ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរ ជប៉ុនប្រមាណ២សែននាក់ មកទស្សនាប្រទេសកម្ពុជា។ ចំណែកឯភ្ញៀវទេសចរ កម្ពុជាដែលបានទៅទស្សនាប្រទេសជប៉ុនក៏កើនឡើងពី៣សែននាក់នៅឆ្នាំ២០១០រហូតដល់១ម៉ឺន៨ពាន់នាក់ នៅឆ្នាំ២០១៧ផងដែរ។
លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងនៅក្នុងពិព័រណ៍ទេសចរណ៍ជប៉ុនដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអន២សែនសុខ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកឯកអគ្គរាជទូតបន្តឲ្យដឹងទៀតថា ប្រទេសជប៉ុនមានទេសភាព និងធម្មជាតិដ៏អស្ចារ្យជាច្រើន។
ប្រធានបទពិព័រណ៍ទេសចរណ៍ឆ្នាំនេះគឺជាផ្កាសាគូរ៉ា។ ក្នុងមួយឆ្នាំពេលវេលាដែលអាចមើលផ្កាសាគូរ៉ាបាន មានរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ពិព័រណ៍ទេសចរណ៍នេះគឺជាឱកាសដ៏ល្អមួយ ដែលក្នុងពេលដំណាលគ្នាយើងអាចថតរូបជាមួយនឹងដើមផ្កាសាគូរ៉ា ដែលរីកស្គុះស្គាយ និងផ្ទាំងរូបភាពភ្នំហ្វូជី ដែលជានិមិត្តរូបនៃប្រទេសជប៉ុន។
លោក ឯកអគ្គរាជទូតបានជំរុញដល់អស់លោក លោកស្រី អ្នកនាងកញ្ញា ដែលមិនទាន់បានទៅប្រទេសជប៉ុនទេ អាចធ្វើការពិភាក្សាអំពីដំណើរកម្សាន្ត ទៅប្រទេសជប៉ុនបានក្នុងពិព័រណ៍នេះ។ ដូច្នេះសូមរៀបចំគម្រោងទៅកម្សាន្តប្រទេសជប៉ុនកុំបីខាននាពេលឈប់សម្រាកលើកក្រោយ៕
Source: Kampuchea Thmey Daily
0 Comments