Ad Code

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក​ ប្រមាណ​១៧.៩១២​នាក់​ នៅ​ខេត្ត​កណ្ដាល​



​ភ្នំពេញ ​៖ ​នៅវេលា​ម៉ោង​៧​ព្រឹក ​ថ្ងៃទី​២៨​វិច្ឆិកា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិក សរុប​ប្រមាណ​១៧.៩១២​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​១២ នៅក្នុង​ខេត្ត​កណ្តាល។ ពិធី​សំណេះសំណាល​នេះ​បាន​ធ្វើឡើង​នៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល​។​

​រោងចក្រ​សហគ្រាស​ទាំង​១២ ត្រូវបាន​វិនិយោគ​ដោយ​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១០ ​និង​ខ្មែរ​ចំនួន​២។ រោងចក្រ​ទាំងនេះ​មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ចំនួន​៥,​ផលិត​ស្បែកជើង​ចំនួន​១,​ផលិត​បាត​ស្បែកជើង​ចំនួន​១,​បោះពុម្ព​លើ​សំលៀកបំពាក់​ចំនួន​២,​ផលិត​ដែក​សំណង់​ចំនួន​១ ​និង​ផលិត​បារី​ចំនួន​២​។ ផលិតផល​ផលិត​ចេញពី​រោងចក្រ​ទាំងនេះ​ ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​និង​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុងប្រទេស​ផងដែរ។

​បច្ចុប្បន្ន​ ខេត្ត​កណ្ដាល​មាន​រោងចក្រ​សហគ្រាស គ្រឹះស្ថាន​ចំនួន​៤៦៤ មាន​កម្មករ​និយោជិក​ចំនួន ១៥៥.១៣៨​នាក់ ដែលមាន​ប្រាក់​ឈ្នួល សរុប​ប្រមាណ​៣៧២​លាន​ដុល្លារ។ ក្នុងនោះ​រោងចក្រ​កាត់​ដេរ​សំលៀកបំពាក់ ​និង​ផលិត​ស្បែកជើង​ចំនួន​១៧០ មាន​កម្មករ​និយោជិក​ចំនួន​១៣៧.៦៦៤​នាក់ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ជាង​៣៣០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​សូម​បញ្ជាក់​ថា ​ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​ខ្លាំងក្លា​នោះ​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាប់ផ្ដើម​ចុះ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ​កម្មការិនី​ តាំងពី​ថ្ងៃទី ២០​ ខែ​សីហា​ ឆ្នាំ​២០១៧​។

រយៈពេល​ជាង​មួយ​ឆ្នាំនេះ​ សម្ដេច​តេ​ជោ ហ៊ុន សែន ​បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ និយោជិក សរុប​ចំនួន៥៩លើក​ ដែលមាន​អ្នកចូលរួម​សរុប​៨៤១.៩៤៦​នាក់។

សម្រាប់​ខេត្ត​កណ្ដាល​វិញ​ សម្ដេច តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ចំនួន​៨ លើក​ហើយ ​គិត​ទាំង​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ស្អែក​នេះ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu