បាត់ដំបង ៖ នារីវ័យជំទង់២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅកណ្ដាលទ្រូងផ្លូវ ខណៈដែលកំពុងបើកបរម៉ូតូតាមដងផ្លូវ ស្រាប់តែរថយន្តដែលនៅខាងមុខបត់ឆ្វេងដោយមិនបានផ្ដល់សញ្ញា ទើបបណ្តាលឲ្យម៉ូតូដែលកំពុងបើកនៅពីក្រោយ បុកចំពីចំហៀងរថយន្តតែម្ដង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអះអាងថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៣និង៣០នាទីរសៀល លើកំណាត់ផ្លូវជាតិលេខ57B ស្ថិតក្នុងភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូ។
របាយការណ៍បានបន្តថា រថយន្តបង្កម៉ាកដេវ៉ូ ពណ៌ស គ្មានស្លាកលេខ (រថយន្តលក់ការ៉េម) អ្នកបើកបរឈ្មោះ យ៉ា ឧសភា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយរថយន្តនេះបានធ្វើដំណើរ ពីជើងទៅត្បូង រួចបានបត់ឆ្វេងបម្រុងត្រឡប់ក្រោយ ក៏ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1K9283 អ្នកបើកបរមានឈ្មោះ ជិន ទ្បានីន ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ជ្រឿន នីត ភេទស្រី អាយុ១៦ឆ្នាំ ទីលំនៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ដូចគ្នា ដោយទំាង២នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលផងដែរ។
បច្ចុប្បន្ន រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ៕
Source: Kampuchea Thmey Daily
0 Comments