សៀមរាប ៖ គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋទូទៅ នៅតែជារឿងសំខាន់មិនអាចធ្វេសប្រហែសបានឡើយ ទើបសាខាកាំកុងត្រូលខេត្តសៀមរាបនៅតែបន្តការចុះត្រួតពិនិត្យនៅតាមទីផ្សារនានានៅក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ និងបានធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឬ អាជីវករ ដើម្បីឲ្យពួកគាត់បានយល់ដឹងពីរបៀបប្រើប្រាស់ ចេះរៀបចំទុកដាក់ និងវេចខ្ចប់ឲ្យបានល្អប្រសើរ ប្រកបដោយអនាម័យខ្ពស់មុននឹងទិញ ឬ ដាក់តាំងលក់នៅតាមទីផ្សារផងដែរ។
ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្ម, អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងផ្សារ ក៏បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើភាពមិនប្រក្រតី នៃទំនិញម្ហូបអាហារទាំងនោះ ដោយបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្សារញ៉ែ(តាភុល) សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលសៀមរាបបានលើកឡើងថា ៖ ដើម្បីការពារឲ្យមានសុវត្ថិភាពដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋនោះ ដូច្នេះមន្ត្រីកាំកុងត្រូលរបស់យើងនៅតែបន្តចុះប្រតិបត្តិត្រួតពិនិត្យស្វែងរកទៅលើរបស់ដែលមានភាពមិនប្រក្រតី នៃម្ហូបអាហារទាំងនោះជាប្រចាំ។ ដោយមានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យមន្ត្រីជំនាញសាខាកាំកុងត្រូល ត្រូវធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ខូចគុណភាព និងហួសសុពលភាព នៅតាមទីផ្សារផ្សែងៗ ជាពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឱ្យបានយល់ដឹងពីសារៈសំខាន់នៃការមើលទំនិញ និងការរៀបចំដាក់តាំងលក់ឱ្យបានត្រឹមត្រូវ និងលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានធ្វើការចុះផ្ទាល់ និងណែនាំផ្ទាល់ ដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ទំនិញដែលគ្មានការអនុញ្ញាត គ្មានផ្លាកសញ្ញាត្រឹមត្រូវ និងទំនិញខូចគុណភាព ហួសសុពលភាព កុំឱ្យមានចរាចរដាក់តាំងលក់នៅលើទីផ្សារ ដែលអាចធ្វើអោយប៉ះពាល់ដល់សុខភាព ខាតបង់ទាំងថវិកា និងពេលវេលាថែមទៀតផង។
លោកបានបញ្ជាក់ថា៖ ដើម្បីឲ្យយើងមានសុខភាពល្អ និងការបរិភោគប្រកបដោយអនាម័យខ្ពស់ សូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងជួយផ្សព្វផ្សាយបន្ត អំពីការយល់ដឹង ដែលមន្ត្រីជំនាញ បានធ្វើការចុះណែនាំជាប្រចាំ សំដៅពង្រឹងការថែរក្សាការពារសុខភាពជាចម្បងក្នុងការរស់នៅនាពេលបច្ចុប្បន្ន និងទៅអនាគត៕
Source: Kampuchea Thmey Daily
0 Comments