ភ្នំពេញ ៖ ជនសង្ស័យជំនាញខាងឆក់ទ្រព្យសម្បត្តិរបស់ជនបរទេសម្នាក់ ខណៈជិះម៉ូតូធំម៉ាកXR ដែលមានតម្លៃរាប់ពាន់ដុល្លារ ត្រូវជាប់អន្ទាក់របស់កម្លាំងនគរបាលខណ្ឌដូនពេញ ក្រោយពីធ្វើសកម្មភាពបានសម្រេចហើយ តែព្រះមិនជួយ ពេលបើករត់ទៅបុកនឹងម៉ូតូអ្នកដំណើរ១គ្រឿងទៀតដួលប្រកាច់ត្រូវចាប់បានភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូប)នេះ បានកើតឡើងវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ៣៦៩អឺ០ នៅផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យមានបក្ខពួកចំនួន០៣នាក់ ជិះម៉ូតូចំនួន០៣គ្រឿង (ម្នាក់០១គ្រឿង) ដោយពេលនោះ ជនសង្ស័យម្នាក់ឈ្មោះ ជា អ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ ដែលជិះម៉ូតូ XR ពណ៌ក្រហម បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិកូរ៉េម្នាក់ ភេទប្រុស អាយុ៤៦ឆ្នាំ ដែលកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ពីទិសខាងត្បូងទៅជើង បានសម្រេចដាក់លើម៉ូតូ។ ពេលនោះជនរងគ្រោះបានស្រែកឆោឡោត្រូវបានកម្លាំងប៉ុស្តិ៍ និងខណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដែលកំពុងល្បាតនៅក្បែរនោះឃើញ បានជិះម៉ូតូដេញតាមពីក្រោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ជា អ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាអ្នកជិះម៉ូតូធ្វើសកម្មភាពឆក់ រួមជាមួយវត្ថុតាងកាបូបជនរងគ្រោះ និង មធ្យោបាយម៉ូតូម៉ាក XR ពណ៌ក្រហម របស់ជនសង្ស័យជិះធ្វើសកម្មភាព នាំមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ចំណែកបក្ខពួកចំនួន០២នាក់ទៀតជាអ្នកជិះម៉ូតូបិទគូថបានជិះគេចខ្លួន។
សមត្ថកិច្ចផ្នែកជំនាញបានឲ្យដឹងទៀតថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា អ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២២បេ ផ្លូវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FS-3148 លេខតួ២០០១៩៧៩ លេខម៉ាស៊ីន៤៤០៥២៣២ កាបូបដៃពណ៌សូកូឡាមួយ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ(ជារបស់ជនសង្ស័យ)។ កាបូប ពណ៌ខ្មៅមួយ មានIpad4 ពណ៌ប្រផេះមួយ,កាសទូរស័ព្ទដៃ ពណ៌ខ្មៅ ម៉ាកJABRA មួយ,កាបូបលុយ ពណ៌ខ្មៅមួយ (បានប្រគល់ជូនជនរងគ្រោះជាបណ្ដោះអាសន្នវិញ)។
ជនរងគ្រោះឈ្មោះ KIM JAEMOON ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M62106352 ស្នាក់នៅផ្ទះសំណាក់អូហាណា ផ្ទះលេខ០៤ ផ្លូវលេខ១៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមុខ សមត្ថកិច្ច បាននិងកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ បន្តយកបក្ខពួកនៅសេសសល់ ព្រមទាំងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសនៅតាមភូមិសាស្ត្រ បណ្ដាខណ្ឌផ្សេងៗកន្លងមក។ ទិសដៅបន្ត កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បន្តពង្រឹង និងជំរុញ ការអនុវត្តទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញជាប់ជាប្រចាំ៕
Source: Kampuchea Thmey Daily
0 Comments