Ad Code

ពលរដ្ឋ​ ដែល​កើតមាន​អាការៈ​រាក​ក្អួត​ក្នុងស្រុក​អូរ​ជុំ កើន​ឡើង​ដល់​ចំនួន​២០៣​នាក់



​រតនគិរី ៖ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ ​រស់នៅ​ក្នុងភូមិ​ល្អើ​ន​ក្រើន និង​ភូមិ​ល្អើ​ន​ជន ស្ថិតក្នុង​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ដែល​កើតមាន​អាការៈ​រាគ​ក្អួត និង​ធេងធោង ​ចាប់តាំងពី​ថ្ងៃទី​០១ ដើមខែ​វិច្ឆិកា​នេះ បាន​បន្ត​កើនឡើង​កាន់តែច្រើន​ដល់​ចំនួន​២០៣​នាក់ ដែល​បាន​បង្ក​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ទាំងចាស់ និង​ក្មេង ក្នុងភូមិ​ទាំងនេះ ជាពិសេស​គឺ​ភូមិ​ល្អើ​ន​ក្រើន ដែលមាន​ចំនួន​អ្នក​កើតមាន​អាការៈ​ដូចនេះ​រហូតដល់​១៧៩​នាក់។​

​នេះ​បើតាម​ការបញ្ជាក់​ពី​ លោក យ​ន ជាង មាន​អាយុ​៣០​ឆ្នាំ ជា​បងប្អូន​ជនជាតិដើម​ភាគតិច​ទំពួន មាន​តួនាទី​ជា​អនុ​ប្រធាន​ភូមិ​ល្អើ​ន​ក្រើន ដែល​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​យើង​ដឹង​នា​ថ្ងៃ​ទី​០៩​វិច្ឆិកា​នេះ។​

​អនុប្រធាន​ភូមិ​ល្អើ​ន​ក្រើន​រូបនេះ បាន​រៀបរាប់​ទៀតថា កាលពីដើម​ខែ​វិច្ឆិកា​នេះ ដំបូង​ឡើយ ​អ្នក​ដែល​កើតមាន​អាការៈ​ដូចនេះ​មាន​ចំនួន​តិចតួច​នោះ​ទេ ប៉ុន្តែ​រហូតដល់​ថ្ងៃទី​០៨​វិច្ឆិកា ក្នុង​ពិធី​បុណ្យ​សព អាការៈ​ដូចនេះ​បាន​បង្ក​កើត​ឡើងដល់​អ្នកភូមិរ​ហូត​ដល់​ចំនួន​១៧៣​នាក់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​វិច្ឆិកា​នេះ​ដែរ ក៏​បន្ត​កើន​ឡើងដល់​ចំនួន​២០៣​នាក់​តែម្ដង​។​

​អនុ​ភូមិ​ដែលជា​ជនជាតិ​ទំពួន​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​មាន​ករណីបែបនេះ​កើតឡើង​ហើយ​នោះ អាជ្ញាធរ​មាន​សមត្ថកិច្ច រួមទាំង​មន្ត្រី​សុខាភិបាល​ខេត្ត ក៏បាន​ជួយ​អន្តរាគមន៍ ជួយ​ដឹកបញ្ជូន​ជន​រង​គ្រោះ​ទាំងនោះ​ទៅកាន់​មណ្ឌល​សុខភាព ដើម្បី​ជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​ផងដែរ ដោយ​ពុំ​មាន​នរណាម្នាក់​រងគ្រោះ​ដល់​បាត់​បង់ជីវិត​នោះទេ។​

​ទន្ទឹម​ហ្នឹង​មាន​ករណីនេះ​កើតឡើង​ហើយ​នោះ អនុប្រធាន​ភូមិ​ល្អើ​ន​ក្រើន​រូបនេះ ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រួមទាំង​មន្ទីរ​សុខាភិបាល​ខេត្ត ឲ្យ​ជួយ​ធ្វើ​សិក្សា​ស្រាវជ្រាវ និង​កោសល្យ​វិច័យ ថា​តើ​មកពី​បញ្ហាអ្វី​ឲ្យ​ពិតប្រាកដ។

​ទន្ទឹម​ហ្នឹង​ការអំពាវនាវ​នេះ រូបលោក ក៏បាន​ទទួលស្គាល់ថា​ ប្រជាពលរដ្ឋ​ក្នុងភូមិ​របស់គាត់​មាន​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​ចំណី និង​អនាម័យ នៅមានកម្រិត។​

​លោក ប៉ាវ ប៉េង​ហ៊ួ​ត អាយុ​៣៧​ឆ្នាំ ជា​បងប្អូន​ជនជាតិ​ទំពួន រស់នៅក្នុង​ភូមិ​ល្អើ​ន​ក្រើន បានលើក​ឡើង​ឲ្យ​ដឹង​ដែរ​ថា កន្លងមក ក្នុងភូមិ​របស់​ពួកគាត់​ពុំដែល​កើតមាន​បញ្ហា​ដូចនេះ​កើតឡើង​នោះទេ នេះ​គឺជា​លើក​ទី​១​ហើយ។​

​ទាក់ទង​ទៅ​ហ្នឹង​ករណី​ខាងលើនេះ លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី បាន​ឲ្យ​ដឹង​តាម​ការ​សន្និដ្ឋាន​ជាបឋម​ថា ជា​ករណី​កង្វះ​អនាម័យ​ម្ហូបអាហារ ខណៈ​ដែល​អ្នកភូមិ​ទាំងពីរ​ខាង​លើ បាននាំគ្នា​ចូលរួម​ពិធី​បុណ្យ​សព ដោយ​បាន​រៀបចំ​ពិធី​សែន​ព្រេង​តាមបែប​ប្រពៃណី​របស់​បងប្អូន​ជាតិ​ដើម​ភាគតិច ដោយ​មានការ​ចម្អិន​អាហារ​ដោយ​ការ​កាប់​ក្របី និង​ម្ហូបចំណី​ផ្សេងទៀត ដើម្បី​ស្រស់​ស្រូប​អាហារ​ជុំ​គ្នា​នា​ពិធី​បុណ្យ​សព​នោះ។​

ទន្ទឹម​ហ្នឹង​នោះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រូប​នេះ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​ចំណីអាហារ ដោយ​ចាំបាច់​ត្រូវតែ​អនុវត្តន៍​ឲ្យ​បានជា​ប្រចាំ​នូវ​ការ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu