ភ្នំពេញ ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៨នេះ នឹងមានការបោះស្តង់សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ ចំនួន១៥ក្រុម និងក្រុមគ្រូពេទ្យចល័ត ចំនួន១៦ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យ ព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ។
វេជ្ជបណ្ឌិត ងី មានហេង ប្រធាន មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ដោយមានការណែនាំពីក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានត្រៀមផែនការពង្រាយគោលដៅទីតាំងសេវាសុខាភិបាល(ស្តង់សុខាភិបាល)ដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋ។
លោកបន្តថា ក្នុងរយៈពេលបួនថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនោះ មានការបោះស្តង់សម្រាប់ពិនិត្យ និងសង្គ្រោះបឋម ចំនួន៨ស្តង់ មានរថយន្តសង្គ្រោះប្រចាំការ ចំនួន១៥ក្រុម និងក្រុមគ្រូពេទ្យចល័ត ចំនួន១៦ក្រុម ដែលមានក្រុមគ្រូពេទ្យសរុបជិត៨០០នាក់ ប្រចាំការប្តូរវេនគ្នា ដើម្បីជួយពិនិត្យ ព្យាបាលជំងឺ ក្នុងនោះក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ។
វេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ការបោះស្តង់ពិនិត្យ និងព្យាបាលសង្គ្រោះបឋមជូនបងប្អូនក្នុងដំណើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនោះ គឺទី១-ស្ថិតនៅកោះពេជ្រ ទី២- ស្ថិតស្តូបមិត្តភាពកម្ពុជា-វៀតណាម ទី៣- ស្ថិតបរិវេណរណសិរ្យផ្នែកខាងកើត ទី៤-ស្ថិតនៅមុខព្រះគម្លង់ ទី៥-ស្ថិតនៅផែថ្មខាងជើងភោជនីយដ្ឋានទីតានិក ទី៦-ស្ថិតនៅទីលានប្រជាធិបតេយ្យ ទល់មុខឃ្លាំងសាំងសូគីមិច ទី៧- ស្ថិតនៅត្រើយខាងកើត ទន្លេសាប នៅខាងជើងគល់ស្ពានជ្រោយចង្វារ និងទី៨-ស្ថិតនៅរង្វង់មូលនាងមច្ឆាគល់ស្ពានបេឡេ។
លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានអការៈ ធីងធោង វិលមុខ ក្អួតចង្អោ ឬបញ្ហាសុខភាពកើតឡើងដោយប្រការណាមួយ សូមប្រញាប់ស្វែងរកស្តង់សុខាភិបាល ដើម្បី បានសំរាកនិងព្យាបាលជំងឺ ដោយឥតគិតថ្ងៃ ដែលមានគ្រួពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។
លោកបន្ថែមថា ក្រៅពីស្តង់រង់ចាំពិនិត្យព្យាបាលជូនបងប្អូន មន្ទីរ បានសហការជាមួយក្រសួងសុខាភិបាល មានរថយន្តចាំសង្គ្រោះអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានក្រុមគ្រូពេទ្យប្តូរវេនគ្នា ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង និងមានរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃ២០ ដល់ថ្ងៃ២៣ខែវិច្ឆិកា។
មានការសន្និដ្ឋានប្រហាក់ប្រហែលគ្នាពីមន្ត្រីពាក់ព័ន្ធនានាក្នុងជួររដ្ឋាភិបាលថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៨នេះ នឹងមានមហាជនចូលរួមច្រើនជាងឆ្នាំមុនៗ គឺដោយសារតែសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានការរីកចម្រើន ស្ថានភាពនយោបាយល្អ មធ្យោបាយធ្វើដំណើរច្រើនសំបូរបែប ប្រព័ន្ធគមនាគមន៍ត្រូវបានជួសជុល និងធ្វើថ្មីបានស្អាត តភ្ជាប់ពីទីជនបទទៅទីប្រជុំជនក្នុងខេត្ត និងតភ្ជាប់ពីខេត្តទៅរាជធានីភ្នំពេញតែម្តង។ ដោយការសន្និដ្ឋានបែបនេះ ទើបធ្វើឲ្យអាជ្ញាធរគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រៀមរៀបចំផែនការលើសពីឆ្នាំមុនៗ ដោយមានទាំងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់និងផ្នែកសុខាភិបាល មានចំនួនច្រើនជាងបណ្តាលឆ្នាំមុនៗ។
គួររំលឹកថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញឆ្នាំ២០១៧កន្លងមកនេះ មានប្រជាពលរដ្ឋ ឈឺក្បាល វិលមុខ ផ្តាសាយ អស់កម្លាំង ចុករាគ និងខ្យល់ចាប់ ចំនួន ១៥.៥៣៧ នាក់ ក្នុងនោះ ប្រុសចំនួន១១.៥០១នាក់ និងស្រីចំនួន៤០៣៦នាក់ ដែលទទួលសេវាពិនិត្យ និងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ -២២ -២៣ ខែវិច្ឆិកា ៕
Source: Kampuchea Thmey Daily
0 Comments