Ad Code

ក្បួន​ជនអន្តោប្រវេសន៍​កត់សម្គាល់​រយៈពេល​មួយខែ​នៃ​ការ​ធ្វើដំណើរ



កាលពី​ថ្ងៃ​អង្គារ ក្បួន​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល ​ដែល​កំពុង​ដើរ​ឆ្លងកាត់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ឆ្ពោះ​ទៅ​សហរដ្ឋអាមេរិក ​បា​នស​ម្គា​ល់​រយៈពេល​មួយខែ​នៅលើ​ផ្លូវ​ជាមួយនឹង​ការដើរ​ពេញ​មួយថ្ងៃ​និង​គ្មាន​ការអបអរ​អ្វី​ទេ​។​

ក្បួន​នេះ​ដែល​បច្ចុប្បន្ន​មាន​ជនអន្តោប្រវេសន៍​ប្រហែល​៥,០០០​នាក់​គឺ​បាន​ចាក​ចេញពី​ទីក្រុង San Pedro Sula នៅក្នុង​ប្រទេស​ហុង​ឌូ​រ៉ា​ស​កាលពី​ថ្ងៃទី​១៣​ខែតុលា​ដើម្បី​គេច​ចេញពី​ភាពក្រីក្រ​និង​អំពើ​ហឹ​ង្សា​។​

ជនអន្តោប្រវេសន៍​ដែល​រហូតមក​ដល់ពេលនេះ​បានធ្វើ​ដំណើរ​ជាង​២,០០០​គីឡូម៉ែត្រ​ហើយ​នោះ​គឺ​កំពុងមាន​ផែនការ​ធ្វើដំណើរ​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ទៀត​និង​ចំណាយពេល​មួយ​យប់​នៅ​រដ្ឋ Sinaloa ដោយ​នៅសល់​ប្រហែលជា​១,៨០០​គីឡូម៉ែត្រ​ទៀត​ពី​ទីក្រុង​ព្រំដែន Tijuana ដែលជា​គោលដៅ​របស់​ពួកគេ​។​

មនុស្ស​ជាច្រើន​បាន​និយាយថា ពួកគេ​បាន​មើលឃើញ​ហេតុផល​តិចតួច​ណាស់​សម្រាប់​ការអបអរ​ក្នុងការ​ឈានដល់​ការកត់សម្គាល់​រយៈពេល​មួយខែ​នៅក្នុង​ការធ្វើដំណើរ​ដ៏​លំបាក​របស់​ពួកគេ​។​

ជនជាតិ​ហុង​ឌូ​រ៉ា​ស Wilson Ramirez អាយុ​៦០​ឆ្នាំ​បាន​និយាយថា “​យើង​មិន​អបអរ​អ្វី​ទាំងអស់​។ តើ​យើង​អាចមាន​ពិធីជប់លៀង​ដោយ​របៀប​ណា​ទៅ​នៅពេលដែល​យើង​គ្មាន​ផ្ទះសម្បែង​ឬ​គ្មាន​ការងារ នៅពេល​យើង​អស់កម្លាំង ឈឺចាប់​និង​ព្រួយបារម្ភ​អំពី​អនាគត​របស់​យើង​?”​។​

នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន អាជ្ញាធរ​អាមេរិក​បាន​បិទ​ចរាចរណ៍​ជាច្រើន​នៅ​ច្រកព្រំដែន​ចំនួន​ពីរ​ពី​ទីក្រុង Tijuana ចូលក្នុង​រដ្ឋ California ដូច្នេះ​យោធា​អាច​ដំឡើង​របាំង​ស៊ីម៉ងត៍​និង​របងលួស​បន្លា​បាន​។​

លោក Trump បាន​បញ្ជា​ឲ្យ​មានការ​ដាក់ពង្រាយ​កង​ទ័ព​រហូតដល់​ទៅ​៩,០០០​នាក់​នៅតាម​ព្រំដែន​ដោយ​ហៅ​ក្បួន​នេះ​ថា​ជា “​ការ​លុកលុយ​” ហើយ​បាន​ព្រមាន​ថា វា​ពោរពេញ​ទៅដោយ “​សមាជិក​ក្រុមជើងកាង​” និង “​ឧក្រិដ្ឋជន​ដែល​រឹងរូស​”​។​

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Jim Mattis បានប្រកាសថា លោក​នឹងធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃ​ពុធ​ទៅកាន់​ទីក្រុង​ព្រំដែន McAllen នៃ​រដ្ឋ Texas ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu