ក្រុមភ្នំពេញក្រោន សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) ដែលទើបតែងតាំងលោក Leonardo Vitorino ជនជាតិប្រេស៊ីលជាគ្រូបង្វឹកនោះ បានប្រកាសប្រកួតមិត្តភាពកម្តៅសាច់ដុំត្រៀមរដូវកាលថ្មី ខាងមុខហើយ ទោះបីជាអវត្តមានកីឡាករសំខាន់ៗមួយចំនួនក៏ដោយ។
កម្មវិធីប្រកួតមិត្តភាពក្រៅផ្លូវការលើកដំបូង នេះនឹងធ្វើឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទីសៅរ៍ ទី១០ ខែវិច្ឆិកា ចុងសប្តាហ៍នេះ ដោយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នឹងត្រូវបើកទ្វារកីឡដ្ឋាន RSN Stadium របស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីស្វាគមន៍ក្រុមក្រសួងការពារជាតិ ដែលជាផ្នែកមួយ នៃការធ្វើតេស្តសមត្ថភាពកីឡាករថ្មីរៀងៗខ្លួន។ ប្រកួតនេះដែរនឹងបើកឲ្យមហាជនចូលរួមទស្សនាដោយសេរី ផងដែរ។
ក្រុមភ្នំពេញក្រោន ថ្មីៗនេះ បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ។
ទាំងលោកLeonardo Vitorino គ្រូបង្វឹកក្រុមភ្នំពេញក្រោន និងលោក ភា សុភ័ត្រា គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ សុទ្ធតែត្រូវតាមដាន និងត្រួតពិនិត្យសមត្ថភាពកូនក្រុមរបស់ខ្លួន និងសមាជិកថ្មីៗទាំងខ្មែរ និងបរទេស ដែលទើបតែជ្រើសរើសចេញពីក្រុមថ្នាលយុវជន ព្រមទាំងកីឡាករមួយចំនួនដែលកំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងមុន និងសម្រេចបញ្ចូលពួកគេទៅក្នុងក្រុមឈុតធំ ឬយ៉ាងណានោះ។
សម្រាប់ការប្រកួតលីគកំពូលកម្ពុជាឆ្នាំ២០១៨ កន្លងមកនេះ ក្រុមទាំង២ធ្លាប់បានប៉ះគ្នា២លើក ដោយនៅជើងទី១ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមក្រសួងការពារជាតិ ក្នុងលទ្ធផល ២-០ ហើយនៅជើងទី២ វិញក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមភ្នំពេញក្រោន វិញដោយលទ្ធផល ៥-១ ក្នុងជើងទី២៕
Source: Kampuchea Thmey Daily
0 Comments