ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូលព្រះនរាយមុខសាលាខេត្តកណ្ដាលក្នុងភូមិសាស្ត្រខណ្ឌមានជ័យរាជធានីភ្នំពេញ។
លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា ថ្ងៃនេះលោកបានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ និងក្រោម។
ក្នុងគោលបំណងរបស់លោកអភិបាលខណ្ឌចង់ឲ្យប្រជាពលរដ្ឋដែលលោកមានលំនៅដ្ឋានជាប់នឹងដងផ្លូវជាតិលេខ២នេះឲ្យចេះទុកសំរាមតាមលំនៅដ្ឋានមិនត្រូវយកមកចាក់គរលើចិញ្ចើមផ្លូវបង្កឲ្យប៉ះពាល់បរិស្ថានហើយ ម្យ៉ាងទៀតពេលមានខ្យល់ខ្លាំង គឺសំរាមដែលគរចោលនោះត្រូវប៉ើងរប៉ាត់រប៉ាយពេលលើផ្លូវ ពិសេសស្បោងប្លាស្ទិកតែម្ដង។ ចំពោះសំរាមត្រូវរក្សាទុកតាមលំនៅដ្ឋានដោយរង់ចាំរថយន្តប្រមូលសំរាមមកដល់ចាំយកទៅដាក់ក្នុងរថយន្តសំរាមនោះ។
ដោយឡែក បងប្អូនដែលប្រកបអាជីវកម្មមុខលំនៅដ្ឋានសូមមេត្តាដាក់លក់ក្នុងលំនៅដ្ឋានកុំយកចិញ្ចើមផ្លូវដាក់លក់ឲ្យសោះ ព្រោះវាប៉ះពាល់ដល់អ្នកដំណើរថ្មើរជើង។ ដូច្នេះហើយ ទើបអាជ្ញាធរដាក់ជាគំនូសកំណត់ឲ្យដាក់លក់ ចៀសវាងរំលោភយកចំណីផ្លូវដាក់លក់ឥវ៉ាន់បង្កឲ្យជួបការលំបាកដល់អ្នកដំណើរ។ ចំពោះឥវ៉ាន់ដែលត្រូវដាក់លក់កុំចាំបាច់យកមកដាក់ដល់មាត់ផ្លូវខ្លាចក្រែងអ្នកទិញរកមិនឃើញនោះ។ ព្រោះបើគេចង់ទិញ ទោះដាក់ដល់ក្នុងទូ ក៏អ្នកទិញសួររកដែរ។
លោកអភិបាលខណ្ឌមានជ័យ ក៏បានសំដែងការអរគុណដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនធំដែលលោកបានភ្ញាក់រលឹក និងបានស្ម័គ្រចិត្តចូលរួមអនុវត្តិតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរស្ដីពីការថែរក្សាអនាម័យតាមខ្នងផ្ទះ និងផ្លូវសាធារណៈ និងបញ្ហាសណ្ដាប់ធ្នាប់ពិសេសចូលរួមក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព៕
Source: Kampuchea Thmey Daily
0 Comments