ព្រះសីហនុ ៖ បើទោះជាថ្នាក់ដឹកនាំខេត្ត ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ស្ថាប័នពាក់ព័ន្ធ ដូចជា មន្ត្រីបរិស្ថាន .រដ្ឋបាល ព្រៃឈើ. យោធាសឹករងខេត្ត. ប៉ូលិស. ប៉េអឹម រួមនឹង អាជ្ញាធរមូលដ្ឋាន ក្នុងគោលដៅ ការពារ ដាច់ខាត ដីតំបន់ អូរថ្ម ភូមិ តាលៈ ដែល ជាតំបន់ ដាំដុះស្តារព្រៃ ឈើឡើងវិញ គេសង្កេត ឃើញថា ភាពអនាធិបតេយ្យ ពីសំណាក់ ប្រជាពលរដ្ឋ ក្រីក្រតូចតាច ត្រូវបានបញ្ចប់ ទាំងស្រុង មិនមានប្រជាពលរដ្ឋណាម្នាក់ ចេញមុខធ្វើការតវ៉ា នោះឡើយ ប៉ុន្តែសម្រាប់លោកឧត្ដមសេនីយ៍ទោ ឈ្មោះ ម៉ៅ មករា ដែល អះអាងថា ខ្លួនជា ជំនួយការ ផ្ទាល់ របស់ ឯកឧត្តម ផ្កាយ ៤ ឈិន ច័ន្ទពណ៌ នោះ នៅមិនទាន់ដកខ្លួន ពីលើទីតាំងដីតំបន់ ហាមឃាត់នៅឡើយទេ ផ្ទុយទៅវិញបែរជា នៅតែបន្ត នាំយកកម្លាំង ប្រដាប់ អាវុធ ទៅធ្វើការ បោះជំរំ ឈរជើង លើដីតំបន់ហាមឃាត់ អូរថ្ម នោះកាន់តែ ច្រើនឡើង ក្នុង គោលដៅរំលោភ បំពាន យក ដីតំបន់នោះ ដដែលជាដដែល ជាហេតុ ធ្វើ ឲ្យមានភាពរាំងស្ទះ ដល់ ដំណើរការ ក្រុមមន្ត្រីជំនាញក្នុងការរៀបចំ ដាំដុះស្តារព្រៃឈើឡើងវិញ។
ជុំវិញបញ្ហាខាងលើនេះ លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា បញ្ហា បុគ្គលឈ្មោះ មករា ខាងលើនេះ លោកបានធ្វើរបាយការណ៍ទៅ ថ្នាក់ដឹកនាំខេត្ត ព្រះសីហនុឲ្យបានជ្រាបរួចហើយ ដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត មានវិធានការតាម ផ្លូវច្បាប់ ប៉ុន្តែត្រង់ថា ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មានវិធានការយ៉ាងណានោះ នៅមិនទាន់ ដឹង នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ដីព្រៃឈើធម្មជាតិ ដែលជាដីរដ្ឋ តំបន់ អូរថ្ម ខាងលើនេះមាន ផ្ទៃដីទំហំ ប្រមាណ ៣២២៨ ហិកតា និង០៣៨អារស្ថិតក្នុងស្រុកចំនួន២ គឺស្រុកព្រៃនប់ និង ស្រុក ស្ទឹងហាវ បានរង ការកាប់បំផ្លាញ យ៉ាងពេញបន្ទុក នៅក្នុងអំឡុង ដើមឆ្នាំ ២០១៨ មុនឧកាសបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រ អាណត្តិទី៦ ដោយមានមនុស្សចំនួន២នាក់ជា មេខ្លោង ធំជាងគេគឺទី១ ឈ្មោះ ជួន ទី មានឋានៈពាក់ផ្កាយមួយ ជាទាហាន មូលដ្ឋានរាម និង មួយទៀត ឈ្មោះ ម៉ៅ មករា មានឋានៈ ផ្កាយ ២ ដែលអះអាងថាខ្លូន ជាជំនួយការផ្ទាល់ របស់ នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ នេះបើតាមការអះអាង របស់ មន្ត្រីរដ្ឋ បាលព្រៃឈើ ដែលបានធ្វើរបាយការណ៍ ដាក់ចូលទៅ ថ្នាក់ដឹកនាំខេត្តព្រះសីហនុកន្លងមក។ ដោយមនុស្ស ជាមេខ្លោង ទាំង២នាក់ខាងលើនេះ បាននាំយកគ្រឿងចក្រ មកធ្វើការឈូសឆាយ ដីតំបន់ ហាមឃាត់តំបន់ខាងលើនេះឆៅៗតែម្តង ហើយសម្រាប់ ប្រជាពលរដ្ឋក្រីក្រដែលមានមុខពាក់ព័ន្ធ បង្កភាពអនាធិបតេយ្យ លើដីតំបន់ហាមឃាត់ ផងដែរនោះ ពួកគេ គ្រាន់ជាមនុស្សដែល គេរៀបចំទុកធ្វើជារនាំងការពារ ពួកគេតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ពេលនេះក្រោយពីរគណៈកម្មការចម្រុះ របស់រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក ស្រ៊ុន ស្រ៊ន អភិបាលរងខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៨ បានធ្វើការបោសសម្អាត និងធ្វើការរុះរើ សំណង់អនាធិបតេយ្យរួចមក គេសង្កេតឃើញថា ក្នុងចំណោមក្រុមអនាធិបតេយ្យ ទាំងអស់ បានដកខ្លួន ចាកចេញ អស់ហើយ គឺនៅសល់តែ មេខ្លោង ឈ្មោះ ម៉ៅ មករា ប៉ុណ្ណោះ ដែល មិនព្រមដកខ្លួនចេញ ផ្ទុយទៅវិញ បែរជានៅតែបន្ត នាំយក ក្រុមប្រដាប់អាវុធ មកឈរ ជើងលើដី តំបន់ហាមឃាត់ដដែលជាដដែល បើទោះជាដឹងថា ផ្ទៃដីទំហំ ប្រមាណ ៣២២៨ ហិកតា និង០៣៨អារ ខាងលើនេះ ក្រសួងកសិកម្ម បានសម្រេច ធ្វើការដាំដុះស្តារដើមឈើ ឡើងវិញ តាម ការស្នើសុំ របស់ រដ្ឋបាលខេត្តព្រះសីហនុក៏ដោយ៕
Source: Kampuchea Thmey Daily
0 Comments