមកក៏មានប្រព័ន្ធលូបង្ហូរទឹកអមសង្ខាងផ្លូវនេះដែរ ប៉ុន្តែគ្រាន់តែមានទំហំតូច មិនអាចឲ្យទឹកហូរបានលឿនពេលមានភ្លៀងធ្លាក់ខ្លាំង។
តែបើភ្លៀងធ្លាក់ល្មមៗ គឺមិនអាចលិចលង់ផ្លូវនេះនោះទេ។ ហើយជាក់ស្តែងនៅរដូវវស្សាឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់ខ្លាំងញឹកញាប់ ដែលធ្វើឲ្យទឹកហូរចូលលូមិនទាន់ក៏បានលិចលង់ផ្លូវដែលបង្កឲ្យប្រជាពលរដ្ឋយើងមានការលំបាកក្នុងការធ្វើដំណើរពេលភ្លៀងធ្លាក់ខ្លាំង។
លោកអភិបាលខណ្ឌមានជ័យបានបញ្ជាក់ជូនប្រជាពលរដ្ឋថា បើការជីកដាក់ប្រព័ន្ធលូថ្មីនេះរួចរាល់ហើយគឺតំបន់នេះលែងព្រួយបារម្ភ ក្នុងការលិចលង់ផ្លូវដូចពេលកន្លងមកទៀតហើយព្រោះមុខលូថ្មីនេះមានទំហំមុខកាត់រហូតដល់៨តឹក ដែលថវិកាចំណាយគឺជាថវិកាមូលនិធិសង្កាត់សម្រាប់ឆ្នាំ២០១៨៕
Source: Kampuchea Thmey Daily
0 Comments