Ad Code

ក្មេង​អាយុ​១១​ឆ្នាំ​ម្នាក់ ហក់​ឡើង​ជិះ​គោយន្ត​កន្ត្រៃ អកុសល​រអិល​ជើង​ធ្លាក់​បាក់.ក​ ស្លាប់​



រតនគីរី ៖ ក្មេង​ប្រុស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​បំផុត ខណៈ​ដែល​ហក់​ឡើង​ជិះ​ពីក្រោយ​គោយន្ត​កន្ត្រៃ ដែល​កំពុង​បើកបរ ស្រាប់តែ​រអិល​ជើង​ធ្លាក់​បោក​ក្បាល​មក​ដី​តែម្ដង។​

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែកត្តិក ឆ្នាំ​ច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ស្ថិតនៅ​ក្នុង​ភូមិ​ប៉ាត​ត់ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។​

​បើតាម​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ខាំ ស ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្ស ជនជាតិ​ទំពួន។​

​នគរបាល​បន្ត​ថា ម្ចាស់​គោយន្ត​កន្ត្រៃ​ឈ្មោះ យាំង ខៀវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​ ទាំង​ជន​រង​គ្រោះ និង​ម្ចាស់​គោយន្ត រស់នៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ​ដូចគ្នា។​

​នគរបាល​បាន​បន្តទៀតថា ដោយ​យោងតាម​ការបំភ្លឺ​ពី​ម្ចាស់​គោយន្ត និង​សាក្សី​នៅ​កន្លែងកើតហេតុ​នោះ មុន​ពេល​កើតហេតុ​គោយន្ត​កំពុង​បើកបរ​តាមផ្លូវ ស្រាប់តែ​ក្មេង​ប្រុស​រងគ្រោះ​បាន​រត់​តាម​ពី​ក្រោយ ​ហើយ​ហក់​ឡើង​ជិះ តែ​អកុសល​បណ្ដាល​ឲ្យ​រអិល​ជើង​ធ្លាក់​ផ្កាប់មុខ​ បាក់.ក​ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្ដង​។​

​ក្រោយ​កើតហេតុ​ គោយន្ត​កន្ត្រៃ និង​ម្ចាស់ សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​នោះ​ឡើយ សំអាង​លើ​ទី​១- ក្មេង​ប្រុស​រងគ្រោះ​ជា​អ្នក​បង្កដោយ​ខ្លួនឯង។ ទី​២-ម្ចាស់​គោយន្ត​មិនបាន​បុក​ជនរងគ្រោះ​ដែរ ឯ​សំណង​អ្វី​ក៏​មិនបាន​សង​ទៅ​ជនរងគ្រោះ​ដែរ គ្រាន់តែ​ម្ចាស់​គោយន្ត​ជួយ​ចេញ​ធ្វើ​បុណ្យ​សព​ឲ្យ​អស់​ជាង​មួយ​លាន​រៀល។​

​នគរបាល​ ធ្វើការ​ត្រួតពិនិត្យ​សាកសព​រួច​ ក៏បាន​ប្រគល់​ឲ្យ​ឪពុកម្ដាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ទំពួន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu