បាត់ដំបង ៖ រថយន្ត និងត្រាក់ទ័រ សរុបចំនួន០២គ្រឿង ត្រូវបានតុលាការចុះធ្វើការរឹបអូសយកមករក្សាទុក ដើម្បីធ្វើការប្រកាសលក់ឡាយឡុង ទៅតាមអំណាច នៃសាលដីកា បន្ទាប់ពីមានការប្ដឹងផ្ដល់គ្នាយ៉ាងស្វិតស្វាញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
តាមការលើកឡើងពី លោក ញិប និន អាជ្ញាសាលា នៃអយ្យកាអមសាលដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា ការអនុវត្តសាលដីកា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទីព្រឹកនេះ គឺជាការចុះអនុវត្តលើកទី០២ហើយ នៅចំណុចភូមិសូភី០២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីបានចុះអនុវត្តម្ដងរួចមកហើយ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៩និង ៣០នាទីព្រឹក ប៉ុន្តែមិនបានសម្រេច ដោយសារតែមានភាពតានតឹងពេក ហើយរូបលោកផ្ទាល់បានដឹកនាំកម្លាំងផ្នែកអនុវត្តដីកា រួមជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់រតនៈ ហើយការចុះអនុវត្តសាលដីកាដើម្បីធ្វើការរឹបអូសទ្រព្យសម្បត្តិនេះ គឺបានធ្វើឡើងព្រមគ្នា ជាមួយនឹងដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៨ តព្រ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ របស់ព្រះរាជអាជ្ញា ប៉ង់ ចាន់សុយុទ្ធារ៉ា អនុវត្តលើ ឈ្មោះ ១.សើ ហ្វារ៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ ២.សើ វ៉ាន់ឌីអៈម៉ាស់ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសូភី០២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចោទប្រកាន់ពីបទ (ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅចំណុចភូមិសូភី០២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៤។
នៅក្នុងការចុះអនុវត្តនេះដែរ គឺ ជនល្មើសបានរត់គេចខ្លួនអស់ ហេតុដូចនេះខាងតុលាការបានបន្តអនុវត្តសាលដីកា នៃតុលាការកំពូល ដែលមានលេខ៣៩៧ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ រឹបអូសទ្រព្យសម្បត្តិ ដែលមានត្រាក់ទ័រមួយគ្រឿង និង រថយន្តតូយូតាហ៊ីលិចមួយគ្រឿង យកទៅរក្សាទុកនៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្ត។
គួររំលឹកដែរថា បញ្ហាទំនាស់គ្នានេះ ជនសង្ស័យទាំង០២នាក់ បានប្រើប្រាស់ដបកូកាកូឡា វាយទៅលើក្បាលជនរងគ្រោះ ឈ្មោះ ហ៊ុំ រ៉ស៊ីឌី បណ្តាលឲ្យបែកដប ទើបគេបានយកសំបកដបដែលបែកនោះ ឆូតទៅលើផ្ទៃមុខខាងឆ្វេង និងគល់ ក បណ្តាលឲ្យរយះជាច្រើនកន្លែង ព្រមទាំងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហួត សុគុណ ដើម្បីព្យាបាល គឺត្រូវដេរអស់ជាង១០០ថ្នេរ។
បន្ទាប់ពីមានការប្ដឹងដល់សាលាឧទ្ធរណ៍ និងតុលាការកំពូលរួចមក ទើបតុលាការកំពូលសម្រេច ផ្ដន្ទាទោសជនល្មើសទាំង០២នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ០២ឆ្នាំ និងបង្គាប់ឲ្យជនទាំង០២ រួមគ្នាសងសំណងទៅជនរងគ្រោះចំនួន៧០លានរៀល ព្រមទាំងបានបដិសេធនូវបណ្ដឹងសាទុក្ខ របស់លោកមេធាវី ការពារឲ្យជនជាប់ចោទទាំង០២ផងដែរ ហើយសម្រេចតម្កល់សាលដីកាព្រហ្មទណ្ឌ
របស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ហើយក៏បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដោយលោកប្រធានក្រុមប្រឹក្សាជំនុំជម្រះ សឹង បញ្ញាវុឌ្ឍ៕
Source: Kampuchea Thmey Daily
0 Comments