បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ហ៊ានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយបានយកសាំងស្រោចលើខ្លួនប្រាណ ហើយដុតតែម្តង ដោយការឆាបឆេះនេះ បាននាំយកទាំងផ្ទះ ១ ខ្នងទៅជាមួយផង បន្ទាប់ពីភ្លើងប្រចណ្ឌបានឆាបឆេះឡើង។
ហេតុការណ៍នៃការធ្វើអត្តឃាតនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ១០ នាទី ថ្ងៃត្រង់ នៅចំណុចភូមិ បរិបូរណ៍ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយជនរងគ្រោះមានឈ្មោះចាន់ ចៀន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ។
បើតាមសាក្សី ដែលនៅជិតខាងបាននិយាយថា គ្រួសារនេះ តែងតែមានការឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតអ្នកភូមិគេលេងប្រកាន់ទៅហើយ ដើមចមនៃការឈ្លោះប្រកែកនេះ គឺបណ្តាលមកពីបុរសជាប្តី ជាមនុស្សប្រចណ្ឌគ្មានហេតុផល និងជាមនុស្សញៀនស្រាផងដែរ រហូតមានពេលខ្លះត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅអប់រំថែមទៀតផង។
សាក្សីបានបន្តថា នៅមុនពេលកើតហេតុ គេសង្កេតឃើញប្តី ប្រពន្ធនេះ បានឌុបគ្នាមកពីស៊ីឈ្នួលបេះសណ្តែកអោយគេ ដោយពេលនោះបុរសជាប្តី ហាក់ស្ថិតក្នុងភាពស្រវឹងផង។ នៅពេលមកដល់ភ្លាម គេក៏បានឮមានការឈ្លោះប្រកែកគ្នាភ្លាម ធ្វើអោយស្ត្រីជាភរិយាឈ្មោះ ជា សារឿយ អាយុ៥៧ ឆ្នាំ ចាំបាច់ត្រូវរត់គេចខ្លួនទៅសំងំផ្ទះអ្នកជិតខាង ដើម្បីចៀសវាងការប្រើអំពើហិង្សាមកលើខ្លួន។
ដោយសារតែការបាត់ប្រពន្ធ និងដោយសារភ្លើងប្រចណ្ឌផងនោះ បុរសជាប្តីបានស្រែកជេរទៅលើស្ត្រីឈ្មោះ ខាត ហាច អាយុ៦៧ឆ្នាំ ដែលនៅជាប់របងគ្នាដោយចោទថា ស្ត្រីរូបនោះបានយកប្រពន្ធខ្លួនទៅអោយអា រ៉ែម ផន ដេក ១ យប់ថែមទៀតផង។
មួយសន្ទុះក្រោយមកក៏មានការស្ងប់ស្ងាត់ ហើយក៏ស្រាប់តែមានផ្សែងភ្លើងមួយបានកើតឡើង ឯអ្នកភូមិគិតស្មានថា គាត់នោះដុតខោ អាវប្រពន្ធ ប៉ុន្តែក្រោយមកទើបដឹងថាបុរសរូបនេះបានដុតខ្លួនឯង ដោយឆេះទាំងផ្ទះគ្មានសល់ ក៏មានការឆោឡោឡើង។
សមត្ថកិច្ចបានអះអាងថា ជនរងគ្រោះរូបនេះ ធ្លាប់មានប្រពន្ធចំនួន ២ នាក់មកហើយ ដោយមានបញ្ហាដដែលៗ រហូតប្រពន្ធទី ១ ដែលនៅកូនដំរី ត្រូវបែកបាក់គ្នា រីឯកូនប្រុសដោយសារធុញទ្រាន់ ក៏បានទៅបួសជាសង្ឃទៅ គឺពេលហេតុការណ៍នេះកើតឡើង កូនប្រុសដែលបួសជាសង្ឃក៏បានមកមើលដែរ ឃើញសពឪពុកឆេះអស់ពាក់កណ្តាលខ្លួនទៅហើយ៕
Source: Kampuchea Thmey Daily
0 Comments