ភ្នំពេញ ៖ តារាសម្ដែងប្រុសរូបសង្ហា លេចធ្លោលើសកម្មភាពមនុស្សធម៌ជួយសង្គម លោក អ៊ឹម ជីវ៉ា មុននេះបន្តិច បានបញ្ចេញសារបង្កប់អត្ថន័យចាក់ដោតអារម្មណ៍ខ្លាំងដល់អ្នកគាំទ្រ ទាក់ទងនឹងការគុណធម៌ក្នុងការរស់នៅលើសង្គមបច្ចុប្បន្ន។
ស្របពេលដែលការងារសិល្បៈកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់វ័យនោះដែរ តារាប្រុស លោក អ៊ឹម ជីវ៉ា ជាការកត់សម្គាល់ តែងបង្ហាញវត្តមានការងារសង្គមតាមរយៈការចែករំលែកក្ដីស្រលាញ់ដល់កុមារកំព្រា ចាស់ជរា និងប្រជាពលរដ្ឋជួបខ្វះខាតជាដើម។ ពិសេសជាងនេះទៅទៀត គឺតែងតែឈឺឆ្អាលជួយសម្រួលទុក្ខលំបាកចំពោះអ្នកសិល្បៈដូចគ្នា ដែលមានជំងឺ ឬមានបញ្ហាខ្វះខាតក្នុងគ្រួសារ។
ដោយឡែក បើងាកចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាប្រុស លោក អ៊ឹម ជីវ៉ា ឯណោះវិញថ្មីៗនេះ លោកបានបញ្ចេញសារបង្កប់អត្ថន័យបំផុសស្មារតីមហាជនលើករណី នៃការសាងអំពើល្អសម្រាប់បុគ្គលដែលរស់នៅជុំវិញខ្លួនក្នុងសង្គមតែមួយដូចគ្នា។
លោក អ៊ឹម ជីវ៉ា បានលើកឡើងបែបនេះថា ពេលមានលុយចាយ គឺគេសួរថា យើងធ្វើអ្វី បានលុយមកពីណា? ដល់ពេលយើងក្រគេដៀលថា មកពីគំនិតវាមិនកើត មិនចេះសន្សំ គិតតែដើរចាយ ផឹកស៊ីអត់ប្រយោជន៍ ពេលដើរលើវិថីមួយ អ្នកកុំខ្វល់ពីគេនិយាយ បើអ្នកខ្វល់ពីគេនិយាយ អ្នកនឹងក្រលើសដើម។
តារាសម្ដែងមានប្រជាប្រិយភាព លោក អ៊ឹម ជីវ៉ា បានបន្តទៀតថា ចំណែកសម្រស់អ្នកក៏កាន់តែចាស់ដោយសារស្ដាប់ពាក្យអត់ប្រយោជន៍ច្រើនពេកដូចនេះរស់ក្នុងសង្គម ត្រូវធ្វើជាមនុស្សល្អប្រកបដោយគុណធម៌ ដោយប្រកាន់គោលការណ៍មួយក្នុងការរាប់អាននោះ គឺពាក្យ " បើមានជួយអរ បើក្រជួយថែម" មិនមែនពាក្យ បើមានជួយអរ បើក្រជាន់ថែមឡើយ។
តាមរយៈការបញ្ចេញទស្សនៈពីសំណាក់តារាសម្ដែងប្រុស លោក អ៊ឹម ជីវ៉ា ខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើនបង្ហាញការគាំទ្រ និងបញ្ចេញមតិថា អត្ថន័យរបស់ លោក អ៊ឹម ជីវ៉ា រៀបរាប់មួយឃ្លានេះពិតជាមានន័យអាចធ្វើទស្សនិកជនយកជាគំនិតពិចារណាបានយ៉ាងល្អ៕
Source: Kampuchea Thmey Daily
0 Comments